ដោយៈ ម៉ាលីនណា
ភ្នំពេញៈ ស្ថាប័នជីអេស១កម្ពុជា គាំទ្រដោយសភាពាណិជ្ជកម្មកម្ពុជា បានរៀបចំសិក្ខាសាលាស្តីពី ការគាំទ្រផលិតផលជាតិ និង ត្រៀមខ្លួនដាក់លក់ផលិតផលខ្មែរលើទីផ្សារ។
សិក្ខាសាលានេះធ្វើឡើងក្រោមប្រធានបទ៖ ការវេចខ្ចប់ និងការកសាង ម៉ាកយីហោ ក្នុងគោលដៅជួយគាំទ្រ ដល់អ្នកផលិតក្នុងស្រុក ដើម្បីធ្វើការកែលម្អ ម៉ាកផលិតផល អនុលោមភាពតាមបទបញ្ញត្តិ និងការវេចខ្ចប់ប្រកប ដោយចីរភាព។
សិក្ខាសាលានេះ ផ្តោតសំខាន់លើគោលដៅគាំទ្រ ការពង្រីកវិសាលភាព សហគ្រិនភាពកម្ពុជា តាមរយៈការយល់ដឹងអំពីការកសាងម៉ាកយីហោ នវានុវត្តន៍ក្នុងការវេចខ្ចប់ ការអនុលោមតាម ស្តង់ដារស្លាកសញ្ញាសម្រាប់ផ្សារទំនើប និងឱកាសហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍអាជីវកម្ម ក្នុងស្រុកឱ្យកាន់តែប្រសើរលើម៉ាកយីហោ ការវេចខ្ចប់ និងការបំពេញលក្ខខណ្ឌតម្រូវរបស់ ទីផ្សារស្តង់ដារ តាមរយៈបទពិសោធន៍ ចក្ខុវិស័យ និងទស្សនៈទានរបស់វាគ្មិនជាអ្នកជំនាញ លើវិស័យពាក់ព័ន្ធ ។
លោកឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជាបានអញ្ជើញជាអធិបតី និងមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាសភាពាណិជ្ជកម្មកម្ពុជា និងស្ថាប័នបារកូដ តំណាងមកពី ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ សមាគមពាក់ព័ន្ធ ដៃគូធនាគារ ដៃគូផ្សារលក់រាយ ផ្សារទំនើប អាជីវករ ផលិតករ និងពាណិជ្ជករប្រមាណ១៥០នាក់។
ថ្លែងក្នុងពិធីបើកសិក្ខាសាលានេះ ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងឱ្យដឹងថា សិក្ខាសាលានេះ មានសារៈសំខាន់ណាស់ សម្រាប់ពាណិជ្ជករ ម្ចាស់សហគ្រាស និងម្ចាស់អាជីវកម្មទាំងអស់ ក្នុងការរៀបចំខ្លួនឱ្យឆ្លើយតប ទៅនឹងតម្រូវការទីផ្សារ ជាពិសេសទទួលបាន បទពិសោធន៍ពិតជាក់ស្តែងតាមរយ:បទបង្ហាញអំពីការវេចខ្ចប់ និងការកសាងម៉ាកយីហោ ក្នុងការជំរុញផលិតផលចូលផ្សារទំនើប ឬម៉ាតនានា។
លោកឧកញ៉ា ជំរុញឲ្យមានការលើកកម្ពស់ការកសាងម៉ាកយីហោ និងគុណភាព គឺជាកត្តាចម្បងបំផុត បូកផ្សំ និងការវេចខ្ចប់អនុលោមតាមស្តង់ដារ ក៏ដូចជា លក្ខខណ្ឌតម្រូវរបស់ផ្សារទំនើប ឬអ្នកបញ្ជាទិញពីក្រៅប្រទេស។ លើសពីនេះ ធុរជន ពាណិជ្ជករ និងអ្នកផលិតទាំងអស់ ត្រូវគិតទៅលើរូបរាង សំបកវេចខ្ចប់ និងស្តង់ដារផលិតផលមានសារៈសំខាន់ណាស់សម្រាប់អតិថិជន។
ឧកញ៉ា ងួន ម៉េងតិច បានផ្តល់អនុសាសន៍ផ្តាំផ្ញើដល់ធុរជន អាជីវករ ផលិតករ និងពាណិជ្ជករ ព្រមទាំងសមាជិក សមាជិកានៃសភាពាណិជ្ជកម្មកម្ពុជា ក៏ដូចជាស្ថាប័នជីអេស១កម្ពុជា និងអ្នកចូលរួមទាំងអស់ ត្រូវតែពង្រឹង និងពង្រីកសមត្ថភាពផ្ទៃក្នុងរបស់ខ្លួន ចេះរៀបចំផែនការហិរញ្ញវត្ថុ និងទីផ្សារ ពង្រឹងលើស្តង់ដារគុណភាព និងអនុលោមភាពនានា ដើម្បីអភិវឌ្ឍផលិតផលរបស់ខ្លួន ឱ្យកាន់តែមានគុណភាពខ្ពស់ និងសម្បូរបែប កាន់តែមានទំនុកចិត្តពីអ្នកប្រើប្រាស់ និងមានសក្តានុពលពាណិជ្ជកម្ម ទាំងនៅលើទីផ្សារជាតិ និងអន្តរជាតិ។
ក្នុងឱកាសនេះដែរ លោក ង្វៀន អាញ់ខាញ់ អគ្គនាយកប្រតិបត្តិ នៃធនាគារ អ៊ឹមប៊ី (ខេមបូឌា) ម.ក បានមានប្រសាសន៍ថា យើងជឿជាក់យ៉ាងមុតមាំលើសក្តានុពលរបស់SMEsកម្ពុជា។
លោកបញ្ជាក់ថា “យើងយល់ច្បាស់ថា ដើម្បីលើកកម្ពស់ផលិតផលខ្មែរ ម្ចាស់អាជីវកម្មមិនត្រឹមតែត្រូវ មានផលិតផលល្អនោះទេ ប៉ុន្តែក៏ត្រូវការដើមទុន ដើម្បីវិនិយោគលើការច្នៃប្រឌិត ការវេចខ្ចប់ និងការរចនាស្លាកសញ្ញាឱ្យមានភាពទាក់ទាញ និងស្របតាមស្តង់ដារ ដើម្បីមានឱកាសឈានចូលទីផ្សារទំនើបក្នុងស្រុក”។
លោកបន្តថា លើសពីនេះ យើងក៏យល់ច្បាស់ពីមហិច្ឆតារបស់អតិថិជន ក្នុងការការពង្រីកអាជីវកម្មពួកគាត់ ឱ្យហួសពីព្រំដែនកម្ពុជាផងដែរ។ ហេតុនេះហើយ ទើបយើងផ្តល់ជូននូវដំណោះស្រាយសេវាធនាគារឆ្លងដែនដ៏រឹងមាំ និងគួរឱ្យទុកចិត្តបំផុត៕








