ដោយ: សហសេវិក
អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាសុីបានងើបឡើងថ្លៃក្នុងការជួញដូរនៅថ្ងៃអង្គារនេះ ដោយសារសុទិដ្ឋិនិយមចំពោះភាគហ៊ុនរបស់បណ្តាក្រុមហ៊ុនបច្ចេកវិទ្យា ដែលវិនិយោគលើបញ្ញាសិប្បនិម្មិត(AI) និងក្តីសង្ឃឹមថា វិបត្តិ Shutdowns របស់រដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងបញ្ចប់ក្នុងសប្តាហ៍នេះ។
នៅថ្ងៃចន្ទ(ម៉ោងនៅអាមេរិក) ភាគហ៊ុនរបស់ក្រុមហ៊ុនបន្ទះឈីប Nvidia បានស្ទុះងើបឡើង៥,៨ភាគរយ។ ភាគហ៊ុនរបស់ក្រុមហ៊ុន Alphabet ដែលជាក្រុមហ៊ុនមេរបស់ Google បានស្ទុះងើបឡើង៤ភាគរយ ខណៈភាគហ៊ុនរបស់ក្រុមហ៊ុន Microsoft បានស្ទុះងើបឡើង១,៩ភាគរយ។
តាមរយៈការជួញដូរនៅលើទីផ្សារ សន្ទស្សន៍ផ្សារហ៊ុននៅតំបន់អាស៊ីរបស់ក្រុមហ៊ុនអាមេរិក MSCI នៅខាងក្រៅប្រទេសជប៉ុនបានងើបឡើងថ្លៃចំនួន០,០៦ភាគរយ គិតត្រឹមម៉ោង១០:៤០នាទី។
ជាមួយគ្នានេះ សន្ទស្សន៍ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ០,៤៣ភាគរយ ខណៈផ្សារហ៊ុន Topix បានងើបឡើងថ្លៃ០,១៧ភាគរយ។ ចំណែក សន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានធ្លាក់ថ្លៃចុះ០,៣៩ភាគរយ។
ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីប CSI300 របស់ប្រទេសចិនបានធ្លាក់ថ្លៃចុះ០,៦៧ភាគរយ ខណៈសន្ទស្សន៍ផ្សារហ៊ុនក្រុងសៀងហៃ Shanghai Composite បានធ្លាក់ថ្លៃចុះ០,៣៨ភាគរយ។
ចំណែក ផ្សារហ៊ុន S&P /ASX 200 របស់ប្រទេសអូស្ត្រាលីបានធ្លាក់ថ្លៃចុះ០,១៤ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានងើបឡើងថ្លៃ១,៤២ភាគរយ៕







