ប្រតិភូជាន់ខ្ពស់ធនាគារកូរ៉េធំមួយលើកឡើងពីបរិយាកាសអំណោយផលក្នុងការវិនិយោគនៅកម្ពុជា

ដោយៈ ចំណាន

ភ្នំពេញៈ លោកLee Hwan Ju ប្រធាននាយកប្រតិបត្តិធនាគារ គូកមីនបានថ្លែងថា កម្ពុជាមានបរិយាកាសវិនិយោគអំណោយផល ដែលបានធ្វើឱ្យម្ចាស់ភាគហ៊ុនរបស់ធនាគារគូកមីន មានទំនុកចិត្ត និងសម្រេចចិត្តពង្រឹងការវិនិយោគ នៅកម្ពុជាថែមទៀត តាមរយៈការបន្តគាំទ្រដល់ ធនាគារខេប៊ី ប្រាសាក់ ម.ក ដែលជាបុត្រសម្ព័ន្ធ។

លោកបានថ្លែងបែបនេះ ក្នុងពេលដែលលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យលោកនិងគណៈប្រតិភូជាន់ខ្ពស់ធនាគារ គូកមីន នៃប្រទេសកូរ៉េខាងត្បូង ដែលជាក្រុមហ៊ុនមេរបស់ធនាគារ ខេប៊ី ប្រាសាក់ ម.ក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងជំនួបនេះ លោកLee បានជម្រាបជូនពីការតាំងចិត្តរបស់លោកក្នុងដំណើរទស្សនកិច្ច មកកម្ពុជានាពេលនេះ និងបានលើកឡើងពីសារៈសំខាន់ នៃការទទួលបានព័ត៌មាន គ្រប់ជ្រុងជ្រោយអំពីសក្តានុពលរបស់កម្ពុជា ដើម្បីបញ្ចៀសការយល់ច្រឡំនានា។

លោកក៏បានមានប្រសាសន៍ពីការតាំងចិត្ត ក្នុងការធ្វើឱ្យការវិនិ​យោ​គក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា ក្លាយជាគំរូមួយ ដើម្បីបង្ហាញដល់វិនិយោគិនកូរ៉េផ្សេងទៀត អំពីបទពិសោធជោគជ័យក្នុងការវិនិយោគនៅកម្ពុជាផងដែរ។

លើសពីនេះ លោកក៏បានបង្ហាញចំណាប់អារម្មណ៍ ពីការរៀបចំបានយ៉ាងល្អ នៃដំណើរការសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (ស.ស.រ) និងបានលើកសសើរអំពីដំណើរដ៏វែងឆ្ងាយនៃប្រវត្តិរូបិយវត្ថុនៅកម្ពុជា។ ក្នុងដំណើរទស្សនកិច្ចនេះ លោកនឹងចុះពិនិត្យស្ថានភាព ប្រតិបត្តិការរបស់ធនាគារខេប៊ី ប្រាសាក់ ម.ក តាមបណ្ដាខេត្តមួយចំនួន ដើម្បីសិក្សាពីសក្តានុពល ក្នុងការពង្រីកផលិត​ផលសេវាហិរញ្ញវត្ថុបន្ថែម។

ជាការឆ្លើយតប លោកជំទាវទេសាភិបាល បានស្វាគមន៍ និងថ្លែងអំណរគុណចំពោះតំណាងភាគទុនិក ធនាគារ គូកមីន នៃប្រទេសកូរ៉េខាងត្បូង ដែលបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពសេដ្ឋកិច្ច និងវិស័យហិរញ្ញវត្ថុកម្ពុជា ជាពិសេសការប្តេជ្ញាបន្តពង្រឹងការវិនិយោគបន្ថែមនៅកម្ពុជា។

លោកជំទាវក៏បានមានប្រសាសន៍ ពីការវិវត្តនៃការរៀបចំវិធានការនានា និងបញ្ជាក់ពីការផ្តល់កិច្ចសហការ សំដៅផ្តល់ភាពអំណោយផលដល់ការធ្វើប្រតិបត្តិការក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា។

នាឱកាសនេះ លោកជំទាវទេសាភិបាល និងលោកប្រធាននាយកប្រតិបត្តិ ក៏បានផ្លាស់ប្តូរទស្សនាទានអំពីស្ថានភាពសេដ្ឋកិច្ច ស្ថិរភាពហិរញ្ញវត្ថុ ការពង្រឹងសន្តិសុខសាយប័រ និងកិច្ចសហការលើការអភិវឌ្ឍប្រព័ន្ធទូទាត់ឆ្លងដែនផងដែរ៕

លោកLee Hwan Ju ប្រធាននាយកប្រតិបត្តិធនាគារ គូកមីន និងលោកជំទាវទេសាភិបាលនៃធនាគារជាតិនៃកម្ពុជា
លោកLee Hwan Ju ប្រធាននាយកប្រតិបត្តិធនាគារ គូកមីន និងលោកជំទាវទេសាភិបាលនៃធនាគារជាតិនៃកម្ពុជា

LEAVE A REPLY

Please enter your comment!
Please enter your name here