សម្លឹង​ទៅ​កាន់​អតីកាល​ យុវជន​មួយ​ក្រុម​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​អតីត​ទឹក​ដី​នៃ​អាណាចក្រ​ចេន​ឡា ​ដើម្បី​ស្គាល់​ពី​អរិយធម៌​របស់​ពួក​គេ

ដោយៈ សហសេវិក

   កំពង់ឆ្នាំងៈ. ការកសាងអរិយប្រទេសមួយ ទាមទារឲ្យធនធានមនុ​ស្សប្រទេសនោះ ស្គាល់ពីអរិយធ៌មរបស់ពួកគេ មានមនសិកាជាតិនិយម និងមានចំណេះដឹង និងជំនាញ។

ជាមួយការចាប់ផ្តើមដំណើរថ្មីមួយ លោកឈួរ សុបញ្ញា សមាជិកគណៈកម្មាធិការនាយកពុទ្ធិកសមាគមកម្ពុជរដ្ឋ បាននាំយុវជនដទៃទៀតឆ្ពោះទៅកាន់អតីតអាណាចក្រចេនឡា ដែលធ្លាប់រ៉ុងរឿងពីអតីតកាល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបញ្ញាបានលើកឡើងថា “ដំណើរទៅកាន់ដែនដីអាណាចក្រចេនឡា គឺជាផ្នែកមួយនៃការបណ្តុះស្មារតីជាតិ ចែករំលែកក្តីស្រឡាញ់ និងជំរុញយុវជនឱ្យស្គាល់ឫសគល់អរិយធម៌ខ្មែរ”។

លោកលើកឡើងបែបនេះ ក្នុងកម្មវិធីចែកសៀវភៅដល់សិស្សជាង ៣០០នាក់ និងមានការចូលរួមពីអ្នកពាក់ព័ន្ធប្រមាណ ៥០០រូប នៅសាលាបឋមសិក្សាស្វាយរំពារ ដែលជាផ្នែកមួយនៃកម្មវិធី “ដំណើរកម្សាន្តទេសចរណ៍ និងមនុស្សធម៌ ទៅកាន់ដែនដីអាណាចក្រចេនឡា (Tourism and Humanitarian Trip to the Chenla Empire)”កាលពីថ្ងៃអាទិត្យ ទី១៤ ខែឧសភា ឆ្នាំ២០២៦ នៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

ក្នុងមតិសំណេះសំណាលរបស់ខ្លួន លោកឈួរ សុបញ្ញា ក៏បានលើកឡើងអំពីសារៈសំខាន់ នៃការដាស់ស្មារតីជាតិ ចំពោះយុវជន ដោយគូសបញ្ជាក់ថា “ការស្រឡាញ់ជាតិ មិនមែនស្ថិតនៅត្រឹមពាក្យសម្តីនោះទេ ប៉ុន្តែត្រូវចាប់ផ្តើមពីការស្គាល់ប្រវត្តិសាស្ត្រជាតិ ការយល់ដឹងពីគុណតម្លៃអរិយធម៌ដូនតា និងការទទួលខុសត្រូវចំពោះអនាគតប្រទេសជាតិ”។

លោកបន្តថា ការមកទស្សនាដែនដី អាណាចក្រចេនឡានាពេលនេះ គឺជាឱកាសដ៏មានតម្លៃ ក្នុងការដាស់ស្មារតីជាតិនោះ ឱ្យបន្តរស់ឡើងវិញ ជាពិសេសក្នុងចំណោមយុវជន ព្រោះនៅពេលយើងស្គាល់ប្រវត្តិសាស្ត្ររបស់ខ្លួន យើងនឹងមានមោទនភាព ចំពោះអត្តសញ្ញាណរបស់ខ្លួន។ នៅពេលយើងយល់ពីការលះបង់របស់បុព្វបុរស យើងនឹងយល់ពីតម្លៃ នៃសន្តិភាព និងការអភិវឌ្ឍ ហើយនៅពេលយើងយល់ពីភាពរុងរឿងនៃអតីតកាល យើងនឹងមានទំនុកចិត្តក្នុង ការកសាងអនាគត។

