ក្រុមហ៊ុនយូនីលីវើអាយុកាលជាង១០០ឆ្នាំបានផ្តល់ការងារដោយផ្ទាល់ និងប្រយោលដល់ប្រជាជនកម្ពុជា៤០០០កន្លែង

ដោយៈ ម៉ាលីនណា

    ភ្នំពេញៈ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរខួប២២ឆ្នាំ នៃការបង្កើតក្រុមហ៊ុនយូនីលឹវើ (ខេមបូឌា) លីមីធីត ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ នៃក្រុមហ៊ុនយូនីលឹវើ ដែលមានទីស្នាក់ការកណ្ដាល នៅចក្រភពអង់គ្លេស។

ពិធីនេះ មានការអញ្ជើញចូលរួមពីលោកDominic Williams ឯកអគ្គរាជទូត នៃចក្រភពអង់គ្លេសប្រចាំកម្ពុជា លោកលី សុធូ អគ្គនាយកក្រុមហ៊ុនយូនីលឹវើ កម្ពុជា និងឡាវ និងមន្រ្តីពាក់ព័ន្ឋ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកជំទាវរដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរជូនក្រុមហ៊ុន ក្រុមហ៊ុនយូនីលឹវើ (ខេមបូឌា) លីមីធីត និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃដំណើរការអាជីវកម្ម ប្រកបដោយជោគជ័យរបស់ក្រុមហ៊ុននៅកម្ពុជាអស់រយៈពេល២២ឆ្នាំមកនេះ ដែលមិនត្រឹមតែបានជួយជំរុញចរន្តទីផ្សារក្នុងស្រុកយ៉ាងមមាញឹក ក្នុងការផ្គត់ផ្គង់គ្រឿងឧបភោ​គ-បរិភាគ ចំណីអាហារ និងផលិតផលប្រើប្រាស់ប្រចាំថ្ងៃ ដែលមានគុណភាពខ្ពស់ ភាពសន្សំសំចៃ និងជម្រើសសម្បូរបែប ដែលឆ្លើយតបទៅនឹងតម្រូវការ បស់ប្រជាពលរដ្ឋកម្ពុជាប៉ុណ្ណោះទេ ក្រុមហ៊ុនក៏បានចូលរួមបង្កើតការងារដោយផ្ទាល់ និងប្រយោលជាង៤ពាន់កន្លែងដល់ប្រជាជនកម្ពុជា។

លោកជំទាវរដ្ឋមន្រ្តី ក៏បានសង្កត់ធ្ងន់លើភាពចាំបាច់ ក្នុងការលើកកម្ពស់អំណាចអ្នកប្រើប្រាស់ ដែលក្នុងនោះ ក្រសួងពាណិជ្ជកម្ម បាននិងកំពុងខិតខំផ្សព្វផ្សាយ ឱ្យកាន់តែទូលំទូលាយបន្ថែមទៀត អំពីការយល់ដឹងក្នុងការប្រើប្រាស់ផលិតផល ប្រកបដោយភាពវៃឆ្លាត ជាពិសេ​សរបៀបប្រើប្រាស់ ការទុកដាក់រក្សាទុក និងការយល់ដឹងអំពីប្រភពដើមនិងគុណភាពទំនិញជាដើម។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោកជំទាវរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន នៃទំនាក់ទំនងដ៏ល្អប្រសើររវាងកម្ពុជា និងចក្រភពអង់គ្លេស ជាពិសេសកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ដែលនាំមកនូវអត្ថប្រយោជន៍យ៉ាងច្រើន ដល់ភាគីទាំងពីរ និងដើរតួនាទីដ៏សំខាន់ក្នុងការគាំទ្រ ដល់គោលដៅអភិវឌ្ឍន៍របស់កម្ពុជា។

លោកជំទាវរដ្ឋមន្ត្រីបានបញ្ជាក់ថា តាមរយៈវេទិកាពាណិជ្ជកម្មនិងវិនិយោគរួមរវាងកម្ពុជានិងអង់គ្លេស(JTIF) លើកទី៣ ដែលនឹងប្រព្រឹត្តទៅនៅដើមឆ្នាំ២០២៦ ខាងមុខនេះ ភាគីទាំងពីរនឹងបន្តពិនិត្យលទ្ធភាពពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យជាច្រើនដូចជា វិស័យហិរញ្ញប្បទានវិនិយោគ សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្មកសិផល និងកិច្ចសម្រួលការនាំចេញនានា។

លោកជំទាវរដ្ឋមន្ត្រីបន្តថា “កម្ពុជា នៅតែបន្តធ្វើពិពិធកម្មសេដ្ឋកិច្ច និងសមាហរណកម្មសេដ្ឋកិច្ច ក្នុងតំបន់និងសកលលោក ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ ប្រព័ន្ធពាណិជ្ជកម្មពហុភាគីឈរលើវិធានច្បាប់និងទីផ្សារបើកចំហ ដែលបានផ្តល់នូវភាពប្រាកដប្រជា ភាពអាចព្យាករណ៍បាន និងធានាបាននូវភាពស្មើគ្នា ដោយមិនមានការរើស​អើងរវាងវិនិយោគិនបរទេស និងក្នុងស្រុក”។

លោកជំទាវរដ្ឋមន្រ្តី បានជម្រាបជូនអំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងនាមសេនាធិការរាជរដ្ឋាភិបាល  ក្នុងការធ្វើឱ្យកាន់តែប្រសើរទ្បើងបន្ថែមទៀត នូវបរិយាកាសធុរកិច្ច និងវិនិយោគ ជាពិសេស ការបន្តធ្វើកិច្ចសម្រួលពាណិជ្ជកម្មនិងធុរកិច្ច ការលើកកម្ពស់ភាពជាដៃគូ និងកិច្ចសន្ទនា និងការពង្រឹងការប្រកួតប្រជែងនិងបរិយាកាសធុរកិច្ចស្មើភាព។

ក្រុមហ៊ុន Unilever Cambodia Limited ជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៃក្រុមហ៊ុនUnilever របស់ចក្រភពអង់គ្លេស ដែលមានទីស្នាក់ការកណ្តាលនៅចក្រភពអង់គ្លេស និងមានអាយុកាលជាង១០០ឆ្នាំមកហើយ ដោយកំពុងប្រតិបត្តិការអាជីវកម្ម ក្នុងប្រទេសចំនួនជាង១៩០ ជាមួយម៉ាកយីហោល្បីៗ សរុបចំនួនប្រមាណ៤០០ និងមានរោងចក្រចំនួន២៥០កំពុងដំណើរការ ដែលបានបង្កើតការងារជូនប្រជាជនចំនួនប្រមាណ៣,៤លានកន្លែងនៅទូទាំងពិភពលោក​៕

LEAVE A REPLY

Please enter your comment!
Please enter your name here