ដោយៈ ម៉ាណា
ម៉ាឡេស៊ីៈ សមាគមធុរកិច្ចម៉ាឡេស៊ីកម្ពុជា (MCBA) និងសហព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) បានចុះអនុស្សរណៈរួមគ្នា(MoU) ក្នុងគោលបំណងត្រៀមរៀបចំវេទិកា ភាពជាអ្នកដឹកនាំអន្តរជាតិកម្ពុជាឆ្នាំ២០២៧ ដើម្បីលើកកម្ពស់ការវិនិយោគ និងពាណិជ្ជកម្មនាពេលអនាគតរវាងប្រទេសទាំងពីរ។
ក្នុងឱកាសនោះ លោកអនុព័ន្ធពាណិជ្ជកម្មកម្ពុជា ក៏បានលើកឡើង អំពីទំហំពាណិជ្ជកម្មកម្ពុជានិងម៉ាឡេស៊ី ដែលកំពុងបន្តកើនឡើងគួរអោយកត់សម្គាល់សម្រាប់ត្រីមាសទី១ ឆ្នាំ២០២៦ ទោះបីជាពិភពលោក កំពុងជួបវិបត្តិប្រេងសកលក៌ដោយ និងបានបង្ហាញអំពីបរិយាកាសវិនិយោគនៅកម្ពុជា ច្បាប់ បទបញ្ញត្តិថ្មីៗ ជាពិសេសការធ្វើសាមញ្ញកម្ម នៃការងារចុះបញ្ជីពាណិជ្ជកម្ម របស់ក្រសួងពាណិជ្ជកម្មកម្ពុជា ដែលទើបប្រកាសដាក់ ឱ្យប្រើប្រាស់នាពេលថ្មីៗកន្លងមកនេះ ដែលនឹងជួយដល់វិនិយោគិន ដែលមានបំណងចង់ មកបើកក្រុមហ៊ុននៅកម្ពុជាកាន់តែងាយស្រួល និងចំណាយតិចជាងមុន។
ព័ត៌មាននេះត្រូវបានលើកឡើង ក្នុងឱកាសលោក វ៉ិត បញ្ញា អនុព័ន្ធពាណិជ្ជកម្មកម្ពុជា បានចូលរួមកម្មវិធី 2nd MCBA Networking & Council Installation night 2026 ដែលរៀបចំឡើងដោយសមាគមធុរកិច្ចម៉ាឡេស៊ីកម្ពុជា (MCBA)ដោយមានការចូលរួមពី លោក Jai Shankar Deputy CEO of MATRADE ដែលជាភ្នាក់ងារមួយរបស់ក្រសួងវិនិយោគ ពាណិជ្ជកម្ម និងឧស្សាហកម្មរបស់ម៉ាឡេស៊ី (MITI) រួមទាំងមានការចូលរួមពីសមាជិកMCBA, ប្រតិភូ FASMEC, អ្នកឧកញ៉ា ឧកញ៉ា វិនិយោគិន ក្រុមហ៊ុន សហគ្រាស និងសមាគមនានា ពីប្រទេសកម្ពុជា-ម៉ាឡេស៊ី មកពីវិស័យផ្សេងៗគ្នាដូចជា៖ ពាណិជ្ជកម្ម ឧស្សហកម្ម អបរំ ការថែទាំសុខភាព កសិកម្ម ទេសចរណ៍ បច្ចេកវិទ្យា អចលនទ្រព្យ និងភស្តុភាកម្ម៕










