អ្នកវិភាគ៖ អឺរ៉ុប​ចាំបាច់​ត្រូវ​ឯកភាពគ្នា​ឱ្យបាន​ឆាប់ ដើម្បី​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ

ដោយៈ ម៉ា​ណេ​ត

អន្តរជាតិៈ មេដឹកនាំ​សហគមន៍​អឺរ៉ុប ដែល​កំពុង​ប្រយុទ្ធប្រឆាំង នឹង​វិបត្តិ​សេដ្ឋកិច្ច ចាំបាច់​ត្រូវ​យល់ព្រម​ឱ្យបាន​ឆាប់ លើ​កញ្ចប់​ផ្តល់ជំនួយ​សេដ្ឋកិច្ច ដែលមាន​តម្លៃ​រាប់រយ​ពាន់​លាន​ដុល្លារ។

ប៉ុន្តែ​បញ្ហាធំៗ រួមទាំង​ទំហំ​សរុប​នៃ​កញ្ចប់​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ ការ​លាយ​បញ្ចូល​គ្នា​រវាង​ជំនួយ និង​ប្រាក់កម្ចី ដែល​ត្រូវបាន​ផ្តល់ជូន​បណ្តា​ប្រទេស​សមាជិក​អឺរ៉ុប ដែល​រង​ផលប៉ះពាល់​ខ្លាំង​បំផុត ហើយ​លក្ខខណ្ឌ​នៃ​ជំនួយ នៅតែ​ត្រូវការ​ឱ្យមាន​ការដោះស្រាយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​កំពូល​របស់​អឺរ៉ុប​នឹង​ជួបប្រជុំ​នៅ​ថ្ងៃ​សុក្រ និង​ថ្ងៃ​សៅរ៍​ខាងមុខនេះ នៅ​ទីក្រុង​ព្រុ​ច​សែ​ល សម្រាប់​កិច្ចប្រជុំ​កំពូល​ទាល់​មុខ​លើកដំបូង​របស់​ពួកគេ ចាប់តាំងពី​វិបត្តិ Covid-19 បាន​ផ្ទុះ។ វា​ជាការ​ជួបជុំ​ធំ លើកដំបូង​របស់​មេដឹកនាំ​ពិភពលោក ហើយនឹង​មានការ​ចូល​រួម​ពី​គណៈប្រតិភូសំខាន់ៗ ខណៈ​នឹង​ការប្រើ​ឧបករណ៍​ធ្វើឱ្យ​ខ្យល់​ស្អាត និង​ទឹក​សម្លាប់​មេរោគ។

នៅ​ចំ​កណ្តាល​នៃ​ការពិភាក្សា ជា​សំណើ​ដែល​ដាក់​ដោយ​គណៈកម្មការ​អឺរ៉ុប នៅ​ខែឧសភា។ ផែនការ​នោះ​នឹង​ឃើញថា គណៈកម្មការ​នឹង​បង្កើន​ប្រាក់​ចំនួន៧៥០ ពាន់​លាន​អ៊ឺ​រ៉ូ (៨៥៧ ពាន់​លាន​ដុល្លារ) នៅលើ​ទីផ្សារ​ហិរញ្ញវត្ថុ រួមជាមួយ​ថវិកា សហភាព​អឺរ៉ុប​ទៀងទាត់​សម្រាប់​ឆ្នាំ ២០២១-២៧ ។ នៅក្រោម​ផែនការ​នោះ ២/៣ នៃ​មូលនិធិ​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ​នឹងត្រូវ​ចែកចាយ​ទៅ​ប្រទេស​នានា តាមរយៈ​ជំនួយ ខណៈដែល​នៅសល់​នឹងត្រូវ​បានផ្តល់​ជា​ប្រាក់កម្ចី។

