ក្រសួង​សេដ្ឋកិច្ច​ពង្រឹង​ធន​ធាន​មនុស្ស​ផ្នែក​គ្រប់​គ្រង​សេដ្ឋកិច្ច​ និង​ហិរញ្ញ​វត្ថុ​

ដោយៈ ម៉ាណា

    ភ្នំពេញៈ មន្ត្រីរាជការក្របខណ្ឌថ្មី នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចំនួន៤៥៧នាក់ បានទទួលការបណ្តុះបណ្តាលតម្រង់ទិស លើការគ្រប់គ្រងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ពិធីបើកវគ្គនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់លោក បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាងសមត្ថភាពនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពីមន្រ្តីពាក់ព័ន្ធ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ថ្លែងនៅក្នុងពិធីនោះ លោកបណ្ឌិតសភាចារ្យ បានគូសរំលេចថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយថាមពល វៃឈ្លាស និង ប៉ិនប្រសប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវ “យុទ្ធសាស្ត្របញ្ចកោ​ណ-ដំណាក់កាលទី១” ដោយផ្តល់អាទិភាពខ្ពស់បំផុត លើការអភិវឌ្ឍមូលធនមនុស្ស សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និង ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០ ។

លោកបន្ថែមថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តែងយកចិត្តទុកដាក់ជាប្រចាំលើការកសាង និងការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការ ដោយបានដាក់ឱ្យអនុវត្តនូវ “ក្របខណ្ឌគ្រប់គ្រង និង អភិវឌ្ឍធនធានមនុស្សឆ្នាំ ២០២៤-២០២៨” ក្នុងក្របខណ្ឌផ្ទៃក្នុងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សំដៅកសាងមូលធនមនុស្ស ប្រកបដោយគុណវុឌ្ឍិវិជ្ជាជីវៈ ។

ទន្ទឹមនេះ ក្នុងក្របខណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រកសាង និងអភិវឌ្ឍសមត្ថភាព សម្រាប់តម្រង់ទិសការបណ្ដុះបណ្ដាល និងវិក្រឹតការសមត្ថភាព ដែលមានលក្ខណៈប្រមូលផ្តុំ ជាប្រព័ន្ធ និងគ្រប់ជ្រុងជ្រោយ ជូនមន្ត្រីអនុវត្តការងារហិរញ្ញវត្ថុសាធារណៈ របស់ក្រសួង ស្ថាប័ន និងមន្ទីរអង្គភាពជំនាញពាក់ព័ន្ធក្រោមឱវាទ រួមនឹងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីចូលរួមចំណែកគាំទ្រ និង អនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឱ្យសម្រេចតាមគោលដៅ ប្រកបដោយភាពជោគជ័យ និងប្រសិទ្ធភាពខ្ពស់។

លោក បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាងសមត្ថភាពនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
លោក បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាងសមត្ថភាពនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

លោកបណ្ឌិតសភាចារ្យ បានគូសរំលេចជូនអង្គពិធីថា ក្នុងគោលដៅពង្រឹងការអនុវត្តមុខងារ និងភារកិច្ច របស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យអូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ឱ្យអនុវត្តនូវអភិក្រមការងារ ចំនួន៤ គឺ១). អនុវត្តការងារប្រកបដោយវិជ្ជាជីវៈ និងគោរពក្រមសីលធម៌វិជ្ជាជីវៈ។ ២). អនុវត្តន៍ការងារជាក្រុម, ៣). អនុវត្តការងារដោយប្រកាន់ខ្ជាប់ស្មារតីបុរេសកម្ម និងគោលការណ៍ប្រសិទ្ធភាពថវិកា និង៤). មិនត្រូវមើលរំលងកំហុសខ្លួនឯង។

វគ្គបណ្តុះបណ្តាលតម្រង់ទិស លើការគ្រប់គ្រងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានរយៈពេល៥ថ្ងៃនេះ គឺពិតជាមានសារៈសំខាន់ណាស់ ក្នុងការតម្រង់ទិសជំនាញវិជ្ជាជីវៈ និងបំពាក់នូវចំណេះជំនាញពាក់ព័ន្ធ សម្រាប់ការងារគ្រប់គ្រងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជូនមន្ដ្រីរាជការ ដែលនឹងចូលរួមចំណែកដល់ ការលើកកម្ពស់សមត្ថភាព ចំណេះដឹង, ការបង្កើនការយល់ដឹង និងជំនាញជាមូលដ្ឋាន សម្រាប់ការអនុវត្តការងារ តួនាទីភារកិច្ចប្រចាំថ្ងៃ ជូនអង្គភាព និងដើម្បីធ្វើជាស្ពាន សម្រាប់មន្ត្រីរាជការក្របខណ្ឌថ្មី ក្នុងការអភិវឌ្ឍសមត្ថភាព និងជំនា​ញ ឱ្យកាន់តែប្រសើរថែមទៀត នៅពេលអនាគត៕

LEAVE A REPLY

Please enter your comment!
Please enter your name here