ដោយ: សុខុម
ក្រុងសៀងហៃ: ភាគហ៊ុនក្រុងហុងកុង បានហក់ឡើងក្នុងកម្រិតខ្ពស់បំផុតក្នុងរយៈពេល១១ខែ ដោយសារបណ្ដាវិនិយោគិនមានសុទិដ្ឋិនិយមថា មូលនិធិរបស់ចិនប៉េកាំង នឹងជួយទ្រទ្រង់ដល់មូលធនដែលកំពុងសំយ៉ុងក្បាលចុះដោយសារទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។ នេះបើយោងតាមកាសែត South China Morning Post ចុះផ្សាយកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២១។
សន្ទស្សន៍ផ្សារភាគហ៊ុនក្រុងហុងកុង Hang Seng Index បានបន្ថែម ០,៥% ដល់ ២៨.០៣៧,៥១ នៅពេលបិទការជួញដូរកាលពីថ្ងៃអង្គារនេះ ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ មក។ ការហក់ឡើង ១,១% របស់ទីផ្សារភាគហ៊ុននេះអាចប៉ះប៉ូវរាល់ការខាតបង់ទាំងអស់ ចាប់តាំងពីប្រទេសចិន បិទក្រុងអ៊ូហាន (Wuhan) ដែលជាចំណុចផ្ទុះវីរុសកូវីដ-១៩ កាលពីប្រមាណ ១ ឆ្នាំមុន។
រីឯសន្ទស្សន៍ផ្សារភាគហ៊ុនក្រុងហុងកុង Shanghai Composite Index បានហក់ឡើង ០,៨% ក្រោយធ្លាក់ចុះ ១,១% កាលពីថ្ងៃច័ន្ទ ទី១១ មករា ដែលជាការធ្លាក់ថ្លៃខ្លាំងបំផុតក្នុងរយៈពេល ៣ សប្ដាហ៍។
ក្រុមអ្នកជួញដូរភាគហ៊ុនមកពីចិនប៉េកាំង បានបន្តហក់ចូលប្រឡូកក្នុងផ្សារភាគហ៊ុនក្រុងហុងកុង បន្ទាប់ពីពួកគេបានទិញយកភាគហ៊ុននេះក្នុងទំហំទឹកប្រាក់ ១៩,៥ ពាន់លានដុល្លារហុងកុង (២,៥ ពាន់លានដុល្លារអាមេរិក) តាមរយៈកម្មវិធីទិញភាគហ៊ុនឆ្លងដែន Stock Connect Programme កាលពីថ្ងៃច័ន្ទ ទី១១ មករា។
យោងតាមទិន្នន័យរបស់សារព័ត៌មាន Bloomberg បង្ហាញថា ពួកគេបានបោះទុនចំនួន ៥,៥ ពាន់លានដុល្លារហុងកុង បន្ថែមទៀតកាលពីថ្ងៃអង្គារ ទី១២ មករានេះ។
ទន្ទឹមនេះ ភាគហ៊ុនរបស់ក្រុមហ៊ុនចិន ធំៗរួមមានក្រុមហ៊ុន China Mobile ក្រុមហ៊ុន China Unicom ក្រុមហ៊ុន China Telecom បានហក់ឡើងយ៉ាងតិច ៤% បន្ថែមពីលើការហក់ឡើងកាលពីថ្ងៃច័ន្ទ ដោយសារមានការប៉ាន់ស្មានថា ក្រុមអ្នកជួញដូរមកពីចិនប៉េកាំង នឹងទិញយកភាគហ៊ុនដែលធ្លាក់ចុះ ក្រោយលក់ចេញកាលពីសប្ដាហ៍មុន។
ពេលនេះក្រុមហ៊ុនទាំង ៣ ខាងលើបានស្ថិតក្រោមការស៊ើបអង្កេតរបស់សហរដ្ឋអាមេរិក ដោយចាប់ផ្ដើមពីសប្ដាហ៍នេះទៅ តាមបញ្ជារបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលបានដាក់ចេញកាលពីថ្ងៃទី១២ ខែវិច្ឆិកា ចុងឆ្នាំ២០២០៕







