NBCនិងWorld Bankបង្ហាញឆន្ទះក្នុងការពង្រីកកិច្ចសហប្រតិបត្តិការ

ដោយៈ ចំណាន

    ភ្នំពេញៈ ថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជា(NBC) និងមន្រ្តីជាន់ខ្ពស់ធនាគារWorld Bankបានបង្ហាញពីឆន្ទៈពង្រីកកិច្ចសហប្រតិបត្តិការបន្តទៀត។

ព័ត៌មាននេះត្រូវបានលើកឡើង ក្នុងឱកាសលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូ ធនាគារពិភពលោក ដឹកនាំដោយលោកCarlos Felipe Jaramillo អនុប្រធាន ធនាគារពិភពលោក ទទួលបន្ទុកតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងជំនួបនេះ លោកJaramillo បានបញ្ជាក់ពីការកត់សម្គាល់លើសក្តានុពលសេដ្ឋកិច្ចកម្ពុជា ក្នុងវិស័យសំខាន់ៗមួយចំនួន និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច។ បន្ថែមលើនេះ លោកក៏បានបញ្ជាក់ពីក្តីសោមនស្ស ចំពោះកិច្ចសហការល្អរវាងស្ថាប័នទាំងពីរនាពេលកន្លងមកផងដែរ។

ជាការឆ្លើយតប លោកជំទាវទេសាភិបាល បានមានប្រសាសន៍ពីតួនាទីរបស់វិស័យធនាគារ ក្នុងការចូលរួមជំរុញការអភិវឌ្ឍសេដ្ឋកិច្ច តាមរយៈការលើកកម្ពស់លទ្ធភាព ទទួលបានសេវាហិរញ្ញវត្ថុ ការរក្សាស្ថិរភាពអត្រាប្តូរប្រាក់ និងស្ថិរភាពប្រព័ន្ធធនាគារ។

ទន្ទឹមនេះ លោកជំទាវក៏បានលើកឡើង ពីកត្តាប្រឈមមួយចំនួន និងបានផ្លាស់ប្តូរទស្សនាទាន ពីការវិវត្តនៃស្ថានភាពភូមិសាស្ត្រនយោ​បាយសកល រួមទាំងការប្រែប្រួលតម្លៃប្រេង លើទីផ្សារអន្តរជាតិផងដែរ។ បន្ថែមលើនេះ លោកជំទាវក៏បានជម្រាប ពីការទទួលបានកិច្ចសហការល្អពីខាងធនាគារពិភពលោក លើកិច្ចការរៀបចំក្របខ័ណ្ឌបទប្បញ្ញត្តិ និងយុទ្ធសាស្ត្រជាតិនានាពាក់ព័ន្ធនឹងវិស័យហិរញ្ញវត្ថុ។

ភាគីទាំងពីរបានបញ្ជាក់ពីការប្តេជ្ញា ក្នុង​ការពង្រឹងកិច្ចសហប្រតិ​បត្តិការរវាងស្ថាប័នទាំងពីរ ឱ្យបានកាន់តែរឹងមាំថែមទៀត សំដៅគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here