ដោយៈលក្ខិណា
ភ្នំពេញៈ ការស្ថាបនាផ្លូវជាតិលេខ៣បានសម្រេចជិត៩០ភាគរយ ដែលជាការបើកឳកាសបន្ថែមទៀតសំរាប់ទឹកដីខេត្តកំពត ដែលបាននិងកំពុងរៀបចំខ្លួនជាខេត្តមានការរីកចម្រើនលឿនលំដាប់ទី២នៃបណ្តាខេត្តជាប់តំបន់ឆ្នេរ បន្ទាប់ពីក្រុងព្រះសីហនុ។
ទោះស្ថិតក្នុងបរិបទនៃកម្ពុជាជួបវិបត្តិដោយសារតែជំងឺកូវីដ១៩ និងធ្វើឱ្យវិនិយោគិនជាច្រើនរារែកចិត្ត ក្នុងការបញ្ចេញទុនវិនិយោគលើគម្រោងនានា ក្នុងវិស័យអចលនទ្រព្យ តែខេត្តកំពត នៅតែទទួលបានវិនិយោគិន ក្នុងការដាក់ទុនវិនិយោគជាបន្តបន្ទាប់ ក្នុងនោះវិនិយោគិនជាច្រើន បានចុះទៅដល់ខេត្តកំពត ដើម្បីស្វែងរកទីតាំងដើម្បីចាប់ផ្ដើមគម្រោងវិនិយោគរបស់ខ្លួន។
លោក កែវ សុជាតិប្រធានក្រុមហ៊ុន អចលនទ្រព្យ KW Cambodia ប្រចាំខេត្តកំពតបានមានប្រសាសន៍ឱ្យដឹងថា ការទិញលក់ដីធ្លី នៅក្នុងខេត្តក្នុងឆ្នាំ២០២០កន្លងទៅនេះដូចជា មិនមានបញ្ហាដូចនៅតំបន់ផ្សេងៗនោះទេ ។ អ្នកខ្លះថាទោះបីគេជួបបញ្ហាតែកំនើននៃការទិញរបស់វិនិយោគិន ហាក់មានច្រើនជាងកាលមុនមានបញ្ហាទៅទៀត។
លោកបន្តថា “កត្តាទាក់ទាញមួយចំនួន ដែលធ្វើឱ្យវិនិយោគិននៅតែហ៊ានប្រថុយដាក់ទុននៅខេត្តកំពត ខណៈតំបន់ផ្សេងៗទៀត បានថមថយកំសួលនៃការវិនិយោគលើអចលនទ្រព្យក្ដី”។ លោកបន្តថា “កំពង់ផែទេសចរណ៍អន្តរជាតិ កំពុងសាងសង់និងកំពុងផែសេដ្ឋកិច្ចពិសេសគីឡូលេខ១២ គឺជាចំណុចអាទិភាពនិងទាក់ទាញសម្រាប់វិនិយោគិនក្នុងការបោះទុនវិនិយោគនៅខេត្តកំពត”។
អ្វីដែលសំខាន់នោះ អគារភ្លោះកំពស់៤២ជាន់ ដែលកំពុងសម្រុកសាងសង់ទាំងយប់ទាំងថ្ងៃ ដើម្បីពន្លឿនដល់ការបញ្ចប់គម្រោងនៅពេលឆាប់ៗនេះ និងគម្រោងសណ្ឋាគារមួយដ៏ធំមួយទៀតនៅផ្លូវទឹកឈូ ក៏ជាចំណុចទាក់ទាញសម្រាប់វិនិយោគិនផងដែរ។
លោកបន្ថែមថា បច្ចុប្បន្ននេះគម្រោងដែលទទួលបានការវិនិយោគច្រើន នៅខេត្តកំពត គឺជាប្រភេទផ្ទះទី២ ឬហៅថាលំនៅឋានលំហែកាយ ដែលវិនិយោគិនភាគច្រើនមកពីរាជធានីភ្នំពេញ ទៅទិញដីនិងសាងសង់ផ្ទះសម្រាប់ខ្លួននឯង ហើយមួយចំនួនទៀតទិញដីសម្រាប់ទុកលក់បន្តទៅវិនិយោគិន ដើម្បីសាងសង់ផ្ទះទី២នេះដែរ។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអលចនវត្ថុកម្ពុជា លោកច្រឹក សុនខនីមបានលើកឡើងផងដែរថា កំពតបានក្លាយជាតំបន់ទាក់ទាញសម្រាប់ អភិវឌ្ឍន៍លំនៅឋានលំហែកាយមួយដ៏មានសក្ដានុពលនៅកម្ពុជា ដោយសារតែកំពតមានតំបន់ទេសចរណ៍ច្រើន មានទីតាំងមិនឆ្ងាយពីរាជធានីភ្នំពេញ។
ជានមួយគ្នានេះ លោកង៉ែត ជូទឹកប្រឹក្សាសេដ្ឋកិច្ចជាន់ខ្ពស់នៃក្រុមហ៊ុនEMC ក៏បានឱ្យដឹងថាផ្ទះទី២ នឹងក្លាយជារបស់ពេញនិយម នៅពេលប្រជាពលរដ្ឋមានប្រាក់ចំណូលកាន់តែច្រើន ហើយត្រូវការផ្ទះប្រភេទនេះ សម្រាប់លំហែកាយនៅពេលសម្រាកពីការងារ ឬថ្ងៃបុណ្យទានធំៗជាដើម៕







