ដោយៈ ចំណាន
ភ្នំពេញៈ ឧបនាយករដ្ឋមន្រ្តីប្រចាំការ លោកវង្សី វិស្សុតរដ្ឋមន្រ្តីទីស្តីការគណរដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ការវិវត្តយ៉ាងលឿននៃបច្ចេកវិទ្យា បានជ្រាបចូលគ្រប់មជ្ឈដ្ឋាន នៃសង្គមសេដ្ឋកិច្ច ដែលធ្វើឱ្យកើនឡើងនូវប្រសិទ្ធភាព ផលិតភាព និងឱកាសការងារថ្មីគ្រប់វិស័យ ព្រមទាំងធ្វើឱ្យផ្លាស់ប្ដូររបៀបរបបរស់នៅ ការធ្វើការ ឬការធ្វើពាណិជ្ជកម្ម និងការប្រាស្រ័យទាក់ទងគ្នា។
ករណីនេះ បាននាំមកនូវកាលានុវត្តភាពផង និងហានិភ័យផង សម្រាប់កម្ពុជាក៏ដូចជាសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងទៀតដែរ ដោយម្ខាងបច្ចេកវិទ្យាជាយានមួយសម្រាប់ពន្លឿន (Leapfrog) ការធ្វើទំនើបកម្ម អភិវឌ្ឍន៍ និងបង្កើនតម្លៃបន្ថែមក្នុងសង្គមសេដ្ឋកិច្ច តែម្ខាងទៀត បើការចាប់យកបច្ចេកវិទ្យាមិនទាន់ពេល ឬខុសទិសដៅ ឬតម្រូវការជាក់ស្តែង ធ្វើឱ្យគម្លាតនៃការអភិវឌ្ឍរវាងប្រទេស និងប្រទេស ប្រជាជននិងប្រជាជន កាន់តែរីកធំឡើងៗ។
ទន្ទឹមនេះ ក៏អាចកើតមានឡើងនូវហានិភ័យថ្មីៗ ដូចជា ឧក្រិដ្ឋកម្មសាយប័រ ការបោកប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ការបាត់បង់ការងារ និងគម្លាតឌីជីថលជាដើម។ ដូច្នេះ ការគ្រប់គ្រង និងការប្រើប្រាស់បច្ចេកវិទ្យា ត្រូវមានយុទ្ធសាស្ត្រ ក្របខ័ណ្ឌគតិយុត្ត និងការប្រតិបត្តិដែលសមស្រប និងមានចក្ខុវិស័យវែងឆ្ងាយ។
ក្នុងឱកាសនោះផងដែរ លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ បានផ្តល់អនុសាសន៍មួយចំនួនដូចជា ទី១ទី១. គ្រឹះស្ថានសិក្សា ស្ថាប័នសិក្សាស្រាវជ្រាវ អ្នកស្រាវជ្រាវឯករាជ្យ និងផ្នែកស្រាវជ្រាវនិងអភិវឌ្ឍន៍ ត្រូវតម្រង់ទិសការស្រាវជ្រាវ ឱ្យស្របទៅតាម“របៀបវារៈស្រាវជ្រាវជាតិ” ដែលមានបេសកកម្មចំនួន៨ រួមមាន៖ ១) ស្បៀងអាហារក្នុងស្រុក ២) ស្ថិរភាពលើការផ្គត់ផ្គង់ថាមពល ៣) ការអប់រំប្រកបដោយគុណភាព ៤) គ្រឿងបន្លាស់អេឡិចត្រូនិក និងមេកានិក ៥) សេវាកម្មផ្អែកលើប្រព័ន្ធក្លោដ ៦) អគ្គិសនី និងទឹកស្អាត ៧) អព្យាក្រឹតភាពកាបូន និង ៨) ប្រព័ន្ធសុខាភិបាលឌីជីថល។
ទី២. គ្រប់ក្រសួង ស្ថាប័ន ត្រូវពង្រឹងការអនុវត្ត “ផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា ឆ្នាំ២០៣០” តាមរយៈការរៀបចំ និងដាក់បញ្ចូលសកម្មភាពគាំទ្រ ដល់ការសម្រេចឱ្យបានសូចនាករ ដែលខ្លួនទទួលបន្ទុក ។
ទី៣. គ្រប់ភាគីពាក់ព័ន្ធ ត្រូវបង្កើនការយកចិត្តទុកដាក់ ក្នុងការជំរុញ និងការបង្កើតបរិស្ថាន អំណោយផលដល់ការស្រាវជ្រាវ អភិវឌ្ឍ និងការចាប់យកបច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដើម្បីបង្កើតជាតម្លៃបន្ថែមថ្មីៗ សម្រាប់សង្គមជាតិ “អធិបតេយ្យភាពបច្ចេកវិទ្យា គឺជាអធិបតេយ្យភាពជាតិ”។
ទី៤. ក្រសួង ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ ត្រូវគិតគូរឱ្យបានហ្មត់ចត់ និងប្រកបដោយយុទ្ធសាស្រ្ត លើការវិនិយោគ ក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ពោលគឺ ត្រូវកសាងប្រព័ន្ធអេកូឡូស៊ីមួយ ដែលមានភាពជាក់ស្តែងនិយម និងអនុវត្តអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ”។
ទី៥. ក្រសួង ស្ថាប័នពាក់ព័ន្ធ មានភាពចាំបាច់ ក្នុងការពិនិត្យឡើងវិញ ឬការធ្វើទំនើបកម្ម ក្របខ័ណ្ឌគតិយុត្ត ដើម្បីជំរុញការធ្វើពិសោធន៍ថ្មីៗ និងនវានុវត្តន៍ ប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ប្រកបដោយទំនួលខុសត្រូវ និងក្រមសីលធម៌ព្រមទាំងស្វែងរកតុល្យភាព រវាងការធ្វើនិយ័តកម្ម ដែលដាក់កំហិតដល់ការស្រាវជ្រាវ នវានុវត្តន៍ និងសេរីភាវូបនីយកម្មនៃបច្ចេកវិទ្យា។
ពិតណាស់ ការអភិវឌ្ឍបច្ចេកវិទ្យា ឬរបកគំហើញថ្មីៗ អាចជាការលំបាកសម្រាប់កម្ពុជា ប៉ុន្តែអ្វីដែលអាចជួយកម្ពុជាឱ្យLeapfrog បាន គឺការជំរុញការប្រើប្រាស់។ ទន្ទឹមនេះ របកគំហើញពិតជាកត្តាសំខាន់ ប៉ុន្តែការរប្រើប្រាស់របកគំហើញ ដែលមានស្រាប់សម្រាប់ការបង្កើតថ្មីៗ កាន់តែមានសារសំខាន់សម្រាប់កម្ពុជា ក្នុងបរិបទបច្ចុប្បន្ន៕










