ដំណឹង​ល្អ!​ក្រុម​ហ៊ុន​ចិន​ធំ​មួយ​គ្រោង​វិនិយោគ​លើ​ប្រព័ន្ធ​ចរាចរណ៍​ឆ្លាត​វៃ​នៅ​រាជ​ធានី​ភ្នំ​ពេញ​

ដោយៈ ម៉ាណា

    ភ្នំពេញៈ ក្រុមហ៊ុនចិនធំមួយបានបង្ហាញពីគំរោងវិនិយោគលើបណ្តាញចរាចរណ៍ឆ្លាតវៃ(smart Traffic)នៅរាជធានីភ្នំពេញ។

ព័ត៌មាននេះត្រូវបានលើកឡើងកាលពីសប្តាហ៍មុន ក្នុងឱកាសលោកជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី បានទទួលជួបពិភាក្សាការងារជាប្រតិភូវិនិយោគិនចិនដឹកនំាដោយលោកស្រីLi Hui Qian។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងជំនួបនោះ លោកស្រីបានបង្ហាញបំណងវិនិយោគ លើគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចរាចរណ៍ឆ្លាតវៃ (Smart Traffic) នៅរាជធានីភ្នំពេញ និងគម្រោងបំពាក់បង្គោល និងអំពូលភ្លើងតាមមហាវិធីស៊ី ជីនពីងតាមរូបភាព BOT។

លោកអគ្គលេខាធិការបានមានមតិស្វាគមន៍ និងបានជម្រាបជូនលោកស្រីថាគម្រោងនេះជាគម្រោងល្អ ព្រោះអាចកាត់បន្ថយការកកស្ទះចរាចរ កាត់បន្ថយពេលវេលា កាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ និងកាត់បន្ថយផ្សែងពុលដែលបណ្តាលមកពីការកកស្ទះ។

ក្នុងន័យនេះ ឯកឧត្តមអគ្គលេខាធិការ បានស្នើសុំឱ្យលោកស្រីធ្វើការជាមួយក្រសួង ស្ថាប័នមានសមត្ថកិច្ច ជាពិសេស ក្រសួងសាធារណការនិងដឹកជញ្ជូន និងរដ្ឋបាលរាជធានីភ្នំពេញ។

ទន្ទឹមនេះ លោកជា វុទ្ធី ក៏បានពន្យល់ពីតួនាទីនិងសមត្ថកិច្ចរបស់គណៈកម្មាធិការវិនិយោគកម្ពុជា និងបានលើកទឹកចិត្តឱ្យលោកស្រី គិតគូរបណ្តាក់ទុនវិនិយោគ ក្នុងវិស័យកម្មន្តសាល ដើម្បីផលិតនាំចេញ ក៏ដូចបម្រើទីផ្សារក្នុងស្រុក៕

LEAVE A REPLY

Please enter your comment!
Please enter your name here