ដោយៈ ចំណាន
ភ្នំពេញៈ សភាពាណិជ្ជកម្មកម្ពុជា បានរៀបចំសិក្ខាសាលាស្តីពីមាគ៌ាអប់រំសកល ដើម្បីគាំទ្រការរៀបចំអ្នកបន្តវេនអាជីវកម្ម និងអភិវឌ្ឍធនធានមនុស្សជំនាន់ក្រោយ។
សិក្ខាសាលានេះធ្វើឡើងក្រោមអធិបតី លោកឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា។
សិក្ខាសាលានេះ សហការរៀបចំដោយ សភាពាណិជ្ជកម្មកម្ពុជា និងក្រុមហ៊ុនអ៊ីស្គូលខេមបូឌា (E-School Cambodia) ក្នុងគោលបំណងជំរុញការអភិវឌ្ឍ ធនធានមនុស្សជំនាន់ក្រោយ និងការរៀបចំអ្នកបន្តវេនអាជីវកម្ម ដោយមានការចូលរួមពីតំណាង ANIBT អូស្ត្រាលី iSkills Hub ព្រមទាំងម្ចាស់អាជីវកម្ម និងសមាជិក-សមាជិកាសភាពាណិជ្ជកម្មជាច្រើនរូប។
ថ្លែងក្នុងឱកាសនៃពិធីបើកសិក្ខាសាលានេះ ឧកញ៉ា ងួន ម៉េងតិច បានសង្កត់ធ្ងន់ថា ការវិនិយោគលើការអប់រំអន្តរជាតិរបស់បុត្រធីតា គឺជា “ការវិនិយោគជាយុទ្ធសាស្ត្រ” ។
លោកឧកញ៉ា បានកត់សម្គាល់ថា តាមរយៈការសិក្សាក្នុងបរិយាកាសកម្រិតពិភពលោក ដូចជា នៅប្រទេសអូស្ត្រាលី សិស្សានុសិស្សនឹងទទួលបាននូវផ្នត់គំនិត និងសមត្ថភាពអន្តរជាតិដែលចាំបាច់ ដើម្បីធ្វើទំនើបកម្មសហគ្រាសគ្រួសារ និងរួមចំណែកដល់គោលដៅអភិវឌ្ឍធនធានមនុស្ស ស្របតាមចក្ខុវិស័យកម្ពុជាក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
លោកឧកញ៉ាបានបញ្ជាក់ថា “សម្រាប់ម្ចាស់អាជីវកម្មគ្រប់រូប ការរក្សានិរន្តរភាពអាជីវកម្មឱ្យបានគង់វង្សតជំនាន់ គឺជាបំណងប្រាថ្នាដ៏ធំបំផុត”។ លោកបន្តថា “ការបង្កើតអាជីវកម្មឱ្យជោគជ័យ គឺជារឿងពិបាក ប៉ុន្តែការរក្សាអាជីវកម្ម ឱ្យមាននិរន្តរភាពទៅជំនាន់ក្រោយ គឺរឹតតែមានភាពប្រឈមខ្លាំងជាងនេះទៅទៀត”។
មូលហេតុចម្បង ដែលនាំឱ្យអាជីវកម្មគ្រួសារភាគច្រើន ជួបហានិភ័យ គឺការខ្វះចន្លោះក្នុងការរៀបចំផែនការបន្តវេន ឬការខកខានក្នុងការបណ្តុះបណ្តាល “មរតកចំណេះដឹង” ឱ្យបានត្រឹមត្រូវ។ ដូច្នេះ ការវិនិយោគលើការសិក្សារបស់បុត្រធីតា គឺជាកត្តាចាំបាច់បំផុតដែលត្រូវគិតគូរឱ្យបានគ្រប់ជ្រុងជ្រោយ។
ជាមួយគ្នានេះបណ្ឌិត Chandren Selvadass នាយកប្រតិបត្តិ ANIBT ប្រចាំម៉ាឡេស៊ី ក៏បានផ្តល់នូវទស្សនទានអំពីការរៀបចំអ្នកបន្តវេនអាជីវកម្ម ដោយបញ្ជាក់ថា សម្រាប់គ្រួសារម្ចាស់អាជីវកម្ម ការអប់រំមិនមែនគ្រាន់តែ ជាការទទួលបានសញ្ញាបត្រប៉ុណ្ណោះទេ ប៉ុន្តែគឺជាការរៀបចំមនុស្សជំនាន់ក្រោយ ឱ្យចេះទទួលខុសត្រូវ ហ៊ានសម្រេចចិត្ត ចេះគ្រប់គ្រងភាពស្មុគស្មាញនៃពិភពលោក និងអាចរក្សាមរតកគ្រួសារដោយបញ្ញា និងទំនុកចិត្ត។
បណ្ឌិតសង្កត់ធ្ងន់ថា “អ្នកបន្តវេនមិនមែនកើតឡើងដោយស្វ័យប្រវត្តិតាមរយៈរង្សត្រកូលនោះទេ គឺត្រូវតែអភិវឌ្ឍន៍ តាមរយៈការស្វែងយល់ពីពិភពលោក ការអប់រំ ភាពចាស់ទុំ ការចេះវិនិច្ឆ័យ ជំនាញទំនាក់ទំនង និងទស្សនៈវិស័យអន្តរជាតិ”។ លោកបណ្ឌិត បានបន្ថែមថា “ការបញ្ជូនកូនទៅកាន់មជ្ឈដ្ឋានអន្តរជាតិ ដោយគ្មានការត្រៀមលក្ខណៈ គឺជាកំហុសមួយដែលអាចខាតបង់ច្រើន ដូច្នេះការរៀបចំតាមមាគ៌ាដែលបានគិតគូរល្អិតល្អន់ គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់អនាគតកូនៗ និងស្ថាប័នគ្រួសារ”។
អង្គសិក្ខាសាលាទាំងមូលបានជជែក ពិភាក្សាលម្អិតអំពីការត្រៀមលក្ខណៈ និងមូលដ្ឋានគ្រឹះនានាដែលចាំបាច់ សម្រាប់បណ្តុះបណ្តាលនិងបញ្ជូនបុត្រធីតា ទៅសិក្សានៅក្រៅប្រទេស ជាពិសេសប្រទេសអូស្ត្រាលី។ ក្នុងនោះ ក៏មានការធ្វើបទបង្ហាញដោយ តំណាងក្រុមហ៊ុនអ៊ីស្គូលខេមបូឌាផងដែរ ស្តីពីកម្មវិធីសិក្សាមូលដ្ឋានគ្រឹះរយៈពេល៦ខែ និងបទពិសោធន៍ជោគជ័យនៅតាមបណ្តាប្រទេសនានា៕








