ក្រសួង​សេដ្ឋកិច្ច​បញ្រ្ជាប​ការ​យល់​ដឹង​ការ​អនុវត្ត​ចំណាយ​វិនិយោគ​ថវិកា​ថ្នាក់​ជាតិ​ហិរញ្ញប្បទាន​ក្នុង​ប្រទេស​

ដោយៈ និស្ស័យ

    ភ្នំពេញៈ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រៀបចំកម្មវិធីបញ្ជ្រាបការយល់ដឹង ស្តីពីការអនុវត្តចំណាយវិនិយោគ ថវិកាថ្នាក់ជាតិហិរញ្ញប្បទានក្នុងប្រទេស និង ការកត់ត្រាទិន្នន័យចំណាយគម្រោងវិនិយោគសាធារណៈដោយហិរញ្ញប្បទានក្រៅប្រទេស ក្នុងFMIS” ដើម្បីលើកកម្ពស់ការគ្រប់គ្រងថវិកាវិនិយោគ ឱ្យកាន់តែមានតម្លាភាព គណនេយ្យភាព និង ប្រសិទ្ធភាព។

ក្នុងគោលបំណងពង្រឹងការយល់ដឹង និង ជំរុញការអនុវត្តនីតិវិធីគ្រប់គ្រងចំណាយវិនិយោគសាធារណៈ ឱ្យកាន់តែមានតម្លាភាព គណ​នេយ្យភាព និងប្រសិទ្ធភាព ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំកម្មវិធី “បញ្ជ្រាបការយល់ដឹងស្តីពី ការអនុវត្តចំណាយវិនិយោគថវិកាថ្នាក់ជាតិហិរញ្ញប្បទានក្នុងប្រទេស និងការកត់ត្រាទិន្នន័យចំណាយគម្រោងវិនិយោគសាធារណៈ ដោយហិរញ្ញប្បទានក្រៅប្រទេស ក្នុង FMIS” នាព្រឹកថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០២៦ នៅសណ្ឋាគាររ៉ាហ្វ៊ល ឡឺ រ៉ូយ៉ាល់ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កម្មវិធីនេះត្រូវបានដឹកនាំដោយ លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោងFMIS តំណាងដ៏ខ្ពង់ខ្ពស់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ និង តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំងអគ្គនាយកដ្ឋានសំខាន់ៗ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

ថ្លែងក្នុងឱកាសនោះ លោកបណ្ឌិតសភាចារ្យ បានជម្រាបជូនអង្គពិធីថា កម្មវិធីនេះជាផ្នែកមួយនៃផែនការអនុវត្តគម្រោងFMIS ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលជាកម្មវិធីគោ​លនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល ដោយបានចែងច្បាស់ នូវចក្ខុវិស័យ ក្នុងការប្រែក្លាយប្រព័ន្ធហិរញ្ញវត្ថុសាធារណៈកម្ពុជា ឱ្យក្លាយជាប្រព័ន្ធមួយ ដែលផ្តោតលើលទ្ធផល ឬ សមិទ្ធកម្ម និង មានលក្ខណៈវិមជ្ឈការ ស្របតាមស្តង់ដា និង ឧត្តមានុវត្តន៍ ។

លោកបញ្ជាក់ថា ក្នុងដំណាក់កាលនេះ ការអនុវត្តចំណាយវិនិយោគថវិកាថ្នាក់ជាតិហិរញ្ញប្បទានក្នុងប្រទេស ត្រូវបានដាក់ឱ្យអនុវត្តបន្ថែមទៅក្រសួងចំនួន៨ រួមមាន៖ ១). ក្រសួងមហាផ្ទៃ, ២). ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ៣). ក្រសួងសុខាភិបាល, ៤). ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ៥). ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, ៦). ក្រសួងធនធានទឹក និងឧតុនិយម, ៧). ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង ៨). ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

តាមរយៈFMIS ក្រសួង-ស្ថាប័នអាចស្នើសុំធានាចំណាយ អនុវត្តកិច្ចលទ្ធកម្ម និង ទូទាត់ចំណាយ តាមរំហូរអនុម័ត ដែលមានភាពច្បាស់លាស់ និង អាចតាមដានបាន ។

ជាមួយគ្នានេះ ការកត់ត្រាទិន្នន័យចំណាយគម្រោងវិនិយោគសាធារណៈ ដោយហិរញ្ញប្បទានក្រៅប្រទេស នឹងត្រូវដាក់ឱ្យអនុវត្តបន្ថែមទៅក្រសួង ចំនួន ៣ គឺ ១). ក្រសួងអប់រំ យុវជន និង កីឡា, ២). ក្រសួងសុខាភិបាល និង ៣). ក្រសួងធនធានទឹក និង ឧតុនិយម ។ ការដាក់ឱ្យប្រើប្រាស់FMIS ក្នុងកិច្ចការនេះ នឹងជួយបញ្ចប់នូវការកត់ត្រាទិន្នន័យបែបដាច់ដោយឡែក តាមឯកសារ ឬតារាងក្រៅប្រព័ន្ធ និង ផ្តល់នូវទិន្នន័យចំណាយពេញលេញ ស្របតាមគតិយុត្ត និងងាយស្រួលសម្រាប់ការរៀបចំរបាយការណ៍ និងការសម្រេចចិត្ត បានឆាប់រហ័ស និង មានភាពសុក្រឹតខ្ពស់៕

លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោងFMIS
លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោងFMIS

 

LEAVE A REPLY

Please enter your comment!
Please enter your name here