ទំហំពាណិជ្ជកម្មកម្ពុជាសម្រេចបានទឹកប្រាក់ជាង២៣ពាន់លានដុល្លារនៅរយៈពេល៤ខែដើមឆ្នាំនេះ

ដោយៈ និស្ស័យ

    ភ្នំពេញៈ របាយការណ៍បានបង្ហាញថា ការ​ធ្វើ​ពាណិជ្ជកម្ម​ទំនិញ​​រវាង​ប្រទេស​កម្ពុជា​ ជា​មួយ​បណ្តា​ប្រទេស​ដៃគូទាំង​អស់ ​​នៅតែបង្ហាញ​កំណើន​គួរ​ឱ្យ​កត់​សម្គាល់ ដោយ​ក្នុងរយៈ​ពេល ៤ខែ​ ដើម​ឆ្នាំ​២០២៦ នេះ​សម្រេច​បាន​ ក្នុង​ទឹក​ប្រាក់​​ជាង២៣ពាន់លាន​ដុល្លារ។

ទំហំនេះបានបញ្ជាក់ពីការកើន​ជិត ២០% បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​២០២៥។ ទោះយ៉ាង​ណា អតុល្យ​ភាព​នៃ​ជញ្ជីង​ពាណិជ្ជកម្ម​អន្តរ​ជាតិ​កម្ពុជា​ នៅតែ​បន្តស្ថិត​ក្នុង​រង្វង់​ប្រមាណ១០០០លាន​លាន​ដុល្លារ​។​ ​​

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមទិន្នន័យរបស់​​​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​​កម្ពុជា(GDCE) ​ចេញ​ផ្សាយ​ក្នុង​ថ្ងៃ​ទី​១១ ខែឧសភា​ បង្ហាញ​ថា ចាប់​ពី​ខែ​មករា ដល់​ខែ​មេសា ឆ្នាំ​២០២៦ ការ​ផ្លាស់​ប្តូរ​​ទំនិញ​រវាង​កម្ពុជា ជាមួយ​​បណ្តា​ប្រទេស​ដៃ​គូ​ទាំងអស់ ​​​មានទឹក​ប្រាក់​ស​រុ​ប២៣,៣៨ ពាន់​លាន​ដុល្លារ កើន​ឡើង១៩,៩% ​​បើ​ធៀប​នឹងរយៈ​ពេល​ដូចគ្នា ​ក្នុង​ឆ្នាំ​២០២៥ ដែលមាន ១៩,៥ ពាន់​លាន​ដុល្លារ​។

​ក្នុង​ចំនួន​នេះ​ ​​​កម្ពុជានាំ​ទំនិញ​ចេញ​ទៅ​ទីផ្សារ​អន្តរ​ជាតិ​១១,១២ ពាន់​​​លាន​ដុល្លារ កើនឡើង២១,៧% និង​​នាំ​ចូល​​​វិញ​១២,២៦ ពាន់​​​លាន​ដុល្លារ កើន​​១៨,៣%​​។ ប្រទេស​​ដៃគូ​ពាណិជ្ជកម្ម​សំខាន់​ៗ​របស់​​កម្ពុជា​ រួម​មាន ចិន អាមេរិក វៀតណាម ជប៉ុន ថៃ សិង្ហបុរី និង​ម៉ាឡេស៊ី។​​​

អនុ​ប្រធាន​សមាគម​ពាណិជ្ជកម្ម​កម្ពុជា-​ចិន លោក ឡោ វិចិត្រ បានមានប្រសាសន៍​ថា ការ​កើន​ឡើង​នៃ​សមត្ថភាព​ផលិត​កម្ម ​ក្នុង​ស្រុក និង​ចំនួន​រោងចក្រ​​ថ្មីៗ ដែលទើប​​បើក​ដំណើរ​ការ បានរុញ​​ឱ្យ​សកម្ម​ភាព​​នាំចេញ-នាំចូល​ទំនិញ​រវាង​កម្ពុជា​ជាមួយ​ប្រទេស​នានា​ ហក់​ឡើង​ជាបន្ត​បន្ទាប់​។ ចំនួន​នេះ​នឹង​បន្ត​កើនឡើង​ថែមទៀត​នាពេលខាងមុខ​។​

លោក​បន្តថា សម្រាប់​កំណើន​ទឹកប្រាក់​នាំចេញ​របស់​កម្ពុជា គឺ​ដោយ​​សារ​កត្តា​ចម្បង​ចំនួន២ គឺ​ទី​១ ការ​​កើនឡើង​នៃ​សមត្ថភាព​ផលិតកម្ម​ក្នុងស្រុក​ ដែល​បាន​ពី​កំណើន​រោងចក្រ​/​សហគ្រាស និង​កំណើន​ទិន្នផល​ក្នុង​វិស័យ​កសិកម្ម និង​ទី​២ កម្ពុ​ជាមាន​ទីផ្សារ​នាំចេញ​ធំៗ​ ដែល​ទទួលបាន​ពី​ការផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធគយ ​នាំ​ទំនិញ​ទៅ​ប្រទេស​មួយចំនួន ព្រមទាំង​ការចូល​ជាធរ​មាន នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី និង​ពហុភាគី ដែល​កម្ពុជា​បាន​ចុះហត្ថលេខា​ជា​មួយ​ប្រទេស​ជា​ច្រើន​លើ​ពិភពលោក​។​

លោក​ថ្លែងថា​ “​ខ្ញុំ​មានជំនឿថា ទឹក​ប្រាក់​នៃ​ការនាំចេញ​ទំនិញ​កម្ពុជា​នឹង​បន្ត​កើនឡើង​ទៀត​ក្នុងឆ្នាំនេះ ព្រោះ​បច្ចុប្បន្នកម្ពុ​ជាមាន​ផលិត​ផល​ជាច្រើន​មុខ​សម្រាប់​នាំចេញ ខណៈ​កេរ្តិ៍​ឈ្មោះ គុណភាព និង​តម្លៃ​ទំនិញ​កម្ពុជា​ក៏មាន​លក្ខណៈ​ប្រកួតប្រជែង​ខ្លាំង​ផងដែរ​”​៕

LEAVE A REPLY

Please enter your comment!
Please enter your name here