ដោយៈ ម៉ាលីនណា
ភ្នំពេញៈ ក្រុមហ៊ុនអាកាសចរណ៍ Turkish Airline នឹងហោះហើរត្រង់ពីIstanbul នៃសាធារណរដ្ឋតួកគីយ៉េ មកកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ខាងមុខនេះ ក្រោមកិច្ចសហការដ៏រីករាយរវាង រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ។
សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជា បានអបអរសាទរជើងហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍ខាងលើនេះ។
លោកស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលបានឱ្យដឹងថា ការតភ្ជាប់ជើងហោះហើរថ្មី បន្ថែមមួយទៀតនេះ ជាសមិទ្ធផលថ្មីក្រោមការដឹកនាំ តម្រង់ទិសដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងក្រោមការខិតខំប្រឹង របស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៉ីវិល ក្រសួងទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធ ។
ការទាក់ទាញបាននូវជើងហោះហើរ ពីទីក្រុងIstanbulគឺក្រោយមានវត្តមាន អាកាសយានដ្ឋានអន្តរជាតិតេជោដ៏ទំនើប ដែលជាសមិទ្ធិផលដ៏ធំធេងរបស់រាជរដ្ឋាភិបាលកម្ពុជា។
អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលបានឲ្យដឹងថា ការហោះហើរត្រង់នេះ បង្កឱ្យមានលក្ខណៈងាយស្រួល ក្នុងការតភ្ជាប់ទៅតំបន់អឺរ៉ុប តាមរយៈទីក្រុងIstanbul ប្រទេសតួកគីយ៉េ ដែលជាមជ្ឈមណ្ឌលនៃការតភ្ជាប់ ទៅកាន់បណ្តាប្រទេសនៅអឺរ៉ុបយ៉ាងងាយស្រួល។
ការសម្រេចបើកការហោះហើរត្រង់ ពីទីក្រុងIstanbul នៃសាធារណរដ្ឋតួកគីយ៉េ មកកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងជួយឱ្យកំណើនអ្នកដំណើរ និងភ្ញៀវទេសចរអន្តរជាតិមកកម្ពុជា កាន់តែច្រើនឡើងបន្ថែមទៀត តាមរយៈការតភ្ជាប់ជាមួយ ក្រុមហ៊ុនអាកាសចរណ៍ ដែលហោះហើរ ដល់គោលដៅជាង៣៥០កន្លែង ដល់ប្រទេសចំនួន ១៣០ប្រទេសជុំវិញពិភពលោក ហើយកម្ពុជាជាគោលដៅប្រទេសទី៧ នៅតំបន់អាស៊ីអាគ្នេយ៍ (អាស៊ាន) និងជាគោលដៅទី១១ នៅក្នុងតំបន់អាស៊ី ដែលក្រុបហ៊ុនបានបើកប្រតិបត្តិការ ភ្ជាប់ការហោះហើរដោយផ្ទាល់៕









