កម្ពុជា​ អាល្លឺម៉ង់​ពិភាក្សា​ពី​កិច្ច​សហប្រតិបត្តិការ​ និង​ជម្រុញ​ការ​អភិវឌ្ឍន៍​

ដោយៈ ម៉ាលីនណា

    ភ្នំពេញៈ លោកឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសអនុប្រធានទី២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួ​លជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក Thomas Rachel សមាជិកគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ នៃសភាសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ (German Bundestag)។

ជំនួបនេះមានការចូលរួមដោយលោក Stefan Messerer ឯក​អគ្គរដ្ឋទូតសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា លោក Christof Weigelmeier អនុប្រធានបេសកកម្ម និងជាប្រធានកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ នៃស្ថានទូតសហព័ន្ធអាល្លឺម៉ង់ និងលោកបណ្ឌិត Gidon Windecker អនុប្រធានផ្នែកសហប្រតិបត្តិការអភិវឌ្ឍន៍ នៃស្ថានទូតសហព័ន្ធអាល្លឺម៉ង់ រួមជាមួយសមាជិកសភាសហព័ន្ធអាល្លឺម៉ង់ និងសហការីនៃស្ថានទូតសហព័ន្ធអាល្លឺម៉ង់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គោលបំណងនៃជំនួបនេះ គឺដើម្បីផ្លាស់ប្តូរទស្សនៈ និងពិភាក្សាអំពីស្ថានភាពនៃការអភិវឌ្ឍសង្គម -សេដ្ឋកិច្ចនៅកម្ពុជា ព្រមទាំងវឌ្ឍនភាព ទិសដៅ និងឱកាសក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងកម្ពុជា និងអាល្លឺម៉ង់ នាពេលអនាគត។

ជំនួបនេះក៏ជាឱកាសសម្រាប់ភាគីទាំងពីរ ផ្លាស់ប្តូរទស្សនៈលើអាទិភាព ក្នុងកិច្ចសហប្រតិបត្តិការ ដែលជាធាតុចូលក្នុងការត្រៀមរៀបចំកិច្ចពិគ្រោះយោបល់ស្តីពី កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា–អាល្លឺម៉ង់ ដែលគ្រោងនឹងប្រព្រឹត្តទៅនាពេលខាងមុខ។

ក្នុងឱកាសនេះ លោកទេសរដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូសភាសហព័ន្ធអាល្លឺម៉ង់ ក្នុងការមកបំពេញទស្សនកិច្ចនៅកម្ពុជា និងសាទរចំពោះភាពជាដៃគូដ៏រឹងមាំ និងយូរអង្វែងរវាងកម្ពុជា និងអាល្លឺម៉ង់ ។

លើសពីនេះ លោកទេសរដ្ឋមន្ត្រី បានលើកឡើងពីការត្រៀមខ្លួនរបស់កម្ពុជាក្នុងការចាកចេញ ពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) នាឆ្នាំ២០២៩ ដែលជាសមិទ្ធផលដ៏មានសារៈសំខាន់ និងជាការទទួលស្គាល់ជាអន្តរជាតិ ប៉ុន្តែកម្ពុជានៅតែប្រឈមនឹងបញ្ហាប្រឈ​​មមួយចំនួន ដែលតម្រូវឱ្យរាជរដ្ឋាភិបាលបន្តខិតខំប្រឹងប្រែង ជាពិសេ​សការរក្សានិរន្តរភាពនៃជំនួយអភិវឌ្ឍន៍ ការពង្រឹងសមត្ថភាពប្រកួតប្រជែង ការអភិវឌ្ឍធនធានមនុស្ស ការលើកកម្ពស់ផលិតភាព និងការធ្វើឱ្យប្រសើរឡើងនៃស្ថាប័នសាធារណៈ។

ជាក់ស្តែង ក្នុងការបន្តជំរុញលើកកម្ពស់ភាពប្រកួតប្រជែង រាជរដ្ឋភិបាល ដែលមានការគាំទ្រពីអាល្លឺម៉ង់ បានអនុវត្តគម្រោងលើកកម្ពស់ភាពប្រកួតប្រជែងរបស់សហគ្រាសនៅកម្ពុជា (ICONE) ដែលទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាននៅកម្ពុជា ដូចជាការពង្រឹងភាពប្រកួតប្រជែងរបស់សហគ្រាស, ការលើកកម្ពស់ផលិតភាព ការជំរុញនវានុវត្តន៍ និងការពង្រឹងសេវាគាំទ្រអាជីវកម្ម ។

ជាការឆ្លើយតប ភាគីអាល្លឺម៉ង់បានវាយតម្លៃខ្ពស់ ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងកិច្ចអភិវឌ្ឍន៍ និងបានសម្តែងការពេញចិត្តចំពោះការរីកចម្រើន ដែលគណៈប្រតិភូបានសង្កេតឃើញដោយផ្ទាល់ ក្នុងអំឡុងពេលបំពេញ ទស្សនកិច្ចនៅខេត្តសៀមរាប ដែលទទួលបានលិទ្ធផលគួរឱ្យកត់សម្គាល់ ក្នុងការកាត់បន្ថយភាពក្រីក្រ ការរីកចម្រើនផ្នែកហេដ្ឋារចនាសម្ព័ន្ធ ការពង្រីកលទ្ធភាពចូលទៅកាន់ទីផ្សារ និងការធ្វើឱ្យប្រសើរឡើងនូវអភិបាលកិច្ច និងគាំពារសង្គម។

លើសពីនេះ ភាគីអាល្លឺម៉ង់គូសបញ្ជាក់សារជាថ្មី នូវការបន្តការប្ដេជ្ញាចិត្ត ក្នុងការគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here