រដ្ឋមន្រ្តីកសិកម្មៈកម្ពុជាអាចទទួលផលដំឡូងមីបានជាង១២លានតោនសម្រាប់ ការនាំចេញក្នុងមួយឆ្នាំ

ដោយៈ សាវុធ
ភ្នំពេញ: រដ្ឋមន្រ្តីក្រសួងកសិកម្មបានថ្លែងថា កម្ពុជាអាចទទួលផលដំឡូងមីសរុបប្រមាណជាង១២លានតោន នៅក្នុងមួយឆ្នាំ ខណៈដំឡូងមីជាដំណាំមួយក្នុងចំណោមដំណាំកសិ-ឧស្សាហកម្មសំខាន់ៗរបស់កម្ពុជា ដែលមានសក្តានុពលខ្ពស់សម្រាប់ធ្វើការនាំចេញ។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម។

លោកវេង សាខុនរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានលើកឡើងនៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០នេះថា ក្រៅពីដំណាំស្រូវ ដំឡូងមីគឺជាដំណាំមានសក្តានុពលខ្ពស់មួយក្នុងចំណោមដំណាំកសិ-ឧស្សាហកម្មសំខាន់ៗរបស់កម្ពុជា សម្រាប់ធ្វើការនាំចេញ។

យោងតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកសិកម្មបានបង្ហាញថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដំណាំសេដ្ឋកិច្ចមួយនេះ ត្រូវបានរងការបំផ្លិចបំផ្លាញដោយសារជំងឺម៉ូសាអ៊ិក ដែលបណ្តាលឲ្យទិន្នផលធ្លាក់ចុះគួរឲ្យកត់សម្គាល់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកវេងសាខុនបានឱ្យដឹងថា ដើម្បីរក្សានិរន្តរភាពផលិតកម្មដំណាំដំឡូងមី ប្រជាកសិករ គួរយល់ដឹងអំពីកត្តាជាអាទិភាពសំខាន់ៗ មួយចំនួនដែលអាចជួយបង្កើនទិន្នផលដំឡូងមី មានដូចជាការរៀបចំដី ការប្រើប្រាស់ពូជល្អគ្មានជំងឺ និងមានប្រភពច្បាស់លាស់, ការគ្រប់គ្រងជីជាតិដី និងការគ្រប់គ្រងសមាសភាពចង្រៃ។

លោកបន្តថា ការប្រើប្រាស់ដើមពូជដំឡូងមីមានសុខភាព និងគុណភាពល្អ ផ្តល់ទិន្នផលខ្ពស់ ធន់ទៅនឹងការ ប្រែប្រួលអាកាសធាតុ ធន់ជំងឺ និងសត្វល្អិតចង្រៃ គឺជាកិច្ចការចាំបាច់ និងសំខាន់បំផុតសម្រាប់ប្រជាកសិករ យកទៅអនុវត្តឲ្យបានខ្ជាប់ខ្ជួន ប្រុងប្រយ័ត្នខ្ពស់ សមស្របតាមលក្ខណ:បច្ចេកទេស។

ដើម្បីបង្កើនទិន្នផលប្រាក់ចំណេញ ធានាបាននូវប្រសិទ្ធភាពសេដ្ឋកិច្ច និងជាជំហានៗជំរុញការអភិវឌ្ឍដំណាំកសិ-ឧស្សាហកម្មមួយនេះ ឲ្យមានការរីកចម្រើន ដោយឈរលើគោលការណ៍ “ពូជល្អ កំណើនទិន្នផល និងប្រសិទ្ធភាពសេដ្ឋកិច្ច៕

LEAVE A REPLY

Please enter your comment!
Please enter your name here