ដោយៈ ចំណាន
ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកហាក់ សុខហេង បានអញ្ជើញចែករំលែកបទពិសោធ នៃការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS)ដល់គណៈប្រតិភូជាន់ខ្ពស់ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
ភាគីឡាវដឹកនាំដោយ លោក Phouvong Kittavong អនុរដ្ឋមន្រ្តី នៃក្រសួងហិរញ្ញវត្ថុ អមដោយថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេស ចំនួន ២៥រូប និងវត្តមានរបស់កញ្ញា Tessa Clear Cullen អ្នកជំនាញវិស័យសាធារណៈ និងជាប្រធានកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈប្រចាំប្រទេសកម្ពុជានិងឡាវ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ ក.ប.ទ.ចំនួន២០រូប នៅទីស្តីការក្រសួង។
ក្នុងជំនួបនេះ លោករដ្ឋលេខាធិការនិងមន្រ្តីជំនាញ ក.ប.ទ. បានធ្វើបទបង្ហាញអំពីប្រវត្តិដំណើរការ ភាពជោគជ័យ និងបញ្ហាប្រឈមនៃការប្រើប្រាស់FMIS ចាប់ពីឆ្នាំ២០១៧។
គណៈប្រតិភូឡាវ ក៏បានអញ្ជើញពិនិត្យដំណើរជាក់ស្តែង នៃការប្រើប្រាស់ប្រព័ន្ធFMIS នៅនាយកដ្ឋានផែនការនិងហិរញ្ញវត្ថុផងដែរ។ ក្នុងឱកាសនេះ ឯកឧត្តមអនុរដ្ឋមន្រ្តី Phouvong Kittavong បានថ្លែងអំណរគុណ ចំពោះការចែករំលែកបទពិសោធន៍ ក្នុងនាមជាក្រសួងប្រើប្រាស់ប្រព័ន្ធFMIS ហើយលោកនឹងយកបទពិសោធជាក់ស្តែងល្អៗទាំងនេះ ដើម្បីត្រៀមក្នុងការដាក់ឱ្យអនុវត្តប្រព័ន្ធ IFMIS របស់ឡាវនៅឆ្នាំ២០២៧ខាងមុខ។
គណៈប្រតិភូជាន់ខ្ពស់នៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ បានអញ្ជើញមកបំពេញទស្សនកិច្ចសិក្សា នៅព្រះរាជាណាចក្រកម្ពុជាដើម្បីសិក្សា និងដកស្រង់បទពិសោធជាក់ស្តែង ក្នុងការរៀបចំ ការកសាង ការអភិវឌ្ឍ និង ការអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) នៅព្រះរាជាណាចក្រកម្ពុជា ក្នុងក្របខណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
ដំណើរទស្សនកិច្ចសិក្សានេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១១-១៣ ខែឧសភា ឆ្នាំ២០២៦ នៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក.ប.ទ.៕








