ដោយៈ ម៉ាល័យ
ប្រទសចិនៈ គណៈប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន ចូលរួមវេទិកាខួបលើកទី១០ នៃកិច្ចសហប្រតិបត្តិការកំពង់ផែផ្លូវសូត្រសមុទ្រ នៅប្រទេសចិន។
លោកហេង សុធី អគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ បានដឹកនាំគណៈប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញចូលរួមវេទិកាខួបលើកទី១០ នៃកិច្ចសហប្រតិបត្តិការកំពង់ផែផ្លូវសូត្រសមុទ្រ (10th Maritime Silk Road Port Cooperation Forum) ដែលប្រារព្ធធ្វើឡើងនៅទីក្រុងណីងបូ សាធារណរដ្ឋប្រជាមានិតចិន ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ។
ក្នុងឱកាសនោះ លោកអគ្គនាយក បានអញ្ជើញថ្លែងសន្ទរកថាគន្លឹះក្រោមប្រធានបទ “និន្នាការអភិវឌ្ឍន៍វិស័យកំពង់ផែ និងនាវាចរណ៍នៅកម្ពុជា ក្នុងបរិបទនៃកិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់ និងផ្លូវ” ដោយបានបង្ហាញពីចក្ខុវិស័យរបស់កម្ពុជា ក្នុងការអភិវឌ្ឍវិស័យដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ ឱ្យក្លាយជាប្រព័ន្ធដឹកជញ្ជូនទំនើប មានប្រសិទ្ធភាព ប្រកួតប្រជែងខ្ពស់ និងប្រកបដោយចីរភាព ដើម្បីគាំទ្រការតភ្ជាប់ភស្តុភារកម្ម ក្នុងតំបន់មហាអនុតំបន់ទន្លេមេគង្គ និងសហគមន៍អាស៊ាន។
លោកបញ្ជាក់ថា “កម្ពុជាមានសក្តានុពលខ្ពស់ លើវិស័យដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវសមុទ្រ ដោយស្ថិតនៅតាមដងទន្លេមេគង្គ និងមានបណ្តាញដឹកជញ្ជូនផ្លូវសមុទ្រ ដែលអាចជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់បានយ៉ាងមានប្រសិទ្ធភាព”។
ជាមួយគ្នានេះ កម្ពុជាបានដាក់ឱ្យអនុវត្តច្បាប់ស្តីពី ដឹកជញ្ជូនតាមផ្លូវទឹក ឆ្នាំ២០២៤ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ដើម្បីពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រង និងបង្កើនទំនុកចិត្តដល់វិនិយោគិនក្នុងវិស័យដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ។
លោកបានលើកឡើងថា បរិមាណដឹកជញ្ជូនទំនិញតាមផ្លូវទឹក និងផ្លូវសមុទ្រនៅកម្ពុជា កំពុងកើនឡើងជាបន្តបន្ទាប់ ដែលជំរុញឱ្យមានតម្រូវការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការវិនិយោគកាន់តែទូលំទូលាយ។ ក្នុងនោះ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងអនុវត្តគម្រោងសំខាន់ៗជាច្រើន រួមមាន គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ (ព្រែកជីកហ្វូណនតេជោ) ដែលជាគម្រោងសហប្រតិបត្តិការកម្ពុជា–ចិន ក្រោមក្របខណ្ឌគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ។
គម្រោងនេះនឹងជួយតភ្ជាប់ប្រព័ន្ធទឹក ក្នុងប្រទេសទៅកាន់ផ្លូវសមុទ្រអន្តរជាតិ និងបង្កើនប្រសិទ្ធភាពដឹកជញ្ជូនតាមផ្លូវទឹក។
ទន្ទឹមនឹងនេះ កម្ពុជាក៏កំពុងអនុវត្តគម្រោងបូមស្តារ និងលើកកម្ពស់សមត្ថភាពផ្លូវទឹកតាមដងទន្លេមេគង្គ និងបណ្តាញផ្លូវទឹកសំខាន់ៗ ដើម្បីពង្រឹងការដឹកជញ្ជូន ឆ្លងកាត់ព្រំដែនជាមួយឡាវ និងវៀតណាម។ ចំណែកវិស័យសមុទ្រ កម្ពុជាកំពុងពង្រីកសមត្ថភាពកំពង់ផែស្វយ័តព្រះសីហនុ ដើម្បីទទួលនាវាធំៗ បង្កើនសមត្ថភាពដឹកទំនិញ និងអភិវឌ្ឍកំពង់ផែនេះ ឱ្យក្លាយជាមជ្ឈមណ្ឌលតភ្ជាប់ក្នុងតំបន់។
លោកក៏បានបង្ហាញពីផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍វិស័យដឹកជញ្ជូនតាមផ្លូវទឹក និងកំពង់ផែ ឆ្នាំ២០២៦-២០៣៥ ដែលផ្តោតលើការកែលម្អសមត្ថភាពដឹកជញ្ជូន ការតភ្ជាប់ពហុមធ្យោបាយ ការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធ និងការលើកកម្ពស់សន្តិសុខ សុវត្ថិភាព និងកិច្ចការពារបរិស្ថានក្នុងវិស័យដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវសមុទ្រ។
ផែនការនេះ ក៏នឹងជួយទាក់ទាញការវិនិយោគជាតិ និងអន្តរជាតិ តាមរយៈយន្តការសហប្រតិបត្តិការផ្សេងៗ រួមមាន G2G, PPP និង P2P។
លោកបានបញ្ជាក់ពីការប្តេជ្ញារបស់កម្ពុជា ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ចែករំលែកបច្ចេកវិទ្យា និងគាំទ្រគ្នាទៅវិញទៅមក ដើម្បីពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ បង្កើតបរិយាកាសពាណិជ្ជកម្មប្រកបដោយស្ថិរភាព សុវត្ថិភាព និងជំរុញកំណើនសេដ្ឋកិច្ចរួមក្នុងតំបន់៕









