ដោយៈ និស្ស័យ
ព្រះសីហនុៈ អភិបាលរងខេត្តព្រះសីហនុ លោក ឡុង ឌីម៉ង់ និងលោក ឆាយ សុត្រា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារចម្រុះ សម្រេចផ្អាកដំណើរការផលិតកម្មរបស់ក្រុមហ៊ុនគូប៊ុន (ខេមបូឌា) បាយអថេកណឡជី KUBON (CAMBODIA) BIOTECHNOLOGY CO., LTD. ក្នុងឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ការសម្រេចផ្អាកនេះ ធ្វើឡើងតាមរយៈលិខិតលេខ ៤៨២២/០៦២៥ ប.ស្ថ/អគព ចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ របស់ក្រសួងបរិស្ថាន និងលិខិតលេខ ៤៤៧/២៥ សជណ ចុះថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តព្រះសីហនុ។
លោកអភិបាលរងខេត្ត បានបញ្ជាក់ ថាក្រុមហ៊ុនគូប៊ុន (ខេមបូឌា) បាយអថេកណឡជី ជាក្រុមហ៊ុនកែច្នៃស្បែកសត្វ នៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលរោងចក្ររបស់ក្រុមហ៊ុននេះ បានបំពុលបរិស្ថាន ធ្វើឱ្យប៉ះពាល់ដល់ជីវចម្រុះជុំវិញតំបន់។ កន្លងមកក្រសួងបរិស្ថាន និងរដ្ឋបាលខេត្ត ធ្លាប់បានធ្វើការណែនាំឱ្យកែតម្រូវ និងធ្វើការផាកពិន័យជាច្រើនលើកច្រើនសាមកហើយ តែក្រុមហ៊ុននៅមិនមានការកែតម្រូវ។
ដូច្នេះ ការផ្អាកដំណើរការផលិតកម្មរោងចក្រនេះ គឺដើម្បីបញ្ឈប់នូវរាល់សកម្មភាព ដែលអាចឈានទៅដល់ការបំពុលបរិស្ថាន បន្ថែមទៀត ហើយសង្វាក់ផលិតកម្មទាំងមូល នឹងត្រូវផ្អាករហូតដល់មានការកែតម្រូវឱ្យស្របតាមស្តង់ដារបច្ចេកទេស។
ក្នុងបេសកកម្មនេះ តំណាងក្រុមហ៊ុនបានចូលរួមអនុវត្តតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត ដើម្បីរៀបចំស្តារប្រព័ន្ធលូ និងអាងប្រព្រឹត្តកម្មឱ្យស្រប ទៅតាមបទដ្ឋានបច្ចេកទេស របស់ក្រសួងបរិស្ថាន មុននឹងស្នើសុំបើកដំណើរផលិតកម្មឡើងវិញ៕










