ដោយៈ ចំណាន
ភ្នំពេញៈ មន្ត្រីជំនាញក្រសួងសាធារណការ និងដឹកជញ្ជូន ចូលរួមកិច្ចប្រជុំលើកទី៦ របស់លេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ (គ.ធ.ខ.)។
លោកចៅ សុភៈភិបាល អគ្គនាយក នៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ និងជាសមាជិកលេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ (គ.ធ.ខ.) បានចូលរួមកិច្ចប្រជុំលើកទី៦ របស់លេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ (គ.ធ.ខ.) ក្រោមអធិបតីភាព ឯកឧត្តម អាន ពេជ្រ ហត្ថដា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ (គ.ធ.ខ.)។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យវឌ្ឍនភាពការងារប្រចាំត្រីមាសទី២ និងពិភាក្សាអំពីផែនការសកម្មភាព សម្រាប់ត្រីមាសទី៣ ឆ្នាំ២០២៦ របស់លេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់។
ថ្លែងក្នុងកិច្ចប្រជុំ លោកអគ្គនាយក បានចូលរួមផ្តល់មតិយោបល់លើការគ្រប់គ្រងធនធានខ្សាច់ ដែលពាក់ព័ន្ធនឹងការដឹកជញ្ជូនតាមផ្លូវទឹក សុវត្ថិភាពនាវាចរណ៍ ស្ថេរភាពហេដ្ឋារចនាសម្ព័ន្ធសាធារណការ និងការគ្រប់គ្រងប្រព័ន្ធទឹកកខ្វក់ ដើម្បីធានាថាការអភិវឌ្ឍ និងការធ្វើអាជីវកម្មធនធានខ្សាច់ ប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព ស្ថេរភាព និងនិរន្តរភាព។
ក្រសួងនឹងបន្តការសហការជាមួយក្រសួង- ស្ថាប័នពាក់ព័ន្ធ ក្នុងការផ្តល់ធាតុចូលបច្ចេកទេស និងពង្រឹងការតាមដានទីតាំងអាជីវកម្មខ្សាច់ ដែលមិនមានផលប៉ះពាល់ដល់ផ្លូវនាវាចរណ៍ ស្ពាន កំពង់ផែ ប្រព័ន្ធបង្ហូរទឹក និងសហគមន៍៕









