ដោយៈ ម៉ាណា
អាល្លឺម៉ង់ៈ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ លោកសំហេង បូរ៉ា បានជួបពិភាក្សាការងារជាមួយ Dr. Doktor René Vossen នាយកទូទៅនៃអង្គភាព sequa gGmbH និងលោកស្រី Doktor Julia Bellinghausen ប្រធានគម្រោង Import Promotion Desk (IPD)។
កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណង ពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រុមការងារជំរុញការនាំចេញ និងអង្គភាពsequa/IPD ដើម្បីទាញយកការគាំទ្រផ្នែកបច្ចេកទេស សំដៅជំរុញផលិតផលនាំចេញរបស់កម្ពុជា ឱ្យមានសមត្ថភាពប្រកួតប្រជែង និងអនុលោមតាមស្តង់ដារអន្តរជាតិ ព្រមទាំងដើម្បីអភិវឌ្ឍកម្មវិធីជំរុញការនាំចេញនានា និងការពង្រឹងសមត្ថភាពក្រុមហ៊ុន ក្នុងការនាំចេញទៅកាន់ទីផ្សារអឺរ៉ុប ផងដែរ។
បន្ថែមពីនេះ កិច្ចសហការរវាងក្រុមការងារជំរុញការនាំចេញ និង sequa/IPD នឹងបន្តកាន់តែជិតស្និទ្ធ ដើម្បីលើកកម្ពស់ផលិតផលកែច្នៃកសិកម្ម និងអាហារកែច្នៃរបស់កម្ពុជា ឱ្យឈានចូលទីផ្សារអន្តរជាតិ តាមរយៈការពង្រឹងផ្អែកលើគុណភាព ស្តង់ដារ និងភាពច្នៃប្រឌិត។
ក្នុងថ្ងៃនេះដែរ លោករដ្ឋលេខាធិការ ក៏បានបន្តដឹកនាំគណប្រតិភូមកម្ពុជាចូលរួម ក្នុងសន្និសីទស្រូវអន្តរជាតិលើកទី៧ (7th Eurofins ANUGA Rice Conference 2025) ដែលរៀបចំដោយក្រុមហ៊ុន Eurofins Dr. Specht Express Testing & Inspection GmbH នៅសាលពិព័រណ៍ANUGA។
សន្និសីទនេះ បានប្រមូលផ្តុំអ្នកជំនាញ និងតំណាងវិស័យស្រូវអង្ករពីទូទាំងពិភពលោក ដើម្បីពិភាក្សាអំពីឱកាស និងបញ្ហាប្រឈមនៃពាណិជ្ជកម្មស្រូវអង្ករអន្តរជាតិ។
ក្នុងចំណោមវាគ្មិនសំខាន់ៗ ក្នុងសន្និសីទនេះ ក៏មានឧកញ៉ា ឡាយ ឈុនហួរ ប្រធានសហព័ន្ធអង្ករកម្ពុជា បានធ្វើបទបង្ហាញអំពីស្ថានភាពនៃការនាំចេញអង្ករកម្ពុជា និងការអភិវឌ្ឍវិស័យផលិតកម្មស្រូវអង្ករកម្ពុជាផងដែរ៕









