ដោយ: សហសេវិក
អន្តរជាតិ: បណ្តាអ្នកអភិវឌ្ឍន៍អចលនទ្រព្យនៅទីក្រុងញូវយ៉កនៃសហរដ្ឋអាមេរិកកំពុងប្រែក្លាយអគារការិយាល័យទៅជាអាផាតមុិន កាន់តែច្រើនឡើងៗ ដើម្បីជួយដោះស្រាយបញ្ហាខ្វះខាតលំនៅឋាននៅក្នុងទីក្រុង។
បណ្តាអ្នកអភិវឌ្ឍន៍ក៏កំពុងទាញយកអត្ថប្រយោជន៍ពីការលើកទឹកចិត្តផ្នែកពន្ធ ដល់ការសាងសង់លំនៅឋានដែលមានតម្លៃសមរម្យផងដែរ។
ជាក់ស្តែង វិថី Water Street ក្នុងតំបន់ Lower Manhattan ដែលមានឈ្មោះហៅក្រៅថា “Conversion Alley” ក្លាយជាទីតាំងដែលអគារការិយាល័យចាស់ៗជាច្រើនកំពុងត្រូវបានបំលែងទៅជាអគារអាផាតមុិន ដែលរួមមានទាំងអាផាតមុិនប្រណីត និងអាផាតមុិនតម្លៃសមរម្យ។
បណ្តាអ្នកអភិវឌ្ឍន៍អះអាងថា អគារការិយាល័យជាច្រើនអាចត្រូវបានប្តូរទៅជាលំនៅឋាន ហើយគម្រោងបែបនេះច្រើនតែចំណាយពេលលឿនជាង និងមានហានិភ័យតិចជាងការសាងសង់អគារថ្មីពីដំបូង។ សូម្បីតែអគារការិយាល័យល្បីៗដូចជាអគារ Flatiron ក៏កំពុងត្រូវបានបំលែងទៅជាលំនៅឋានផងដែរ។
និន្នាការនេះកើតឡើង ស្របពេលដែលតម្រូវការលំនៅឋាននៅតែមានភាពរឹងមាំ។ នៅក្នុងខែមេសា ឆ្នាំ២០២៦ តម្លៃជួលអាផាតមុិនប្រចាំខែជាមធ្យមនៅសង្កាត់ Manhattan បានកើនឡើងលើសពី៥.០០០ដុល្លារជាលើកដំបូង ខណៈចំនួនអាផាតមុិនទំនេរបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល៦ឆ្នាំ។
ក្នុងពេលជាមួយគ្នានេះ អគារការិយាល័យជាច្រើនមិនទាន់មានអ្នកជួល ដោយសារការអូសបន្លាយនៃផលប៉ះពាល់នៃការធ្វើការពីចម្ងាយ បន្ទាប់ពីវិបត្តិជំងឺរាតត្បាត៕ប្រភព: BILYONARYO៕








