ដោយ: សហសេវិក
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះក្នុងការជួញដូរនៅថ្ងៃអង្គារនេះ ដោយសារផែនការរបស់អង្គការនៃបណ្តាប្រទេសនាំចេញប្រេង (OPEC) ក្នុងការបង្កើនការផលិតប្រេងឆៅ ទប់នឹងសុទិដ្ឋិនិយមចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងប្រទេសចិន។
ទីភ្នាក់ងារសារព័ត៌មាន Reuters បានដកស្រង់ប្រភពចំនួន៤ មករាយការណ៍ថា អង្គការនៃបណ្តាប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្តរួមទាំងរុស្សុី (OPEC+) គ្រោងបង្កើនការផលិតប្រេងឆៅបន្ថែមទៀតនៅខែធ្នូខាងមុខ ទោះបីជាមានការព្រួយបារម្ភពីការផ្គត់ផ្គង់ថាមពលលើសតម្រូវការយ៉ាងណាក្តី។
តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ៤សេនមកនៅត្រឹម៦៥,៥៨ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0106 GMT ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate បានធ្លាក់ចុះ៩សេនមកនៅត្រឹម៦១,២២ដុល្លារក្នុងមួយបារ៉ែល៕







