ដោយៈ ម៉ាណា
ក្រុងឡូងដ៏ៈ រដ្ឋមន្រ្តីទេសចរណ៍កម្ពុជា និងអង់គ្លេសបានជជែកពិភាក្សាគ្នា ក្នុងន័យជម្រុញកំណើនភ្ញៀវទេសចរណ៍ និងការតភ្ជាប់រវាងប្រទេសទាំងពីរកាន់តែជិតស្និទ្ឋ។
ជំនួបនេះធ្វើឡើងនាឱកាស លោកហួត ហាក់រដ្ឋមន្រ្តីក្រសូងទេសចរណ៍ ដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ និងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) ចូលរួមពិព័រណ៍ទេសចរណ៍ពិភពលោក (World Travel Market) នៅទីក្រុងឡុងដ៏ ចក្រភពអង់គ្លេស។
ក្នុងឱកាសនោះ លោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារជាមួយលោកជំទាវ Stephanie Peacock រដ្ឋមន្រ្តីកីឡា ទេសចរណ៍ សង្គមស៊ីវិល និងយុវជននៃចក្រភពអង់គ្លេស អំពីកិច្ចសហប្រតិបត្តិលើវិស័យទេសចរណ៍រវាងកម្ពុជា និងចក្រភពអង់គ្លេស។
ក្នុងឱកាសនៃជំនួបប្រកបដោយផ្លែផ្លានេះ ព្រះរាជាណាចក្រកម្ពុជា និងចក្រភពអង់គ្លេស ឯកភាពក្នុងការបង្កើនកិច្ចសហប្រតិបត្តិការទេសចរណ៍ និងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ ដើម្បីជំរុញកំណើនភ្ញៀវទេសចរ រវាងប្រទេសទាំងពីរ ឱ្យកាន់តែច្រើនឡើងបន្ថែមទៀត។
ជាមួយឱកាសពិសេសនេះ លោកហួត ហាក់ បានអញ្ជើញលោកជំទាវមកទស្សនកិច្ចនៅកម្ពុជា ដើម្បីជ្រាបពីសភាពការណ៍ពិត កត្តាសុខសន្តិភាព សុវត្ថិភាពទេសចរណ៍ សក្តានុពលទេសចរណ៍កម្ពុជាដ៏សំបូរបែប ពិសេសប្រាសាទអង្គរវត្ត ដែលជាបេតិកភណ្ឌពិភពលោក និងអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាប់ចំណាត់ថ្នាក់ទី៩ ក្នុងពិភពលោក និងបានរៀបចំប្លង់ស្ថាបត្យកម្មដោយស្ថាបត្យករអង់គ្លេស។
ជាការឆ្លើយតប លោកជំទាវរដ្ឋមន្រ្តី បានឯកភាពនឹងអញ្ជើញមកទស្សនាកិច្ចនៅកម្ពុជានាពេលសមស្របណាមួយ៕









