ដោយៈ ចំណាន
សៀមរាបៈ អភិបាលរងខេត្តសៀមរាប លោក ង៉ូវ សេងកាក់ បានអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍ “មហោស្រពសិល្បៈតាមដងផ្លូវអន្តរជាតិ កម្ពុជា-ចិន” អបអរសាទរ “ឆ្នាំទេសចរណ៍ កម្ពុជា-ចិន និងដើម្បីចូលរួមអបអរសាទរខួបលើកទី៦៨ឆ្នាំ នៃការបង្កើតចំណងការទូតរវាងប្រទេសកម្ពុជា-ចិន។
ពិធីនេះធ្វើឡើង ក្នុងបរិការណ៍ដែលទំនាក់ទំនងកម្ពុជា-ចិន កំពុងត្រូវបានពង្រឹងពង្រីកពូនជ្រំ និងធ្វើឱ្យស៊ីជម្រៅថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការឈ្នះឈ្នះ រវាងប្រទេសទាំងពីរ រៀបចំដោយក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្ថានទូតចិនប្រចាំកម្ពុជា និងរដ្ឋបាលខេត្តសៀមរាប ក្រោមអធិបតីភាព លោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍។
លោកង៉ូវ សេងកាក់ អភិបាលរងខេត្ត មានប្រសាសន៍ថា ព្រឹត្តិការណ៍នេះ ជាព្រឹត្តិការណ៍ដ៏មានអត្ថន័យ សម្រាប់លើកកម្ពស់តម្លៃវប្បធម៌ ការបង្កើនការយល់ដឹង និងការចងសម្ព័ន្ធមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ ឱ្យកាន់តែជិតស្និទ្ធ និងរឹងមាំ បង្ហាញពីការចងក្រងយ៉ាងសមស្របរវាងបេតិកភណ្ឌបុរាណ និងការច្នៃប្រឌិតសម័យថ្មី ដែលអាចបង្កើតទាំងតម្លៃវប្បធម៌ សង្គម និងសេដ្ឋកិច្ច សម្រាប់សហគមន៍ និងប្រទេសជាតិទាំងមូល។
សម្រាប់ខេត្តសៀមរាប ដែលជាគោលដៅទេសចរណ៍វប្បធម៌ដ៏សំខាន់ និងជាទឹកដីបេតិកភណ្ឌពិភពលោក ការរៀបចំព្រឹត្តិការណ៍បែបនេះ គឺជាការបង្ហាញពីការប្រែប្រួលយុទ្ធសាស្ត្រ ទៅកាន់ទេសចរណ៍បែបបទពិសោធន៍ ដែលផ្តល់ឱ្យភ្ញៀវទេសចរអាចចូលរួម និងទទួលយកបទពិសោធន៍វប្បធម៌យ៉ាងជាក់ស្តែង។ នេះជាកត្តាសំខាន់ក្នុងការពង្រឹងភាពទាក់ទាញ និងសមត្ថភាពប្រកួតប្រជែងរបស់វិស័យទេសចរណ៍កម្ពុជា នៅលើឆាកអន្តរជាតិ។
ជាមួយគ្នានេះ លោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មានប្រសាសន៍ថា វិស័យទេសចរណ៍កម្ពុជា គឺមិនអាចកាត់ផ្ដាច់ពីការស្រូបទាញកំណើននៃលំហូរទេសចរ និងវិនិយោគិនចិនបានឡើយ។ កម្ពុជាបានត្រៀមលក្ខណសម្បត្តិគ្រប់គ្រាន់ និងរួចរាល់ ក្នុងការទទួលស្វាគមន៍ការត្រឡប់មកវិញនូវភ្ញៀវទេសចរ និងវិនិយោគិនចិន តាមរយៈការសម្រួលបរិយាកាស ទទួលបដិសណ្ឋារកិច្ចដល់ភ្ញៀវទេសចរ និងវិនិយោគិនរបស់មិត្តចិននៅកម្ពុជា។

