
ដោយៈ ម៉ាណា
ហូជីម៉ិញៈ អ្នកឧកញ៉ា ឡាវ កាង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងដ៏ខ្ពង់ខ្ពង់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានដឹកនាំគណៈប្រតិភូ ចូលរួមក្នុង “វេទិការធុរកិច្ចវៀតណាម-កម្ពុជា ឆ្នាំ២០២៥” នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។
វេទិការធុរកិច្ចនេះ មានការអញ្ជើញចូលរួមពី លោកជំទាវ ង្វៀន ធីថាញ អនុប្រធានរដ្ឋសភា និងជាប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា លោកង្វៀន មីញវូ ឯកអគ្គរដ្ឋទូតវៀតណាម លោកច័ន្ទ សូរិកាន អគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងហូជីមិញ ប្រទេសវៀតណាមនិងមន្រ្តីពាក់ព័ន្ឋ។
វេទិការធុរកិច្ចវៀតណាម-កម្ពុជា ឆ្នាំ២០២៥ រៀបចំឡើងក្នុងគោលបំណង ដើម្បីពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ការទូតសេដ្ឋកិច្ច និងជម្រុញការផ្សារភ្ជាប់សកម្មភាពពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី រវាងវៀតណាម និងកម្ពុជាឱ្យកាន់តែប្រសើរ ឡើងបន្ថែមទៀត។
ក្នុងវេទិការធុរកិច្ចនេះ អ្នកឧកញ៉ា ឡាវ កាង បានថ្លែងថា វេទិកាធុរកិច្ចវៀតណាម-កម្ពុជា ឆ្នាំ២០២៥ រៀបចំឡើងនាពេលនេះ គឺជាកាលានុវត្តភាពដ៏ល្អសម្រាប់ឱ្យធុរជន និង វិនិយោគិន នៃប្រទេសទាំងពីរ ធ្វើការផ្សព្វផ្សាយពី ផលិតផល និងសេវាកម្ម របស់ខ្លួន ហើយក៏ជាឱកាសដ៏ល្អ ដើម្បីឱ្យធុរជន និងវិនិយោគិន បានជួបប្រាស្រ័យ ទាក់ទងគ្នាដោយផ្ទាល់ ដើម្បីសម្រួលដល់ការពិភាក្សារកដៃគូសក្តានុពល ការបណ្តាក់ទុនរួមគ្នា និងកាលានុវត្តភាពទីផ្សារតាមវិស័យនានា។
អ្នកឧកញ៉ាបានបន្តថា កាលពីខែកក្កដា ឆ្នាំ២០២៥កន្លងទៅ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភា ពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ក៏បានដឹកនាំគណៈប្រតិភូធុរកិច្ចជាន់ខ្ពស់ មកកាន់ទីក្រុងហូជីមិញ ប្រទេសវៀតណាម ដើម្បីចូលរួម សន្និសីទបណ្តាញធុរកិច្ចវៀតណាម-កម្ពុជា ដែលមានការចូលរួម ពីធុរជន និងវិនិយោគិនយ៉ាងច្រើននៃប្រទេសទាំងពីរ។
ជាមួយគ្នានេះផងដែរ អ្នកឧកញ៉ា ក៏បានលើកទឹកចិត្តដល់ធុរជន និងវិនិយោគិនវៀតណាម មកវិនិយោគបន្ថែមនៅកម្ពុជា ព្រោះក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជម្រុញកំណែទម្រង់ស៊ីជម្រៅ ដើម្បីកែលម្អបរិយាកាសធុរកិច្ច និងពង្រឹង ភាពប្រកួតប្រជែង ក្នុងទីផ្សារពិភពលោក។
ជាពិសេសរាជរដ្ឋាភិបាលបានដាក់ចេញនូវ កម្មវិធីពិសេសជំរុញការ វិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ដែលមានដូចជា ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី ដែលជាខេត្ត មានសក្តានុពលលើដំណាំកសិកម្ម កសិ-ឧស្សាហកម្ម និងទេសចរណ៍។ កម្មវិធីពិសេសនឹងមានការគាំទ្រលើ៖ ១. វិធានការផ្នែកពន្ធដារ និងពន្ធគយ, ២.ការផ្តល់ហិរញ្ញប្បទានក្រោមអត្រាការប្រាក់សមរម្យ និង ៣.ការជួយកាត់បន្ថយថ្លៃដើមផលិតកម្ម ការសម្រួលនីតិវិធី និងការគាំទ្រសកម្មភាពវិនិយោគឯកជន។ ហើយកម្ពុជា ក៏មានទីផ្សារទូលំទូលាយក្នុងពិភពលោក ក្រោមក្របខណ្ឌនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ពហុភាគី និងទ្វេភាគី រួមមាន កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់(RCEP) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េខាងត្បូង និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួមជាដើម។
ជាមួយគ្នានេះផងដែរ លោកជំទាវ ង្វៀន ធីថាញ អនុប្រធានរដ្ឋសភា និងជាប្រធានសមាគមមិត្តភាព វៀតណាម-កម្ពុជា បានលើកឡើងថា ចំពោះវិស័យវិនិយោគកម្ពុជាគឺជា ទីតាំងសំខាន់មួយក្នុងចំណោមទីតាំងសំខាន់ ដែលមានការវិនិយោគមុនគេ នៅក្នុងយុទ្ធសាស្ត្រវិនិយោគក្រៅប្រទេសរបស់វៀតណាម។
គិតមកទល់ពេលបច្ចុប្បន្ននេះ វៀតណាមមានគម្រោងវិនិយោគជាង២០០នៅកម្ពុជា ដែលស្មើនឹងប្រមាណ១២% នៃដើមទុនវិនិយោគសរុបទៅបរទេស ដែលជាការរួមចំណែកជំរុញកំណើន បង្កើតការងារ និងការអភិវឌ្ឍសេដ្ឋកិច្ច – សង្គមរបស់ប្រទេសជាមិត្ត។
លោកស្រីបន្តថា ជាក់ស្តែងសឱ្យឃើញ ទំហំកិច្ចសហប្រតិបត្តិការវិនិយោគ រវាងប្រទេសទាំងពីរនៅមានកម្រិត បើប្រៀបធៀបនឹងសក្តានុពលដ៏ធំធេងដែលកំពុងបើកចំហ ជាពិសេសក្នុងវិស័យ សេដ្ឋកិច្ចបៃតង ថាមពលកកើតឡើងវិញ កសិកម្ម បច្ចេកវិទ្យា ទេសចរណ៍ និងពាណិជ្ជកម្ម។
ក្នុងឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ បានកើនឡើងគួរឱ្យកត់សម្គាល់ ដោយមានទំហំទឹកប្រាក់សរុប១០.៩ប៊ីលានដុល្លារ កើនឡើង៥៣.៣៤% បើធៀបទៅនឹងឆ្នាំមុន ហើយគោលដៅសម្រាប់ឆ្នាំ២០២៥នេះ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីររំពឹងថានឹងឈានទៅដល់២០ប៊ីលានដុល្លារ៕