ប្រសិនបើ​មេដឹកនាំ​មិនអាច​ឯកភាពគ្នា​ទេ វា​នឹងមាន​ហានិភ័យ ដែល​ការ​ស្ទុះ​ងើប​សេដ្ឋកិច្ច​អាច​កើតឡើង​ក្នុង​ល្បឿន​ពីរ ជាមួយនឹង​រដ្ឋ​អ្នក​មាននៅ​អឺរ៉ុប​ខាងជើង ដែល​ងើប​ឡើងវិញ​លឿន​ជាង​ប្រទេស​អ៊ីតាលី និង​អេ​ស្ប៉ា​ញ។ នោះ​អាច​បង្ក​ភាព​តានតឹង​ផ្នែក​នយោបាយ​នៅក្នុង​ប្លុក ដែល​អ្នកជំនាញ​មួយចំនួន​ព្រមាន​ថា អាច​គំរាមកំហែង​ដល់​សហគមន៍​អឺរ៉ុប​ដោយ​ខ្លួនឯង។

ការស្នើសុំ​សម្របសម្រួល​នេះ ត្រូវបាន​ដាក់ចេញ​កាលពី​សប្តាហ៍​មុន ដោយ​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប លោក Charles Michel ដែល​ផែនការ​របស់លោក បាន​បញ្ចូល​នូវ​ធាតុ​មួយចំនួន ដែល​ធ្វើឱ្យ​ក្រុម​ប្រទេស​អូទ្រីស ហូ​ឡង់ ស៊ុយអែត និង​ដា​ណឺ​ម៉ាក​ស្ងប់ចិត្ត។ ប្រទេស​ទាំងនោះ បាន​ជំទាស់​នឹង​គំនិត​ក្នុង​ការចេញ​ជំនួយ ហើយ​ឥឡូវនេះ​ចង់បាន​លក្ខខណ្ឌ​តឹងរឹង​ភ្ជាប់​នឹង​គម្រោង​នេះ។

ក្រោម​ផែនការ​របស់លោក Michel កម្ចី​នឹងត្រូវ​សង​ត្រឡប់មកវិញ ដោយ​ចាប់ផ្តើម​នៅ​ឆ្នាំ២០២៦ ហើយ​ដា​ណឺ​ម៉ាក អាល្លឺម៉ង់ ហូ​ឡង់ អូទ្រីស និង​ស៊ុយអែត នឹង​រក្សា​ប្រាក់​បង្វិល ដែលមាន​ស្រាប់​លើ​ការចូលរួម​វិភាគទាន​ថវិកា របស់​សហភាព​អឺរ៉ុប​សម្រាប់​រយៈពេល៧ឆ្នាំ​ខាងមុខ។

ប្រធាន​ធនាគារកណ្តាល​អឺរ៉ុប​លោកស្រី Christine Lagarde បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា “ជំហរ​សារពើពន្ធ ដែលមាន​មហិច្ឆតា និង​សម្របសម្រួល នៅតែមាន​សារៈសំខាន់ ហើយ​ធនាគារកណ្តាល​អឺរ៉ុប​សន្មត​ថា កិច្ចព្រមព្រៀង​ដ៏​ធំ​មួយ​នឹងត្រូវ​អនុម័ត” ។ លោកស្រី​បន្ថែមថា “នេះ​ត្រូវតែ​កើតឡើង​ឱ្យបាន​ឆាប់រហ័ស” ។

គណៈកម្មការ​អឺរ៉ុប បាន​និយាយ​កាលពី​ដើមខែ​នេះ​ថា ខ្លួន​រំពឹងថា​សេដ្ឋកិច្ច​របស់​សហភាព​អឺរ៉ុប​នឹង​ធ្លាក់ចុះ ៨,៣%ក្នុង​ឆ្នាំ២០២០ ដែលជា​អត្រា​អាក្រក់​ជាង​ការធ្លាក់ចុះ ៧,៤% ដែល​បាន​ព្យាករណ៍​កាលពី២ខែ​មុន។

វឌ្ឍនភាព​មួយចំនួន​លើបញ្ហាសំខាន់ៗ ត្រូវបាន​គេ​រំពឹងថា នឹងមាន​នៅក្នុង​កិច្ចប្រជុំ​កំពូល​នេះ ប៉ុន្តែ​អ្នកវិភាគ​គិតថា កិច្ចប្រជុំ​មួយទៀត​ប្រហែលជា​ត្រូវការ ដើម្បី​ទទួលបាន​កិច្ចព្រមព្រៀង៕

LEAVE A REPLY

Please enter your comment!
Please enter your name here