មន្រ្តី​សិក្សា​ដក​ស្រង់​បទ​ពិសោធន៍​សម្រាប់​ការ​រៀប​ចំ​យុទ្ធសាស្ត្រ​កែ​ទម្រង់​ការ​គ្រប់​គ្រង​ហេដ្ឋា​រចនាសម្ព័ន្ធ​នៅ​ជប៉ុន

ដោយៈ និស្ស័យ

    ជប៉ុនៈ គណៈប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន ចូលរួមដំណើរទស្សនកិច្ចសិក្សារយៈពេល៣ថ្ងៃ នៅប្រទេសជប៉ុន ដើម្បីដកស្រង់បទពិសោធន៍ សម្រាប់ការរៀបចំយុទ្ធសាស្ត្រ កែទម្រង់ការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ។

ប្រតិភូកម្ពុជាដឹកនាំដោយលោកយិត បុណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានប្រចាំការនៃគណៈកម្មការអន្តរក្រសួងដឹកនាំ សម្របសម្រួល គ្រប់គ្រងគម្រោងវិនិយោគសាធារណៈ និងកម្មវិធីថែទាំហេដ្ឋារចនាសម្ព័ន្ធហិរញ្ញប្បទានដោយថវិកាថ្នាក់ជាតិ បានដឹកនាំគណៈប្រតិភូជំនាញរបស់ក្រសួង រួមមាន លោក ណៃ ចំណង់ អគ្គនាយករងនៃអគ្គនាយកដ្ឋានសាធារណការ និងលោកឈឹម ផល្លា ប្រធាននាយកដ្ឋានផ្លូវថ្នល់នៃអគ្គនាយកដ្ឋានបច្ចេកទេស ព្រមទាំងមន្ត្រីជំនាញមក ពីអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ ចូលរួមក្នុងដំណើរទស្សនកិច្ចសិក្សារយៈពេល ៣ថ្ងៃ នៅប្រទេសជប៉ុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដំណើរទស្សនកិច្ចសិក្សាកម្រិតខ្ពស់នេះ ត្រូវបានរៀបចំឡើងដោ​យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងគោលបំណងដកស្រង់បទពិសោធន៍ និងប្រមូលធាតុចូលសំខាន់ៗ ពីឧត្តមានុវត្តន៍អន្តរជាតិ សម្រាប់យកមកបំពេញបន្ថែមលើការរៀបចំ “យុទ្ធសាស្ត្រស្តីពីការកែទម្រង់ប្រព័ន្ធគ្រប់គ្រង ការថែទាំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងប្រព័ន្ធធារាសាស្ត្រ” ឱ្យកាន់តែមានភាពគ្រប់ជ្រុងជ្រោយ និងមានគុណភាពខ្ពស់ ដែលគ្រោងនឹងអនុម័ត និងដាក់ឱ្យប្រើប្រាស់នៅដំណាច់ ឆ្នាំ២០២៦ ខាងមុខនេះ។

ក្នុងអំឡុងពេល៣ថ្ងៃនេះ គណៈប្រតិភូកម្ពុជាបានចូលជួបប្រជុំពិភាក្សា និងធ្វើទស្សនកិច្ចសិក្សាជាមួយតំណាងក្រសួង ស្ថាប័នរដ្ឋ និងក្រុមហ៊ុនឯកជនធំៗរបស់ជប៉ុន រួមមាន៖ (១). ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន (MLIT) សិក្សាស្វែងយល់អំពីប្រព័ន្ធថែទាំផ្លូវថ្នល់ (Road Maintenance) និងគំនិតផ្តួចផ្តើមលើការអនុវត្តភាពជាដៃគូរវាងរដ្ឋ និងឯកជន (PPP/PFI)។

២). ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជប៉ុន (MAFF)៖ ពិភាក្សាលើគោលនយោបាយ និងបច្ចេកវិទ្យាថែទាំប្រព័ន្ធធារាសាស្ត្រ និងការគ្រប់គ្រងប្រព័ន្ធចែកចាយទឹកខ្នាតធំ (៣). ការិយាល័យគ្រប់គ្រងផ្លូវថ្នល់តូក្យូ (Kanto Regional Development Bureau, Tokyo National Highway Office) និងការិយាល័យសាខា Shinagawa ជាដើម។

កិច្ចពិភាក្សា និងទស្សនកិច្ចនៅតាមទីតាំង ជាក់ស្តែងទាំងនេះ បានជួយឱ្យគណៈប្រតិភូកម្ពុជា យល់ដឹងកាន់តែស៊ីជម្រៅលើ៖ ការ​រៀ​ប​ចំគម្រោងថវិកា និងការកំណត់អាទិភាពសម្រាប់ការថែទាំ និងជួសជុលហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងប្រព័ន្ធធារាសាស្ត្រ បទដ្ឋានបច្ចេក​ទេស និងការប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ ក្នុងការថែទាំ ការអនុវត្តជាក់ស្តែងក្នុងប្រព័ន្ធគ្រប់គ្រង និងការប្រតិបត្តិការប្រកបដោយចីរភាព។

លទ្ធផលដ៏ផ្លែផ្កានៃដំណើរទស្សនកិច្ចសិក្សានេះ នឹងក្លាយជាទុន និងជាធាតុចូល ដ៏មានតម្លៃមិនអាចខ្វះបាន សម្រាប់ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាគណៈកម្មការអន្តរក្រសួង ក្នុងការយកទៅកែច្នៃ និងរៀបចំប្រព័ន្ធគ្រប់គ្រងការថែទាំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅកម្ពុជាឱ្យកាន់តែរឹងមាំ ប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច និងចីរភាពយូរអង្វែង៕

LEAVE A REPLY

Please enter your comment!
Please enter your name here