ដោយៈ ចំណាន
ភ្នំពេញៈ គណៈកម្មាធិការប្រកួតប្រជែងកម្ពុជា (CCC) និងគណៈកម្មាធិការប្រកួតប្រជែងហុងកុង(HKCC) ចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) លើការអនុវត្តគោលនយោបាយ និងច្បាប់ស្តីពីការប្រកួតប្រជែង។
ពិធីចុះហត្ថលេខាបានធ្វើឡើងកាលពីថ្ងៃទី១២ វិច្ឆិកានេះ ធ្វើឡើងរវាងលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា និងលោកSamuel Chan ប្រធានគណៈកម្មាធិការប្រកួតប្រជែង នៃតំបន់រដ្ឋបាលពិសេសហុងកុង (HKCC) នៃសាធារណរដ្ឋប្រជាមានិតចិន។
អនុស្សរណៈនៃការយោគយល់គ្នា រវាងភាគីទាំងពីរ គឺជាការបង្កើតក្របខ័ណ្ឌផ្លូវការ សម្រាប់កិច្ចសហប្រតិបត្តិការ រវាងគណៈកម្មាធិការទាំងពីរ ដោយផ្តោតលើការផ្លាស់ប្តូរព័ត៌មាន កិច្ចសហការលើការងារបច្ចេកទេស និងការកសាងសមត្ថភាពមន្ត្រី ដើម្បីពង្រឹងការអនុវត្តច្បាប់ស្តីពីការប្រកួតប្រជែង ប្រកបដោយប្រសិទ្ធភាពនៅក្នុងដែនសមត្ថកិច្ចនៃភាគីទាំងពីរ។
ថ្លែងក្នុងសុន្ទរកថាបើក លោកជំទាវរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារៈសំខាន់ នៃកិច្ចសហការការចែករំលែកចំណេះដឹង និងការគាំទ្រគ្នាទៅវិញទៅមក ក្នុងចំណោមស្ថាប័នប្រកួតប្រជែង។ ក្នុងនោះផងដែរ អនុស្សរណៈនៃការយោគយល់គ្នានេះ ជាចក្ខុវិស័យ និងការប្តេជ្ញាចិត្តយ៉ាងមុះមុត ក្នុងគោលដៅពង្រឹងសមត្ថភាពស្ថាប័ន និងស្របតាមឧត្តមានុវត្តល្អៗរបស់អន្តរជាតិ។
លោកជំទាវបញ្ជាក់ថា “ពុំមានអាជ្ញាធរ ឬស្ថាប័នប្រកួតប្រជែងណា ដែលអាចសម្រេចបានជោគជ័យបាន ដោយពុំមានកិច្ចសហការរវាងគ្នានឹងគ្នាឡើយ”។
លោកជំទាវរដ្ឋមន្ត្រីបន្តថា ភាពជាដៃគូសហការនេះ នឹងជួយពង្រឹងកិច្ចសហប្រតិបត្តិការ លើកកម្ពស់ភាពស៊ីសង្វាក់គ្នា ក្នុងការអនុវត្តច្បាប់ និងជួយឱ្យស្ថាប័នទាំងពីរ ជៀសវាងពីសកម្មភាពត្រួតស៊ីគ្នាក្នុងករណីបទល្មើសឆ្លងដែន។
លោកជំទាវរដ្ឋមន្ត្រី ក៏បានកត់សម្គាល់ផងដែរថា ការប្រកួតប្រជែងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព តាមរយៈការជំរុញការច្នៃប្រឌិត ប្រសិទ្ធភាព និងសុខុមាលភាពសម្រាប់អ្នកប្រើប្រាស់។
លោកជំទាវរដ្ឋមន្ត្រីបានបង្ហាញសុទិដ្ឋិនិយមថា កិច្ចសហការនេះ នឹងដើរតួជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់កិច្ចសហប្រតិបត្តិការយូរអង្វែងរវាងកម្ពុជា និងហុងកុង ជំរុញការប្រកួតប្រជែងដោយយុត្តិធម៌និងស្មើរភាព និងរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែង ជាសកលកាន់តែទូលំទូលាយ ក្នុងការលើកកម្ពស់ទីផ្សារសេរី និងមានតម្លាភាព៕








