ដោយៈ ចំណាន
ព្រះសីហនុៈ មន្រ្តីជាន់ខ្ពស់បានរៀបចំសេចក្តីព្រាង ផែនការយុទ្ធសាស្ត្រចុះមូលដ្ឋានខេត្តព្រះសីហនុ ជាការរំលីងនូវគោលនយោបាយអាទិភាព និងវិធានគន្លឺះរបស់រាជរដ្ឋាភិបាល គឺទឹក ផ្លូវ ភ្លើង មនុស្ស និងបច្ចេកវិទ្យា។
សេចក្តីព្រាងនេះ វានឹងក្លាយជាផែនការយុទ្ធសាស្រ្តគម្រូ សម្រាប់យកទៅអនុវត្តនៅខេត្តតំបន់ឆ្នេរផ្សេងទៀត។
កិច្ចប្រជុំនេះដឹកនាំដោយលោកឧបនាយករដ្ឋមន្រ្តីសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កាលពីចុងសប្តាហ៍មុន។
យោងតាមព័ត៌មានដែលបានផុស លើគេហទំព័ររបស់ក្រសួងបានបញ្ជាក់ថា ការចុះមូលដ្ឋាន គឺយើងត្រូវជួយលើកកម្ពស់ជីវភាព អ្នកមូលដ្ឋាន គិតគូរលើអ្វីដែលមានស្រាប់ បង្កើតដង្ហើមសេដ្ឋកិច្ចឱ្យគាត់ និងពង្រឹងភាពជាកម្មាភិបាល របស់មន្ត្រីរាជការយើង ហើយការចុះមូលដ្ឋាននៅតំបន់ឆ្នេរនេះទៀតសោត គួរផ្តោតលើការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ឡូជិស្ទីក កំពង់ផែអន្តរជាតិពហុបំណង ការអភិវឌ្ឍន៍ផែសហគមន៍នេសាទ និងហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ចាំបាច់ដូចជា ផ្លូវ ចំណតឡាន បន្ទប់ទឹកជាដើម ការចិញ្ចឹមសត្វ ការដាំដុះដំណាំបន្លែបង្កាដែលឆ្លើយតបតម្រូវការចាំបាច់ និងជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា។
ជាមួយគ្នានេះ យើងត្រូវផ្តោតលើវិស័យអប់រំ និងសុខាភិបាល ដូចជាការរៀបចំសាលារៀន ឱ្យជាសាលារៀនកម្ពុជា បណ្តុះធនធានមនុស្ស និងរៀបចំលំហសាធារណៈ បង្កលក្ខណៈអោយមនុស្សហាត់ប្រាណ ទទួលទានអាហារគ្រប់គ្រាន់ និងមានជីវជាតិ និងអប់រំផ្សព្វផ្សាយ បញ្ចៀសពួកគាត់ពីការទទួលទានអាហារ ភេសជ្ជៈ ដែលបង្កជាជំងឺទូទៅ និងជំងឺរ៉ាំរ៉ៃដែលជាការខាតបង់របស់ជាតិ និងប្រជាជន៕