ជាក់ស្ដែងកាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានសម្រេច ផ្តល់ការលើកលែងទិដ្ឋាការដល់ប្រជាជនចិន ដែលធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ដោយអាចស្នាក់នៅកម្ពុជាបានចំនួន ១៤ថ្ងៃ ក្នុងដំណាក់កាលសាកល្បងដំបូង ដែលមានរយៈពេល៤ខែ គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ហើយក្នុងរយៈពេល៤ខែនេះ ប្រជាជនចិនទាំងអស់ ដែលកាន់លិខិតឆ្លងដែនសញ្ជាតិចិន អាចធ្វើដំណើរមកកម្ពុជា ដោយពុំមានការស្នើសុំទិដ្ឋាការជាមុន និងពុំមានបង់កម្រៃអ្វីឡើយ គឺតម្រូវឱ្យបំពេញត្រឹមតែ E-arrival card ប៉ុណ្ណោះ។
លោកហួត ហាក់ មានប្រសាសន៍បន្តថា ការសម្រេចរបស់រាជរដ្ឋាភិបាលនៅពេលនេះ គឺជាសមិទ្ធផលថ្មីមួយ ដែលមានលក្ខណៈជាប្រវត្តិសាស្ត្រ សម្រាប់វិស័យទេសចរណ៍កម្ពុជា-ចិន ដែលនឹងត្រួសត្រាយផ្លូវប្រទេសយើងទាំងពីរ ពិសេសជំរុញលំហូរភ្ញៀវទេសចរចិនមកកម្ពុជា ឱ្យសម្រាប់កិច្ចសហការកាន់តែទូលំទូលាយរវាង កាន់តែច្រើនឡើងបន្ថែមទៀត។
លោកបង្ហាញសុទិដ្ឋិនិយមថា ការកំណត់យកឆ្នាំ២០២៥ ជា “ឆ្នាំទេសចរណ៍ កម្ពុជា-ចិន” ដែលកំពុងបន្តដល់ឆ្នាំ ២០២៦នេះ នឹងក្លាយជាចលករយ៉ាងសំខាន់បន្ថែមទៀត ក្នុងការបង្កើននូវទំនាក់ទំនង និងការតភ្ជាប់វិស័យទេសចរណ៍ ក៏ដូចជាទំនាក់ទំនង និងបេះដូង រវាងប្រជាជននៃប្រជាជាតិទាំងពីរ ដែលជាមូលដ្ឋានមិនអាចខ្វះបាន ក្នុងការសម្រេចឱ្យបាន នូវការកសាងសហគមន៍ជោគវាសនារួមគ្នា រវាងកម្ពុជា-ចិន។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបង្ហាញថា សម្រាប់ឆ្នាំ២០២៦ ក្រសួងទេសចរណ៍ គ្រោងរៀបចំព្រឹត្តិការណ៍សំខាន់ៗ ក្នុងក្របខ័ណ្ឌ នៃ “ឆ្នាំទេសចរណ៍កម្ពុជា-ចិន” ជាបន្តបន្ទាប់រួមមាន៖ មហោស្រពក្បាច់គុនចម្រុះ កម្ពុជា-ចិន ព្រឹត្តិការណ៍ផ្សព្វផ្សាយការទូតទេសចរណ៍ម្ហូបអាហារ កម្ពុជា-ចិន ព្រឹត្តិការណ៍ផ្សព្វផ្សាយទេសចរណ៍ភាពយន្ត កម្ពុជា-ចិន ព្រឹត្តិការណ៍បើករថយន្តឆ្លងកាត់ព្រំដែនកម្ពុជា-ចិន និងកម្មវិធីបង្ហាញផ្លូវទេសចរណ៍រដូវកាលបៃតង សម្រាប់ទីផ្សារចិន ដែលគ្រោងរៀបចំនៅ ខេត្តហៃណាន ប្រទេសចិន រួមជាមួយកម្មវិធីផ្សេងៗទៀត ក្រោមការសម្របសម្រួលពីស្ថានទូតចិនប្រចាំកម្ពុជា៕











