ដោយ៖ លក្ខិណា
ភ្នំពេញ៖ ខេត្តកំពតជាតំបន់មួយមានសក្ដានុពលក្នុងការអភិវឌ្ឍលំនៅឋានលំហែកាយដែលជា ផ្នែកមួយថ្មីនៅក្នុងប្រទេសកម្ពុជា ខណៈបច្ចុប្បន្ន លំនៅឋានលំហែកាយនៅក្នុងខេត្តមួយនេះកំពុងចាប់ផ្ដើមរីកសាយនៅជាបន្តបន្ទាប់ដែលជាឱកាសសម្រាប់អ្នកមានលុយក្នុងការទិញដីទុក អភិវឌ្ឍន៍ឬលក់បន្តទៅកាន់អ្នកអភិវឌ្ឍន៍លំនៅឋានលំហែកាយ។
បើតាមលោកកែវ សុជាតិ ប្រធានក្រុមហ៊ុន KW Cambodia ប្រចាំខេត្តកំពតបានឱ្យដឹងនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០នេះថា ដោយសារតែកំពតជាតំបន់ទេសចរណ៍ដ៏មានសក្ដានុពលមួយប្រចាំប្រទេសកម្ពុជា ប្រជាពលរដ្ឋតែងតែចង់ទៅសម្រាកលំហែនៅក្នុងខេត្តមួយនេះ ព្រោះវាមានភ្នំ មានជ្រោះ និងមានសមុទ្រ ជាពិសេសនោះ គឺខ្យល់អាកាសបរិសុទ្ធ ដែលអាចឱ្យភ្ញៀវសម្រាកបានស្រួលពេលទំនេរ ពីការងារ និងការរកស៊ីរបស់ពួកគាត់។
លោកបន្តថា “ខេត្តកំពតក៏មានសក្ដានុពលទាក់ទាញជាច្រើនសម្រាប់អភិវឌ្ឍន៍វិស័យអចលនវត្ថុផងដែរ ក្នុងនោះ គម្រោងអគារខ្ពស់របស់ក្រុមហ៊ុនថៃប៊ុនរ៉ុង ក៏បាននិងកំពុងបង្ហាញខ្លួននិងអភិវឌ្ឍន៍ជាបន្តបន្ទាប់ ទោះបីជាកម្ពុជាជួបវិបត្តិកូវីដក្ដី។ ក្រៅពីនេះ រដ្ឋាភិបាលក៏បានយកចិត្តទុកដាក់លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងក្នុងខេត្តនិងជុំវិញ ខេត្តដើម្បីសម្រួលដល់ការធ្វើដំណើរតាំងពីភ្នំពេញ ដល់ទីរួមខេត្តកំពត”។
លោកសុខ គែនភ្នាក់ងារអចលនវត្ថុមួយរូបប្រចាំខេត្តកំពតបានឱ្យដឹងផងដែរថា ចាប់តាំងពីដើមឆ្នាំ២០២០មក ក្នុងពេលដែលកម្ពុជាជួបវិបត្តិ អ្នកមានលុយនៅភ្នំពេញបានចុះមកទិញដីនៅខេត្តកំពត ដើម្បីទុក ដោយអ្នកខ្លះ ក៏ទុកសម្រាប់អភិវឌ្ឍន៍ខ្លួនឯង ហើយអ្នកខ្លះក៏លក់បន្តដើម្បីយកចំណេញ សម្រាប់អភិវឌ្ឍន៍អ្វីមួយ ប៉ុន្តែភាគច្រើនអ្នកទិញដីទាំងនោះ គឺសម្រាប់សង់ជាផ្ទះលំហែកាយ ដោយទុកជួលផង និងទុកស្នាក់ពេលខ្លួនទំនេរផង។
លោកបន្តថា ស្ថានភាពវិស័យអចលនវត្ថុនៅក្នុងខេត្តកំពតរយៈពេលប៉ុន្មានខែនេះ គឺនៅថេរមិនធ្លាក់ហើយក៏មិនចុះដែរ តែសម្រាប់ឆ្នាំ២០២១ខាងមុខ ហើយលោកជឿជាក់ថា វានឹងស្ទុះងើបវិញជាក់ជាមិនខាន ដោយសារតែវ៉ាក់សាំងក៏បានរកឃើញនិងកំពុងចាក់ជូនពលរដ្ឋនៅប្រទេសមួយចំនួន។
លោកបានថ្លែងទៀតថា “ក្នុងពេលវិបត្តិ ការទិញលក់នៅតែបន្តចុះទំរាំវ៉ាក់សាំងត្រូវបានចាក់ជូនរួចហើយនោះ ខ្ញុំគិតថា វានឹងមានផលល្អ សម្រាប់វិស័យនេះទាំងនៅខេត្តកពត ក៏ដូចជានៅទូទាំងប្រទេសកម្ពុជាទាំងមូល”៕







