ដោយៈ និស្ស័យ
ភ្នំពេញៈ ក្រសូងទេសចរណ៍ សហការជាមួយសភាពាណិជ្ជកម្ម និងស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា បានប្រារពកម្មវិធី”Deepavali Celebration 2025″ ដែលវាជាព្រឹត្តិការណ៍ជំរុញ និងទាក់ទាញទេសចរណ៍មកកម្ពុជាបន្ថែមទៀត។
ពិធីប្រារពធ្វើកាលពីចុងសប្តាហ៍មុននេះ មានការអញ្ជើញចូលរួមពីលោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងថ្លែងសុន្ទរកថា អបអរសាទរក្នុងពិធីបុណ្យ Deepavali Celebration 2025 ដែលរៀបចំដោយសភាពាណិជ្ជកម្មម៉ាឡេស៊ីនៅកម្ពុជា (Malaysia Business Chamber in Cambodia) ដោយមានការចូលរួមពីសំណាក់លោក Shaharuddin Bin Onn ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំកម្ពុជា លោកPengiran Kasmirhan Bin Pengiran Haji Tahir ឯកអគ្គរដ្ឋទូតប៊្រុយណេដារូសាឡឹមប្រចាំកម្ពុជា និងមន្រ្តីពាក់ព័ន្ឋ។
ថ្លែងក្នុងឱកាសនៃពិធីដ៏មានសារៈសំខាន់ ក្នុងទំនៀមទំលាប់ប្រពៃណីហិណ្ឌូនេះ លោករដ្ឋមន្រ្តីបានកោតសរសើរ និងថ្លែងអំណរគុណចំពោះស្ថានទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា និងសភាពាណិជ្ជកម្មម៉ាឡេស៊ីនៅកម្ពុជាចំពោះគំនិតផ្តួចផ្តើមនេះ។
ទន្ទឹមនឹងនេះដែរ លោករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ការប្រារព្ធពិធីនេះនៅកម្ពុជា មិនត្រឹមតែនឹងបង្ហាញពីប្រពៃណី វប្បធម៌ដ៏សម្បូរបែប និងសារៈសំខាន់ផ្នែកទំនៀមទំលាប់ នៃពិធីបុណ្យDeepavali នេះប៉ុណ្ណោះទេ ប៉ុន្តែវាបានជួយឱ្យមានការយល់ដឹង និងពង្រឹងមិត្តភាព វប្បធម៌ក្នុងតំបន់ ជាពិសេសរវាងប្រទេសម៉ាឡេស៊ី និងកម្ពុជាផងដែរ។
តាមរយៈការចែករំលែកប្រពៃណី សិល្បៈ និងតម្លៃនៃពិធីបុណ្យ Deepavali នឹងក្លាយជាស្ពានមួយ ដែលពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ជំរុញទេសចរណ៍ និងការផ្លាស់ប្តូរវប្បធម៌ និងបង្កើនភារតភាព សាមគ្គីភាពទៅវិញទៅមករវាងប្រទេសយើងទាំងពីរ។
លោកហួត ហាក់ ក៏បានបញ្ជាក់ថា“ពិធីបុណ្យ Deepavali នឹងក្លាយជាផលិតផលទេសចរណ៍ ដែលមានតម្លៃបន្ថែម ដែលត្រូវចាត់ទុកថាជាការទាក់ទាញ តាមរដូវកាលដ៏សំខាន់ សម្រាប់ភ្ញៀវទេសចរក្នុងស្រុក និងអន្តរជាតិ សម្រាប់បទពិសោធន៍ធ្វើដំណើរដ៏ពិសេសមួយដែលផ្សារភ្ជាប់នឹងវប្បធម៌ និងពន្លឺ និងសហគមន៍ជនបរទេសនៅកម្ពុជា ដែលពួកគេអាចប្រារព្ធនៅទីនេះ ក្នុងអំឡុងពេលស្នាក់នៅរបស់ពួកគេនៅក្នុងប្រទេសកម្ពុជា។
ទេសចរណ៍Deepavali ប្រាកដជានឹងលើកកម្ពស់ការយល់ដឹង និងអន្តរវប្បធម៌ចំពោះប្រពៃណីហិណ្ឌូ ទេសចរណ៍ប្រកបដោយចីរភាព ដោយលើកទឹកចិត្តដល់សិប្បកម្មក្នុងស្រុក ម្ហូបអាហារ និងការចូលរួមរបស់សហគមន៍ ព្រមទាំងការអភិវឌ្ឍសេដ្ឋកិច្ច តាមរយៈការងារតាមរដូវកាល និងកំណើនអាជីវកម្ម៕











