ស្វាគមន៍ឆ្នាំ២០២៦ខាងមុខ រដ្ឋាភិបាលនឹងដាក់ដំណើរការសេវាទូរសព្ទចល័ត5G

ដោយៈ ម៉ាណា

ភ្នំពេញៈ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥នេះ បានរៀបចំព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត គឺការបើកឱ្យដំណើរការជាផ្លូវការ នៃការធ្វើប្រតិបត្តិការសេវាទូរសព្ទចល័តជំនាន់ទី៥ ឬសេវា5G ជាផ្លូវការនៅកម្ពុជា។

សេវាកម្មនេះនឹងចាប់ពីឆ្នាំ២០២៦តទៅ ក្រោមអធិបតីភាពរបស់លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អត្ថប្រយោជន៍សំខាន់ៗដែលសេវា5G នឹងនាំមកឱ្យកម្ពុជា ដូចជា ទី១ ល្បឿនទិន្នន័យលឿនបំផុត លឿនជាងសេវា4G ដល់ទៅ ១០ដង អនុញ្ញាតឱ្យទាញឯកសារ ទស្សនាវីដេអូ និងប្រើសេវាឌីជីថលបានរលូនជាងមុន។ ទី២ រយៈពេលនៃការឆ្លើយតប (Latency) ទាបខ្លាំង បណ្តាញឆ្លើយតបជាក់ស្តែង សមស្របសម្រាប់សេវាជាច្រើន ដូចជា ការសង្គ្រោះបន្ទាន់ និងការគ្រប់គ្រងចរាចរណ៍ឆ្លាតវៃ ជាដើម។

ទី៣ ការប្រើប្រាស់ឧបករណ៍បានច្រើនជាងមុន សេវា5G អាចតភ្ជាប់ឧបករណ៍រាប់លាន ក្នុងមួយគីឡូម៉ែត្រការ៉េ ជាជំហានដ៏សំខាន់សម្រាប់ទីក្រុងឆ្លាតវៃ កសិកម្មឌីជីថល និងរោងចក្រឆ្លាតវៃ ជាដើម   ទី៤ការជំរុញឧស្សាហកម្ម និងស្នូលអេកូឡូស៊ីឌីជីថល សេវា 5G នឹងជួយបង្កើនប្រសិទ្ធភាពវិស័យផលិត ដឹកជញ្ជូន Fintech e-Commerce និង Startup នវានុវត្តន៍។

ទី៤ ការលើកកម្ពស់សេវាសាធារណៈ e-Health, e-Education, e-Government និងសេវាឌីជីថលរដ្ឋទាំងមូល នឹងកាន់តែមានប្រសិទ្ធភាព និងលឿនជាងមុន។ ទី៥ ការពង្រឹងភាពរឹងមាំសេដ្ឋកិច្ចជាតិ សេវា 5G នឹងទាក់ទាញវិនិយោគ កសាងឱកាសការងារ និងបង្កើនសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា នៅក្នុងតំបន់ និងអន្តរជាតិ។

សេវា 5G មិនមែនត្រឹមតែ “អ៊ីនធឺណិតល្បឿនលឿន” ប៉ុណ្ណោះទេ តែសេវានេះ នឹងក្លាយជាហេដ្ឋារចនាសម្ព័ន្ធគ្រឹះ សម្រាប់អនាគតឌីជីថល នវានុវត្តន៍ និងកាលានុវត្តភាពថ្មីៗ របស់ប្រជាជនកម្ពុជា។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានសិក្សាយ៉ាងស៊ីជម្រៅអំពីវិធីសាស្ត្រ ក្នុងការដាក់ឱ្យដំណើរការសេវាទូរសព្ទចល័ត ជំនាន់ទី៥ ឬសេវា5G ហើយបានប្រមូល ធាតុចូល ពីគ្រប់ប្រតិបត្តិករទូរគមនា​គមន៍ទាំងអស់ ព្រមទាំងបានធ្វើការយ៉ាងជិតស្និទ្ធ ជាមួយប្រតិបត្តិករនីមួយៗ ដើម្បីធានាបានថា សេវា 5G អាចត្រូវបានដាក់ឱ្យដំណើរការជោគជ័យ នៅក្នុងប្រទេសកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here