សឹង្ហបុរី​ជា​ដៃ​គូពាណិជ្ជ​កម្ម​លំដាប់​ទី​៣​របស់​កម្ពុជា​

ដោយៈ ម៉ាលីនណា

    ភ្នំពេញៈ លោកវង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី បានទទួលជួបពិភាក្សាការងារជាមួយលោក Steven Pang Chee Wee ឯកអគ្គរដ្ឋទូតសិង្ហបុរីដែលតែងតាំងថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់អំពីទំនាក់ទំនងដ៏ជិតស្និទ្ធនិងយូរអង្វែង រវាងកម្ពុជានិងសិង្ហបុរី ក៏ដូចជាកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាក្នុង វិស័យជាច្រើននាពេលកន្លងមក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ឧបនាយករដ្ឋមន្ត្រីប្រចាំការបានបន្តថា ទោះបីជាកម្ពុជានិងសិង្ហបុរីមានកម្រិតអភិវឌ្ឍន៍ខុសគ្នា ប៉ុន្តែប្រទេសទាំងពីរប្រកាន់នូវគុណតម្លៃនិងទស្សនរួមគ្នា ក្នុងនាមជាប្រទេសតូច ដែលពឹងផ្អែកលើគោលការណ៍សន្តិភាព ប្រព័ន្ធពហុភាគីនិយម និងយន្តការច្បាប់អន្តរជាតិ ដើម្បីធានាបាននូវការរស់រាន និងការអភិវឌ្ឍរបស់ខ្លួន នៅក្នុងបរិបទដែលពិភពលោក មានភាពមិនប្រាកដប្រជាខ្ពស់ និងកំពុងប្រែប្រួលយ៉ាងឆាប់រហ័ស ហើយក្នុងនោះអាស៊ាន នៅតែជាក្របខ័ណ្ឌយុទ្ធសាស្ត្រដ៏សំខាន់សម្រាប់ប្រទេសសមាជិក ដោយរួមទាំងកម្ពុជា និងសិង្ហបុរី ក្នុងការការពារ និងលើកកម្ពស់ផលប្រយោជន៍រួម។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានគូសរំលេចអំពីការអនុវត្ត “យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១” របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលផ្តោតសំខាន់លើការកែទម្រង់ និងការធ្វើទំនើបកម្មស្ថាប័ន នៅក្នុងប្រព័ន្ធរដ្ឋបាលសាធារណៈ ក៏ដូចជាការកែទម្រង់មុតស្រួចនានា របស់រាជរដ្ឋាភិបាល ដូចជាការកែទម្រង់ច្បាប់ យុត្តិធម៌ និងហិរញ្ញវត្ថុសាធារណៈជាដើម ដើម្បីកសាងភាពធន់ សមត្ថភាពប្រកួតប្រជែង និងសមត្ថភាពឆ្លើយតប នឹងបញ្ហាប្រឈមនានានាពេលអនាគត។

បន្ថែមពីនេះ រាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ម៉ត់ចត់ និងមុតស្រួច ក្នុងការប្រយុទ្ធប្រឆាំង និងបោសសម្អាតការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ពីកម្ពុជា ដោយចាត់ទុកបញ្ហានេះជាអាទិភាពសំខាន់មួយ សម្រាប់ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម បរិយាកាសវិនិយោគ និងកេរ្តិ៍ឈ្មោះរបស់ប្រទេស។

លោកវង្សី វិស្សុត បានលើកឡើងថា សិង្ហបុរីគឺជាដៃគូពាណិជ្ជកម្មដ៏ធំលំដាប់ទី៣ និងជាវិនិយោគិនលំដាប់ទី៣របស់កម្ពុជា។ ទោះយ៉ាងនេះក្តី កម្ពុជានិងសិង្ហបុរី នៅមានសក្តានុពលច្រើនថែមទៀត ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ពិសេសក្នុងវិស័យពា​ណិជ្ជកម្ម និងវិនិយោគ។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងឯកអគ្គរដ្ឋទូតសិង្ហបុរី ក៏បានពិភាក្សាផងដែរ អំពីលទ្ធភាពនៃការជំរុញការនាំចេញ ផលិតផលស្បៀងអាហារ និងកសិផលរបស់កម្ពុជា ពិសេសផ្លែឈើដូចជាទុរេន និងស្វាយ ដែលមានគុណភាពខ្ពស់ ទៅកាន់ទីផ្សារសិង្ហបុរី ព្រមទាំងការទាក់ទាញការវិនិយោគ ក្នុងខ្សែច្រវាក់តម្លៃកសិកម្ម និងកសិ-ឧស្សាហកម្ម។

ទន្ទឹមនេះ ភាគីទាំងពីរក៏បានពិភាក្សា លើការពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យថាមពល ក្នុងក្របខ័ណ្ឌបណ្តាញអគ្គិសនីអាស៊ាន (ASEAN Power Grid) ការតភ្ជាប់ឌីជីថល និងហេដ្ឋារចនាសម្ព័ន្ធខ្សែកាបបាតសមុទ្រ និងការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងការកសាងធនធានមនុស្ស តាមរយៈការ បណ្តុះបណ្តាល ការកសាងសមត្ថភាព និងការចែករំលែកបទពិសោធន៍លើការគ្រប់គ្រង និងការពង្រឹងអភិបាលកិច្ច និងគោលការណ៍គុណាធិបតេយ្យក្នុងវិស័យសាធារណៈ។

ជាការឆ្លើយតប លោកSteven Pang Chee Wee បានសម្តែងការវាយតម្លៃខ្ពស់ ចំពោះវឌ្ឍនភាពរបស់កម្ពុជា និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការធ្វើទំនើបកម្មប្រទេស ក្រោមក្របខណ្ឌនៃ “យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១”។

លោកឯកអគ្គរដ្ឋទូត ក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សិង្ហបុរីក្នុងការជំរុញវិស័យពាណិជ្ជកម្ម និងវិនិយោគបន្ថែមទៀត និងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ពិសេសលើការបញ្ជូនពលករកម្ពុជាទៅធ្វើការ និងអភិវឌ្ឍជំនាញនៅសិង្ហបុរី ព្រមទាំងការអភិវឌ្ឍធនធានមនុស្ស ដោយបន្តគាំទ្រការកសាងសមត្ថភាពមន្ត្រីរាជការកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here