ដោយៈ ម៉ាណា
ភ្នំពេញៈ រដ្ឋលេខាធិការប្រចាំការក្រសួងវប្បធ៌ម និងវិចិត្រសិល្បៈ បានអញ្ជើញ បើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពី សេដ្ឋកិច្ចក្រៅប្រព័ន្ធនិងសហគ្រាសធុនមីក្រូ តូចនិងមធ្យម។
សិក្ខាសាលានេះ មានការចូលរួមពីមន្រ្តីបង្គោលរបស់អង្គភាពក្រោមឱវាទក្រសួងដែលពាក់ព័ន្ធ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈរាជធានី-ខេត្តទាំង២៥ និងដៃគូ ក្នុងវិស័យសិល្បៈវប្បធម៌ ជាច្រើនរូប។ សិក្ខាសាលានេះរៀបចំឡើង ក្នុងគោលបំណងធ្វើបច្ចុប្បន្ន និងពិនិត្យតាមដាន ការអនុវត្តយុទ្ធសាស្រ្តជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨ ជាពិសេសយន្តការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមថ្នាលឌីជីថលរបស់រាជរដ្ឋាភិបាល។
តាមរយៈសិក្ខាសាលាពិគ្រោះយោបល់នេះដែរ ក្រសួងនឹងរៀបចំជំនួបរវាងដៃគូក្នុងវិស័យសិល្បៈវប្បធម៌ និងអ្នកពាក់ព័ន្ធដើម្បីផ្សព្វផ្សាយអំពីផែនការយុទ្ធសាស្រ្ត អភិវឌ្ឍសហគ្រាសធុនមីក្រូ តូចនិងមធ្យម របស់រាជរដ្ឋាភិបាលអណាត្ដិទី៧ និងស្វែងយល់ពីបញ្ហាប្រឈម និងតម្រូវការរបស់ពួកគាត់ ដើម្បីពង្រឹងភាពជាដៃគូ និងប្រមូលទិន្នន័យវិស័យ ទុកជាមូលដ្ឋានក្នុងការរៀបចំគោលនយោបាយ និងផែនការយុទ្ធសាស្រ្តលើកស្ទួយ និងអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសហគ្រាសធុនមីក្រូ តូចនិងមធ្យម វិស័យសិល្បៈវប្បធម៌នៅកម្ពុជា។
សិក្ខាសាលានេះ មានការចូលរួមធ្វើបទបង្ហាញគន្លឹះពីមន្រ្តីជំនាញពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មន្ត្រីជំនាញពីគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធអគ្គនាយកដ្ឋានសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកទេស និងនវានុវត្តន៍ និងគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ៕









