ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះក្នុងការជួញដូរនៅព្រឹកថ្ងៃសុក្រនេះ ស្របពេលមានភាពមិនច្បាស់លាស់នៃការផ្គត់ផ្គង់ថាមពលលើពិភពលោក បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានឯកភាពជួបប្រជុំគ្នានៅប្រទេសហុងគ្រី ដើម្បីពិភាក្សាអំពីការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។
លោក ត្រាំ និងលោកពូទីនបានព្រមព្រៀងគ្នាចំពោះការរៀបចំកិច្ចប្រជុំកំពូលមួយទៀតស្តីពីសង្រ្គាមនៅអ៊ុយក្រែន ខណៈទីក្រុងម៉ូស្គូព្រួយបារម្ភចំពោះការគាំទ្រផ្នែកយោធាថ្មីរបស់សហរដ្ឋអាមេរិកសម្រាប់ទីក្រុងកៀវ។ កិច្ចប្រជុំនេះអាចនឹងធ្វើឡើងក្នុងរយៈពេលពីរសប្តាហ៍បន្ទាប់នៅទីក្រុង Budapest។
តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ៨សេនមកនៅត្រឹម៦០,៩៨ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0030 GMT ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate បានធ្លាក់ចុះ៩សេនមកនៅត្រឹម៥៧,៣៧ដុល្លារក្នុងមួយបារ៉ែល៕







