ដោយៈ ម៉ាលីនណា
ភ្នំពេញៈ ធនាគារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឋអាស៊ី(AIIB)បានគាំទ្រដល់គំរោងអភិវឌ្ឍន៍ និងជម្រុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ឋព្រំដែនកម្ពុជា ជាមួយប្រទេសក្នុងតំបន់។
ព័ត៌មាននេះត្រូវបានលើកឡើងក្នុងកិច្ចប្រជុំ ក្រោមអធិបតីភាព លោកជំទាវ ឥម នីថារ៉ា រដ្ឋលេខាធិការ និងជានាយកគម្រោង បានអញ្ជើញដឹកនាំកិច្ចប្រជុំ (kick-off meeting) ដើម្បីពិនិត្យពិភាក្សាលើវឌ្ឍនភាពការងារ និងកិច្ចប្រជុំការងារពាក់ព័ន្ធ ក្រោមក្របខ័ណ្ឌគម្រោងជំរុញការតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែន កម្ពុជា (Cambodia Cross-border Connectivity Enhancement Project, ហៅកាត់ថា3CEP) ក្នុងបេសកកម្មរៀបចំគម្រោង3CEP លើកទី៥ របស់ក្រុមជំនាញការ នៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) មកកាន់កម្ពុជា។
គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យ ពិភាក្សាវឌ្ឍនភាពការងារ ដែលបានដាក់ចេញកាលពីបេសកកម្ម រៀបចំគម្រោង 3CEP លើកទី៤ (ខែឧសភា ឆ្នាំ២០២៥ កន្លងទៅ) និងពិភាក្សាលម្អិតលើផែនការសកម្មភាព ដែលត្រូវអនុវត្តបន្តក្នុងគម្រោង បន្ទាប់ពីជ្រើសរើសបាន នូវក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសកាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ ក្នុងទិសដៅពន្លឿនការរៀបចំគម្រោង 3CEP ឱ្យសម្រេចបាននូវការសិក្សាសមិទ្ធិលទ្ធភាព(FS) និងរៀបចំគំនូសប្លង់វិស្វកម្មលម្អិត(Detailed Engineering Designs–DEDs) តាមផែនការគ្រោងទុក។
ឆ្លៀតក្នុងឱកាសនោះ លោកជំទាវនាយកគម្រោងបានវាយតម្លៃខ្ពស់ លើកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ នៃអង្គភាព PMU-3CEP តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងអាជ្ញាធរពាក់ព័ន្ធនៃខេត្តទាំង៤ ដែលបានសហការធ្វើការងារជាមួយគ្នាកន្លងមក រហូតទទួលបានផ្លែផ្កានាថ្ងៃនេះ ព្រមទាំងបានផ្ដាំផ្ញើដល់អាជ្ញាធរពាក់ព័ន្ធនៃខេត្តទាំង៤ បន្តផ្ដល់កិច្ចសហការយ៉ាងជិតស្និទ្ធ ដល់សម្ព័ន្ធក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសKCI-BOTEK JV ក្នុងកំឡុងពេល១៨ខែ នៃការចុះសិក្សាFS និងគូសគំនូសប្លង់DEDs នេះ។
គម្រោង3CEP នេះ នឹងប្រើប្រាស់ហិរញ្ញប្បទានសហប្រតិបត្តិការពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB) ដែលត្រូវបានរំពឹងទុកថា សមិទ្ធផលនៃគម្រោងនេះ នឹងជួយគាំទ្រដល់វិស័យដឹកជញ្ជូនក្នុងការពង្រឹងការតភ្ជាប់ និងជំរុញកំណើននៃរំហូរប្រតិបត្តិការដឹកញ្ជូនក្នុងតំបន់ភូមិភាគឦសាន និងឆ្លងកាត់ព្រំដែន ប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផល។
ជាពិសេសគម្រោងនេះ ក៏នឹងជម្រុញការតភ្ជាប់ និងធ្វើឱ្យប្រសើរឡើងស្ថានីយ និងហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារ ព្រំដែនអន្តរជាតិ(CBF) សម្រួលការដឹកជញ្ជូន ពាណិជ្ជកម្ម ទេសចរណ៍ឆ្លងកាត់ព្រំដែនអន្តរជាតិនិងការតភ្ជាប់សេដ្ឋកិច្ចក្នុងក្របខ័ណ្ឌ៖ ១). កិច្ចសហប្រតិបត្តិការក្នុងមហាអនុតំបន់មេគង្គ(GMS) ២). កិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-វៀតណាម។
៣). ចូលរួមចំណែក អនុវត្តផែនការមេ អភិវឌ្ឍតំបន់ភូមិភាគឦសាន (ប៉ូលសេដ្ឋកិច្ចទី៥) និង៤). អនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកកម្ពុជាផងដែរ៕









