ដោយៈ ចំណាន
ភ្នំពេញៈ ក្រុមមន្រ្តីជាន់ខ្ពស់បានដឹកនាំកិច្ចពិភាក្សា ពិគ្រោះយោបល់ជាមួយក្រសួងបរិស្ថាន លើការងារពាក់ព័ន្ធនឹងសហគ្រាសធុនតូច និងមធ្យម(SMEs) ការអភិវឌ្ឍវិស័យទេសចរណ៍ កសិកម្ម រ៉ែ និងថាមពល។
កិច្ចប្រជុំនេះដឹកនាំដោយលោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានអញ្ជើញដឹកនាំកិច្ចពិភាក្សាពិគ្រោះយោបល់ជាមួយ គណៈប្រតិភូក្រសួងបរិស្ថានដឹកនាំដោយ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ពាក់ព័ន្ធនឹងសហគ្រាសធុនតូចនិងមធ្យម (SMEs) ការអភិវឌ្ឍវិស័យទេសចរណ៍ កសិកម្ម រ៉ែ និងថាមពល។
កិច្ចប្រជុំនារសៀលនេះ បានប្រព្រឹត្តទៅដោយមានវត្តមានអញ្ជើញចូលរួមពីសំណាក់ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល អនុប្រធានទី៣ ក.អ.ក. រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប។
ក្នុងបរិយាកាសប្រកបដោយភាពស្និទ្ធស្នាល និងស្មារតីបុរេសកម្ម អង្គប្រជុំបានឆ្លងកាត់ការពិភាក្សា ផ្លាស់ប្តូរមតិយោបល់យ៉ាងផុលផុស និងស៊ីជម្រៅ ដោយផ្អែកលើមូលដ្ឋាន នៃកិច្ចសហការអន្តរស្ថាប័ន និងការទទួលខុសត្រូវខ្ពស់បំផុត ចំពោះឧត្តមប្រយោជន៍ជាតិ។
ជាលទ្ធផល អង្គប្រជុំបានដាក់ចេញនូវផែនការសកម្មភាព និងទិសដៅការងារបន្តយ៉ាងច្បាស់លាស់ សំដៅធានាឱ្យបាននូវការអនុវត្តប្រកបដោយប្រសិទ្ធភាព នូវរាល់វិធានការគន្លឹះ ដែលនឹងប្រែក្លាយវិស័យសក្តានុពលទាំងនោះ ឱ្យទៅជាថាមពលរុញច្រានកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងមាំ ប្រកបដោយភាពធន់ បរិយាបន្ន និងចីរភាពយូរអង្វែង៕