លោក ឈួរ សុបញ្ញាបានបន្តថា ក្នុងបរិបទនៃការដាស់ស្មារតីជាតិនេះ ពុទ្ធិកសមាគមកម្ពុជរដ្ឋ ដែលមានព្រះឥន្ទមុនី សុំ សុខា ជាព្រះប្រធាន តែងតែប្រកាន់ខ្ជាប់នូវបេសកកម្មដ៏ឧត្តុង្គឧត្តម ក្នុងការផ្សារភ្ជាប់ព្រះពុទ្ធសាសនា វប្បធម៌ ប្រវត្តិសាស្ត្រ និងស្មារតីជាតិ ឱ្យក្លាយជាកម្លាំងសម្រាប់ការកសាងមនុស្ស និងសង្គម។ តាមរយៈសកម្មភាពអប់រំ សាសនា មនុស្សធម៌ សប្បុរសធម៌ និងការអភិវឌ្ឍយុវជន ពុទ្ធិកសមាគមកម្ពុជរដ្ឋ បានរួមចំណែកលើកកម្ពស់សីលធម៌ សាមគ្គីភាព និងស្មារតីទទួល ខុសត្រូវចំពោះសង្គម។

ពុទ្ធិកសមាគមកម្ពុជរដ្ឋជឿជាក់ថា ការកសាងជាតិដ៏រឹងមាំ ត្រូវចាប់ផ្តើមពីការកសាងមនុស្ស ឱ្យមានសីល បញ្ញា គុណធម៌ និងស្មារតីជាតិជាមុនសិន។ ប្រវត្តិសាស្ត្របានបង្ហាញថា រាល់ដំណាក់កាលដែលខ្មែររួបរួមគ្នា ជាតិបានឈាន ទៅរកភាពរុងរឿង និងអាចការពារឯករាជ្យ អធិបតេយ្យភាព និងអត្តសញ្ញាណរបស់ខ្លួនបានយ៉ាងរឹងមាំ។

ផ្ទុយទៅវិញ នៅពេលមានការបែកបាក់ និងការមិនទុកចិត្តគ្នា នោះជាតិក៏បានប្រឈមនឹងការបាត់បង់ និងភាពទន់ខ្សោយ ជាច្រើន។ ការដាស់ស្មារតីជាតិ ដែលយើងកំពុងនិយាយនៅថ្ងៃនេះ មិនមែនជាការដាស់ឱ្យមនុស្សមានអារម្មណ៍ ស្រឡាញ់ជាតិត្រឹមតែផ្លូវអារម្មណ៍ប៉ុណ្ណោះទេ ប៉ុន្តែជាការដាស់ឱ្យមានការរួបរួម សាមគ្គីភាព ការទទួលខុសត្រូវ និងការចូលរួមកសាងជាតិ ពីព្រោះស្មារតីជាតិដែលពិតប្រាកដ គឺស្មារតីដែលអាចបម្លែង ទៅជាសកម្មភាពជាក់ស្តែង ដើម្បីការពារ អភិវឌ្ឍ និងលើកតម្កើងប្រទេសជាតិ។

គណៈកម្មការយុវពុទ្ធិកសមាគមកម្ពុជរដ្ឋ នៃពុទ្ធិកសមាគមកម្ពុជរដ្ឋ បានសហការជាមួយសមាគមបណ្ណាល័យគំនិត នឹងរៀបចំកម្មវិធីនេះឡើយ ដោយមានការគាំទ្រដោយបណ្តាញសារព័ត៌មាន Fresh News សហគ្រាសផលិតនំស្រួយ លី លី សមាគមមិត្តនិស្សិតបញ្ញវន្តកម្ពុជា និងក្រុមសហគមន៍រាជិនីទេសចរណ៍លង្វែក។

