ក្រុមហ៊ុនអាកាសចរណ៍Saudia Airlineនឹងធ្វើការហោះហើរ មកកាន់កម្ពុជា

ដោយៈ ម៉ាណា

    ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកហួត ហាក់ បានអនុញ្ញាតជូនលោកស្រី Sarah Lotfi Lajam ជា Group Managing Director (Singapore, Malaysia and Thailand) របស់ក្រុមហ៊ុនអាកាសចរណ៍អារ៉ាប៊ីសាអូឌីត (Saudia Airlines ) និងសហការី ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ ព្រមទាំងផ្លាស់ប្តូរយោបល់ពី ការពង្រឹងកិច្ចសហការតភ្ជាប់ទេសចរណ៍រវាងកម្ពុជា និងអារ៉ាប៊ីសាអូឌីតរបស់ក្រុមហ៊ុន។

ក្នុងជំនួបកាលពីថ្ងៃទី១០ តុលា លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណ កោតសរសើរ វាយតម្លៃខ្ពស់ដល់ក្រុមហ៊ុនដែលបានមើលឃើញពី សក្តានុពលទេសចរណ៍ដ៏ខ្លាំងក្លាដែលជាទីផ្សារទើបនឹងរះ វត្តមានរបស់អាកាសយានដ្ឋានអន្តរជាតិតេជោកម្រិត4F និងការជឿជាក់លើការដឹកនាំ ប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយបានដាក់ចេញនូវគម្រោងផែនការ ពង្រីកអាជីវកម្មរបស់ខ្លួនក្នុងតំបន់ និងក្នុងប្រទេសកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទន្ទឹមនេះ លោករដ្ឋមន្រ្តី បានគូសរំលេចជូនក្រុមហ៊ុនពីកិច្ចសហការគាំទ្រ របស់ក្រសួងទេសចរណ៍ ក្នុងការទទួលស្វាគមន៍ដំណើរ Famtrip ដែលរៀបចំដោយក្រុមហ៊ុនមកកម្ពុជា។

តាមរយៈវត្តមានរបស់ក្រុមហ៊ុន អាកាសចរណ៍អន្តរជាតិ (Saudia Airlines) ដ៏ធំមួយនេះដែលបានដឹកជញ្ជូនអ្នកដំណើរជាង៣៥លាននាក់ ទៅកាន់គោលដៅចំនួន១៤៨ ក្នុងប្រទេសចំនួន១៤០ ទាំងទ្វីបអ៊ឺរ៉ុប អាស៊ី អូសេអានី អាហ្រ្វិក និងអាមេរិក ពិតជាជួយឱ្យមានកំណើនអ្នកដំណើរ និងភ្ញៀវទេសចរអន្តរជាតិមកកម្ពុជាកាន់តែច្រើនឡើងបន្ថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here