សមាគមធុរកិច្ចម៉ាឡេស៊ីកម្ពុជានិងទូតកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការលើកកំពស់ពាណិជ្ជកម្មទ្វេរភាគី

ដោយៈ ចំណាន

    ម៉ាឡេស៊ីៈ លោក វ៉ិត បញ្ញា អនុព័ន្ធពាណិជ្ជកម្ម អមស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានចូលរួមកម្មវិធី Luna New Year Celebration ដែលរៀបចំឡើងដោយសមាគមធុរកិច្ចម៉ាឡេស៊ី កម្ពុជា នៅក្នុងទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

កម្មវិធីនេះ ក៏មានការចូលរូមពីតំណាង MATRADE ដែលជាភ្នាក់ងារមួយ ស្ថិតក្រោមក្រសួងវិនិយោគពាណិជ្ជកម្ម និងឧស្សាហកម្មរបស់ម៉ាឡេស៊ី (MITI),​ សមាជិកMCBA, វិនិយោគិន, ក្រុមហ៊ុន-សហគ្រាស និងសមាគមនានា មកពីវិស័យផ្សេងៗគ្នាដូចជា៖ ពាណិជ្ជកម្ម ឧស្សហកម្ម អបរំ ការថែទាំសុខភាព កសិកម្ម ទេសចរណ៍ បច្ចេកវិទ្យា អចលនទ្រព្យ និងភស្តុភាកម្មជាដើម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ព្រឹត្តិការណ៍នេះ ក៏មានការចុះអនុស្សរណៈនៃការយោគយល់ (MoU) ដើម្បីបង្កើតសាខា Malaysia Cambodia Business Association (MCBA) នៅរដ្ឋSabah ប្រទេសម៉ាឡេស៊ី ដើម្បីលើកកម្ពស់ការវិនិយោគ និងពាណិជ្ជកម្មនាពេលអនាគត រវាងប្រទេសកម្ពុជាជាមួយរដ្ឋ Sabah និងSarawak ដែលជារដ្ឋនៅភាគខាងកើតប្រទេសម៉ាឡេស៊ី ដែលត្រូវបានគេស្គាល់ជាទូទៅថា Borneo Malaysia ផងដែរ។

ក្នុងឱកាសនោះ លោកអនុព័ន្ធពាណិជ្ជកម្មកម្ពុជា បានជម្រាបជូនវិនិយោគិនម៉ាឡេស៊ី អំពីបរិយាកាសវិនិយោគនៅកម្ពុជា ច្បាប់ បទបញ្ញត្តិថ្មីៗ ជាពិសេសការធ្វើសាមញ្ញកម្ម នៃការងារចុះបញ្ជីពាណិជ្ជកម្ម របស់ក្រសួងពាណិជ្ជកម្មកម្ពុជា ដែលទើបប្រកាសដាក់ឱ្យប្រើប្រាស់នាពេលថ្មីៗកន្លងមកនេះ សំដៅជួយដល់វិនិយោគិន ដែលមានបំណងចង់មកបើកក្រុមហ៊ុននៅកម្ពុជា កាន់តែមានភាពងាយស្រួល និងចំណា​យតិចជាងមុន។

បន្ថែមពីនេះ លោកអនុព័ន្ធពាណិជ្ជកម្មកម្ពុជា ក៏បានលើកឡើងពីកំណើនទំហំពាណិជ្ជកម្ម គួរឱ្យកត់សម្គាល់វាងកម្ពុជានិងម៉ាឡេស៊ី នៅក្នុងឆ្នាំ២០២៥ ព្រមទាំងបានស្នើឱ្យMCBA និងវិនិយោគិនម៉ាឡេស៊ី ពិនិត្យលទ្ធភាព ក្នុងការបើកមជ្ឈមណ្ឌលឯកជនកម្ពុជា នៅប្រទេសម៉ាឡេស៊ី ដើម្បីរួមចំណែកជំរុញការនាំចេញ នូវផលិតផលសក្តានុពលកម្ពុជា ដូចជា៖ សម្លៀកបំពាក់ ស្បែកជើង សំបកកង់រថយន្ត ផលិតផលអំពីស្បែក កាបូបធ្វើដំណើរ អង្ករ គ្រាប់ស្វាយចន្ទី ម្រេច និងដំឡូងមី ក្នុងន័យ ដើម្បីលើកកម្ពស់តុល្យភាពពាណិជ្ជកម្ម រវាងប្រទេសទាំងពីរនាពេលអនាគត៕

LEAVE A REPLY

Please enter your comment!
Please enter your name here