ក្នុងឱកាសនោះ លោក សេម គណៈកម្មការយុវពុទ្ធិកសមាគមកម្ពុជរដ្ឋនៃពុទ្ធិកសមាគមកម្ពុជរដ្ឋ និងជាទីប្រឹក្សាសមាគមបណ្ណាល័យគំនិត ក្នុងនាមជាអ្នកផ្តួចផ្តើមកម្មវិធីទស្សនកិច្ចនេះ បានថ្លែងថា កម្មវិធីនេះមានគោលបំណង សំខាន់ៗរួមមាន ការជំរុញឲ្យដែនដីអាណាចក្រចេនឡាកាន់តែត្រូវបានគេស្គាល់ លើកស្ទួយវិស័យទេសចរណ៍ និងវប្បធម៌នៅស្រុកកំពង់លែង ជំរុញឲ្យភ្នំនាងកង្រីកាន់តែមានអ្នកស្គាល់ ចែកសម្ភារៈសិក្សាដល់កុមារនៅក្នុងតំបន់៣៤២នាក់ និងគ្រូបង្រៀន១៣នាក់ អប់រំយុវជនតាមទ្រឹស្តីពុទ្ធសាសនា ទស្សនាការសម្តែងក្បាច់គុនល្បុក្កតោ និងតេខ្វាន់ដូ ទស្សនាស្ថានីយ៍បុរេប្រវត្តិសាស្ត្រសំរោងសែន ទីដែលដូនតាខ្មែររស់នៅដំបូង លេងទឹកជ្រោះអូរដា ទស្សនាប្រាសាទបុរាណ ដែលសាងសង់មុនសម័យអង្គរ ដូចជា ប្រាសា​ទព្រះស្រី (ប្រាសាទស្រី) គ្រឹះប្រាសាទតូច ប្រាសាទសក្ល (ប្រាសាទប្រុស), ប្រាសាទថ្នមប្តី ប្រាសាទពណ្ណរាយ និងគ្រឹះប្រាសាទភ្នំទេពី។

លោកបានសង្កត់ធ្ងន់ថា “បើសិនចង់ឈ្វេងយល់ ពីសម័យអង្គរ សូមទៅខេត្តសៀមរាប តែបើចង់ឈ្វេងយល់ពីសម័យចេនឡា សូមទៅស្រុកកំពង់លែង

ដោយឡែក កញ្ញា ស៊ុំ សុភារ៉ា តំណាងព្រះប្រធានសមាគមបណ្ណាល័យគំនិតបានឲ្យដឹងថា ការអប់រំមិនគួរឈប់ត្រឹមថ្នាក់រៀនទេ ប៉ុន្តែត្រូវពង្រីកទៅកាន់ការអាន ការស្រាវជ្រាវ និងការស្វែងយល់ពីសង្គមជុំវិញខ្លួន។ សៀវភៅ ចំណេះដឹង និងបទពិសោធន៍ជាក់ស្តែង គឺជាអាវុធដ៏មានតម្លៃ សម្រាប់ការកសាងយុវជន ឱ្យក្លាយជាពលរដ្ឋមានគុណភាព។

ជាមួយគ្នានេះ លោកស្រី ភឹម ភារ៉ូ នាយិកាសាលាបឋមសិក្សាស្វាយរំពារ បានសម្តែងនូវអំណរគុណចំពោះគណៈរៀបចំ និងសប្បុ​រសជនទាំងអស់ ដែលបានយកចិត្តទុកដាក់ ចំពោះវិស័យអប់រំនៅតាមតំបន់ជនបទ។ លោកស្រីបានបញ្ជាក់ថា កម្មវិធីនេះបានផ្តល់ទាំងចំណេះដឹង ការលើកទឹកចិត្ត និងក្តីសង្ឃឹមដល់សិស្សានុសិស្សក្នុងការបន្តការសិក្សា និងខិតខំក្លាយជាពលរដ្ឋល្អសម្រាប់សង្គមជាតិ។

ចំណែកលោក ប៉ាត ផានិត តំណាងសហគមន៍រាជនីទេសចរណ៍លង្វែក ក៏បានថ្លែងថា តាមរយៈដំណើរកម្សាន្តនេះ យើងមិនត្រឹមតែបានសម្រាកកាយ និងទស្សនាកន្លែងស្រស់ស្អាតនានាទេ ប៉ុន្តែយើងក៏បានចែករំលែកក្ដីស្រឡាញ់ ការជួយគ្នា និងការយកចិត្តទុកដាក់ដល់សង្គម។

លោកបន្តថា “នេះគឺជាគំរូល្អមួយ ដែលបង្ហាញថា ការទេសច​រណ៍អាចភ្ជាប់ជាមួយសប្បុរសធម៌ ដើម្បីបង្កើតអត្ថប្រយោជន៍ទាំងផ្នែកសេដ្ឋកិច្ច និងសង្គម”៕

LEAVE A REPLY

Please enter your comment!
Please enter your name here