មន្រ្តី​ជាន់​ខ្ពស់​ពិភាក្សា​ពី​ការ​ស្នើ​គម្រោង​បង្កើត​រោង​ចក្រ​ផលិត​អំបិល​នៅ​កម្ពុជា​

ដោយៈ ចំណាន

    ភ្នំពេញៈ គណៈកម្មការលើកទឹកចិត្ត និងជំរុញផលិតកម្មអំបិល ពិភាក្សាលើការស្នើ គម្រោងបង្កើតរោងចក្រផលិតអំបិល និងការសិក្សាសក្តានុពលវិស័យអំបិលនៅកម្ពុជា។

ព័ត៌មាននេះត្រូវបានលើកឡើង ដោយលោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានគណៈកម្មការលើកទឹកចិត្ត និងជំរុញផលិតកម្មអំបិល បានដឹកនាំកិច្ចប្រជុំពិភាក្សា លើការស្នើគម្រោងបង្កើតរោងចក្រផលិតអំបិល និង ការសិក្សាសក្តានុពលផលិត និងប្រើប្រាស់អំបិលនៅកម្ពុជា របស់ក្រុមហ៊ុន ចេនឡា ហ្វ៊ូដ អិចប្រេស ឯ.ក (CHENLA FOOD EXPRESS CO., LTD.)។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងសិក្សាស្វែងយល់ អំពីទស្សនៈគម្រោង សក្តានុពលផលិតកម្ម ការកែច្នៃ និងការប្រើប្រាស់អំបិលក្នុងស្រុក ក៏ដូចជា ការពិនិត្យលទ្ធភាពនៃការចូលរួមរបស់វិស័យឯកជន ក្នុងការគាំទ្រការអភិវឌ្ឍវិស័យអំបិលកម្ពុជា ។

អង្គប្រជុំ បានផ្លាស់ប្តូរយោបល់លើទិដ្ឋភាព គោលនយោបាយ, បច្ចេកទេស ហិរញ្ញវត្ថុ និងការសម្របសម្រួលពាក់ព័ន្ធ ដើម្បីធានាថា គម្រោងនេះអាចអនុវត្តទៅមុខបាន និងស្របតាមនីតិវិធីជាធរមាន ដោយឆ្លើយតបទៅ នឹងផលប្រយោជន៍សង្គម-សេដ្ឋកិច្ចជាតិ។

ក្នុងកិច្ចប្រជុំនេះ អង្គប្រជុំបានពិភាក្សាអំពីស្ថានភាពទូទៅ នៃវិស័យអំបិលកម្ពុជា ដែលជាវិស័យមានសារៈសំខាន់ ចំពោះជីវភាពប្រចាំថ្ងៃ កសិកម្ម ឧស្សាហកម្ម សន្តិសុខស្បៀង និងសុខភាពសាធារណៈ ។

វិស័យនេះ ក៏នៅមានចំណុច ដែលត្រូវបន្តពង្រឹងបន្ថែម ដូចជា ការធ្វើទំនើបកម្មបច្ចេកទេសផលិត ការលើកកម្ពស់គុណភាព និង ស្តង់ដារ, ការរៀបចំឃ្លាំងស្តុក ការគាំទ្រផលិតករ និងសហគមន៍អំបិល, ជាពិសេស ការប្រើប្រាស់ដីស្រែអំបិល ឱ្យមានប្រសិទ្ធភាព និងការពង្រឹងសមត្ថភាពប្រកួតប្រជែង របស់ផលិតកម្មអំបិលក្នុងស្រុក។

លោកបានលើកឡើងថា ការចូលរួមរបស់វិស័យឯកជន ក្នុងការអភិវឌ្ឍវិស័យអំបិល គួរត្រូវបានស្វាគមន៍ ប្រសិនបើគម្រោងមានភាពច្បាស់លាស់ អាចអនុវត្តបានជាក់ស្តែង និងចូលរួមដោះស្រាយតម្រូវការរបស់វិស័យមួយនេះ។ ជាមួយគ្នានេះ, ការពិចារណាលើការស្នើសុំវិនិយោគ និងការលើកទឹកចិត្តណាមួយ ត្រូវផ្អែកលើក្របខណ្ឌច្បាប់ និងគោលនយោបាយជាធរមាន ភាពច្បាស់លាស់នៃប្រភពទុន សមត្ថ​ភាពបច្ចេកទេស ផលប៉ះពាល់បរិស្ថាន-សង្គម ការចូលរួមជាមួយផលិតករអំបិលក្នុងស្រុក និងផលប្រយោជន៍សាធារណៈ។

ជាលទ្ធផល, អង្គប្រជុំ បានផ្តល់ជាមតិយោបល់ និង ធាតុចូលល្អៗ ដើម្បីឱ្យក្រុមហ៊ុនអាចបន្តសិក្សា និងរៀបចំការស្នើសុំឱ្យបានលម្អិតបន្ថែម រួមមាន ផែនការវិនិយោគ គំរូអាជីវកម្ម ប្រភពទុន បច្ចេកវិទ្យាផលិត និងកែច្នៃ ផែនការសហការជាមួយកសិករ និង សហគមន៍អំបិល ការវាយតម្លៃផលប៉ះពាល់បរិស្ថាន-សង្គម និងចំណុចស្នើសុំការលើកទឹកចិត្តដែលក្រុមហ៊ុនចង់បាន ដើម្បីឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ អាចពិនិត្យបន្តតាមនីតិវិធីជាធរមាន និងស្របតាមអភិក្រម “ជីវ​ភាពនៃប្រព័ន្ធតួអង្គតែមួយ” ក្នុងការជំរុញការអភិវឌ្ឍវិស័យអំបិល ឱ្យមានភាពប្រទាក់ក្រឡា និងមានចីរភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here