ដោយៈ ចំណាន
កូឡាឡាំពួរៈ លោកគីមទី កោមលី អគ្គនាយកប្រតិបត្តិការ ធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមជាវាគ្មិនក្នុងវេទិកា Central Banking Meetings ដែលរៀបចំដោយស្ថាប័ន Central Banking ចាប់ពីថ្ងៃទី៣១ ខែមីនា ដល់ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
ក្នុងកិច្ចពិភាក្សានេះ លោកបានមានប្រសាសន៍ពីកិច្ចប្រឹងប្រែងរបស់ធនាគារកណ្ដាល ក្នុងការពង្រឹងឯករាជ្យភាព និងភាពធន់ ដើម្បីឆ្លើយតបនឹងភាពមិនច្បាស់លាស់ នៃសេដ្ឋកិច្ចសកល និងនិន្នាការនៃការធ្វើពិពិធកម្មរូបិយប័ណ្ណក្នុងទុនបម្រុងអន្តរជាតិ។
ទន្ទឹមនេះ ការផ្លាស់ប្តូរទស្សនៈចំពោះតួនាទី របស់ប្រាក់ដុល្លារអាមេរិក និងការធ្វើពិពិធកម្មទុនបម្រុងនេះ បានបង្កើតជាសក្តានុពល និងឱកាសដើម្បីឆ្លើយតប ទៅនឹងការផ្លាស់ប្តូរនៃរបបពាណិជ្ជកម្ម នៅតំបន់អាស៊ី។
លោកបានបន្ថែមទៀតថា ផលប៉ះពាល់ពីប្រទេសសេដ្ឋកិច្ចធំៗដូចជា ចិន ជប៉ុន និងសហរដ្ឋអាមេរិក នៅតែជះឥទ្ធិពលដល់ការឆ្លើយតបជាគោលនយោបាយ។ ដូច្នេះ ធនាគារកណ្តាលចាំបាច់ត្រូវផ្តោតការយកចិត្តទុកដាក់ លើការបង្កើតរចនាសម្ព័ន្ធដែលមានភាពធន់ និងមានចក្ខុវិស័យជាយុទ្ធសាស្ត្រ ក្នុងការគ្រប់គ្រងធនាគារកណ្ដាលសម័យថ្មី។
ជាមួយគ្នានេះ លោកបានចែករំលែក អំពីការអនុវត្តគោលនយោបាយ ធ្វើអន្តរាគមន៍អត្រាប្តូរប្រាក់ របស់ធនាគារជាតិនៃកម្ពុជាក្នុងបរិបទដុល្លារូបនីយកម្ម ការរក្សាស្ថិរភាពអត្រាប្តូរប្រាក់ និងការបង្កើនទំនុកចិត្តរបស់សាធារណជនមកលើរូបិយវត្ថុជាតិ៕








