ដោយៈ និស្ស័យ
ភ្នំពេញៈ ក្រុមមន្រ្តីបានចូលរួមកិច្ចប្រជុំបេសកកម្មគាំទ្រ ការអនុវត្តគម្រោងលើកទី៦ នៃគម្រោងធ្វើឱ្យប្រសើរឡើង នូវការគ្រប់គ្រងសំរាម សំណល់រឹង និងប្លាស្ទិក ក្រោមក្របខណ្ឌហិរញ្ញប្បទានរបស់ធនាគារពិភពលោក។
កិច្ចប្រជុំនេះដឹកនាំដោយលោករស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង បានអញ្ជើញដឹកនាំក្រុមការងារគម្រោង ចូលរួមក្នុងកិច្ចប្រជុំអន្តរក្រសួងស្តីពី បេសកកម្ម គាំទ្រការអនុវត្តគម្រោងលើកទី៦ នៃគម្រោងធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងសំរាម សំណល់រឹង និងប្លាស្ទិក ក្រោមក្របខណ្ឌហិរញ្ញប្បទានរបស់World Bank ដែលបានប្រព្រឹត្តទៅនៅទីស្តី ការក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនេះ មានការចូលរួមពីលោកសួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល និងជានាយកគម្រោង (PMU-MOI)ព្រមទាំងមន្រ្តីពាក់ព័ន្ធ។
ជាមួយគ្នានេះ ក៏មានការចូលរួមពីលោកស្រី Katelijn Van den Berg អ្នកឯកទេសជាន់ខ្ពស់ផ្នែកបរិស្ថាន និងជាប្រធានក្រុមបេសកកម្មរបស់World Bank ផងដែរ។
គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យ និងពិភាក្សាអំពីវឌ្ឍនភាពនៃការអនុវត្តគម្រោង ព្រមទាំងបញ្ហាប្រឈមនានារបស់អង្គភាពអនុវត្តគម្រោងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
គិតត្រឹមដំណាច់ខែឧសភា ឆ្នាំ២០២៦ ការអនុវត្តគម្រោងសម្រេចបានលទ្ធផលសរុបប្រមាណ២៦% ហើយកិច្ចប្រជុំក៏បានលើកឡើងអំពីទិសដៅបន្ត ដើម្បីជំរុញការអនុវត្តគម្រោងសាងសង់ ទីលានទុកដាក់សំរាម ឱ្យទទួលបានលទ្ធផល កាន់តែប្រសើរឡើងបន្ថែមទៀត៕








