ដោយៈ ចំណាន
ភ្នំពេញៈ ក្រុមការងារផ្នែកឯកជន “ក” “ផ្នែកកសិកម្ម និងកសិឧស្សាហកម្ម” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនបានបើកកិច្ចប្រជុំពិភាក្សាលើឱកាស និងបញ្ហាប្រឈមមួយចំនួន។
កិច្ចប្រជុំនេះដឹកនាំដោយ ឧកញ៉ា ម៉ុង រិទ្ធថា សហប្រធានក្រុមការងារ “ក”តំណាងផ្នែកឯកជន។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់ ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា, អនុសហប្រធានក្រុមការងារ “ក” តំណាងផ្នែកឯកជន តំណាងសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា តំណាងសហព័ន្ធស្វាយចន្ទីកម្ពុជា តំណាងសមាគមវារីវប្បកម្មនៅកម្ពុជា តំណាងសមាគមអ្នកផ្គត់ផ្គង់ត្រីនៅកម្ពុជា តំណាងសមាគមចុងភៅនៅកម្ពុជា សមាគមសម្ព័ន្ធដំឡូងមីកម្ពុជា-ចិន និងអ្នកពាក់ព័ន្ធជាសមាជិក នៃក្រុមការងារផ្នែកឯកជនជាច្រើនទៀតផងដែរ។
កិច្ចប្រជុំនេះមានគោលបំណង ដើម្បីបន្តធ្វើការពិនិត្យ ពិភាក្សាលើបញ្ហាប្រឈមដែលនៅសេសសល់ និងបន្តលើកឡើងនូវបញ្ហាប្រឈមថ្មីៗ បន្ថែមទៀតក្នុងវិស័យកសិកម្ម និងកសិឧស្សហកម្ម ដើម្បីដាក់ស្នើសុំដំណោះស្រាយជាមួយនឹងដៃគូ គឺក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនាពេលខាងមុខនេះ។
កិច្ចប្រជុំបានធ្វើការពិនិត្យ ពិភាក្សាលើបញ្ហាប្រឈមរបស់ផ្នែកឯកជនមួយចំនួនរួមមាន ១. បញ្ហាទិន្នផលកសិកម្មបន្ទាប់ពីការបិទព្រំដែនកម្ពុជា-ថៃ ២. បញ្ហាប្រឈមក្នុងផ្នែកចិញ្ចឹមសត្វ និងការផ្គត់ផ្គង់សាច់សត្វ, ៣. ផ្នែកដាំដុះ បញ្ហាក្នុងការបង្វិលទុន ៤. ផ្នែកជីកសិកម្ម នីតិវិធីក្នុងការចុះបញ្ជីផលិតផលជីថ្នាំកសិកម្ម, ៥.ផ្នែកវារីវប្បកម្ម កង្វះខាតការបណ្តុះបណ្តាលជំនាញ ៦. ផ្នែកហេដ្ឋារចនាសម្ព័ន្ធគាំទ្រ បញ្ហាប្រភពទុនក្នុងការរៀបចំទីលានហាល និងឡសម្ងួត, ៧. បញ្ហាពន្ធនាំចេញសម្រាប់ផលិតផលជលផលកម្ពុជា រួមនឹងបញ្ហាប្រឈមមួយចំនួនផ្សេងទៀតផងដែរ៕








