ដោយៈ ម៉ាណា
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការ បានពិភាក្សាការងារជាមួយអង្គការ Global Green Growth Institute (GGGI)ដើម្បីស្វែងរកសក្តានុពល សម្រាប់កិច្ចសហប្រតិបត្តិការ ក្នុងការលើកកម្ពស់កំណើនបៃតងនៅក្នុងប្រទេសកម្ពុជា។
ព័ត៌មាននេះត្រូវបានលើកឡើង ក្នុងឱកាសលោករស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រី Nathalie Andre តំណាងអង្គការ Global Green Growth Institute (GGGI) ប្រចាំកម្ពុជា ដោយមានការចូលរួមពីមន្រ្តីពាក់ព័ន្ធ។
ជំនួបនេះគឺដើម្បីពិភាក្សា អំពីការចូលរួមក្នុងកម្មវិធីនានា ដែលកំពុងដំណើរការរបស់អង្គការ Global Green Growth Institute (GGGI) ក៏ដូចជាស្វែងរកវិស័យសក្តានុពល សម្រាប់កិច្ចសហប្រតិបត្តិការ ក្នុងការលើកកម្ពស់កំណើនបៃតង នៅក្នុងប្រទេសកម្ពុជានាពេលអនាគតផងដែរ៕








