UN ​គាំទ្រ​យុទ្ធសាស្ត្រ​ហិរញ្ញប្បទាន​ NDC 3.0 ​ដើម្បី​ការពារ​ព្រៃ​ឈើ​ និង​គ្រប់​គ្រង​សំណល់​ឆ្លាត​វៃ​

ដោយៈ ចំណារ

ភ្នំពេញៈ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានទទួលជួបពិភាក្សាការងារ ជាមួយលោកស្រី Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា។

នៅក្នុងកិច្ចពិភាក្សានេះ ភាគីទាំងពីរបានព្រមព្រៀងគ្នាលើការរៀបចំផែនការថវិកា ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងបានលើកឡើងពីគំនិតផ្តួចផ្តើមថ្មីៗ ក្នុងការការពារព្រៃឈើ និងគ្រប់គ្រងសំរាម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅក្នុងឱកាសនោះ តំណាងអង្គការសហប្រជាជាតិបានសម្តែងការអបអរសាទរចំពោះកម្ពុជា ដែលបានរៀបចំឯកសារ NDC 3.0 យ៉ាងពេញលេញ និងគ្រប់ជ្រុងជ្រោយ ដោយមានការចូលរួមពិគ្រោះយោបល់ពីគ្រប់ភាគី ព្រមទាំងបានបញ្ជ្រាបបញ្ហាកុមារ និងសមភាពយេនឌ័រទៅក្នុងយុទ្ធសាស្ត្រនេះយ៉ាងល្អប្រសើរ។

ទោះជាយ៉ាងណា ដើម្បីសម្រេចឱ្យបាននូវគោលដៅកាត់បន្ថយការបំភាយឧស្ម័នឱ្យបាន៥៥% នៅត្រឹមឆ្នាំ២០៣៥ ស្របតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស តំណាងUN បានស្នើឱ្យបង្កើតគណៈកម្មាធិការកម្រិតខ្ពស់ (High-Level Committee) មួយ ដែលដឹកនាំរួមគ្នាដោយក្រសួងបរិស្ថាន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការរៀបចំយុទ្ធសាស្ត្រហិរញ្ញប្បទាន NDC 3.0។

គណៈកម្មាធិការនេះនឹងមានUN ជាអ្នកសម្របសម្រួលក្រុមការងារបច្ចេកទេស ដែលដឹកនាំដោយUNDP រួមផ្សំជាមួយស្ថាប័ន UN ផ្សេងទៀត (រួមមាន UNICEF, FAO, WFP និង UNIDO) ព្រមទាំងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ (IFIs) ដើម្បីរៀបចំក្របខ័ណ្ឌទាក់ទាញហិរញ្ញប្បទានពីវិស័យឯកជន និងដៃគូបរទេស។

ជាការឆ្លើយតប លោករដ្ឋមន្រ្តីបានសម្តែងការយល់ស្របទាំង​ស្រុងចំពោះការលើកឡើងនេះ។

លោកបានបញ្ជាក់ថា “ការធ្វើការរួមគ្នាគ្រប់វិស័យ ជាពិសេសវិស័យអាទិភាពទាំង៥ (ថាមពល កសិកម្ម ព្រៃឈើ គីមី និងសំណល់) គឺជាការងារចាំបាច់ ក្នុងការកាត់បន្ថយការបំភាយឧស្ម័នឱ្យបាន៥៥% នៅត្រឹមឆ្នាំ២០៣៥ ស្របតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស”។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា គោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល នៅក្នុងអាណត្តិនេះ គឺមិនចង់បានត្រឹមតែលទ្ធផលចុងក្រោយនៃគម្រោងនោះទេ ប៉ុន្តែត្រូវផ្តោតលើលទ្ធផលដែ​លមានឥទ្ធិពលវិជ្ជមានពិតប្រាកដ និងអាចវាស់វែងបានទៅលើសង្គម និងបរិស្ថាន។ ជាក់ស្តែង ដូចជា ការគ្រប់គ្រងសំណល់នៅតាមរោងចក្រ គឺមិនត្រឹមតែទប់ស្កាត់ការបំពុល ចំពោះសុខភាពសាធារណៈ ទឹក និងបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ដំណោះស្រាយសម្រាប់ដំណើរការផលិតកម្ម តាមរយៈការដាំស្មៅយក្ស (Giant King Grass) យកមកកែច្នៃប្រើប្រាស់ជំនួសឈើធម្មជាតិ ដើម្បីកាត់បន្ថយការកាប់អុស និងជួយឱ្យប្រជាសហគមន៍ មានជីវភាពល្អប្រសើរឡើងវិញ និងមានកត្តាជោគជ័យជាយុទ្ធសាស្រ្ត ផ្សេងទៀតនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានដែលកម្ពុជាសម្រេចបាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here