ដោយៈ និស្ស័យ
ភ្នំពេញៈ ក្រុមការងារបច្ចេកទេស នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ ចុះត្រួតពិនិត្យការងារដំឡើងពោងសញ្ញាជំនួយនាវាចរណ៍នៅទីតាំងទន្លេចតុមុខ។
កិច្ចការងារនេះដឹកនាំដោយលោកហេង សុធី អគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ បានដឹកនាំក្រុមការងារបច្ចេកទេសរបស់អគ្គនាយកដ្ឋាន និងដោយមានការចូលរួមពីក្រុមអ្នកជំនាញការនៃវិទ្យាស្ថាន សញ្ញាជំនួយនាវាចរណ៍កូរ៉េ តំណាងមកពីកំពង់ផែស្វយ័តភ្នំពេញ តំណាងក្រុមហ៊ុនផលិតពោងសញ្ញា Woori Marine និងក្រុមហ៊ុនដំឡើងពោងសញ្ញា SBMG ចុះត្រួតពិនិត្យការងារដំឡើងពោងសញ្ញាជំនួយ នាវាចរណ៍នៅទីតាំងទន្លេចតុមុខ។
ពោងសញ្ញាជំនួយនាវាចរណ៍ ដែលបានដំឡើងនេះស្ថិតក្រោមកិច្ចសហប្រតិបត្តិការ និងជំនួយហិរញ្ញប្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ តាមរយៈវិទ្យាស្ថានសញ្ញាជំនួយនាវាចរណ៍កូរ៉េ ក្នុងគោលបំណងធានាឱ្យបាននូវសុវត្ថិភាព ក្នុងការធ្វើនាវាចរណ៍តាមផ្លូវទឹកនៅកម្ពុជា។
នៅក្នុងដំណាក់កាលទី១ នៃគម្រោង ការដំឡើងពោងសញ្ញាជំនួយនាវាចរណ៍នឹងត្រូវអនុវត្តន៍ នៅតាមបណ្តោយទន្លេមគង្គក្រោម ចាប់ពីទន្លេចតុមុខរហូត ដល់ព្រំដែនកម្ពុជាវៀតណាម៕









