សកម្មភាពសេដ្ឋកិច្ចកម្ពុជាចាប់ផ្ដើមមានពន្លឺឡើងវិញ ក្រោយរដ្ឋាភិបាលប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍ឆ្លងសហគមន៍

ដោយ៖ លក្ខិណា

ភ្នំពេញ ៖ ព្រឹត្តិការណ៍ឆ្លងជាសហគមន៍នៃកូវីដ១៩ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាប្រកាសបិទបញ្ចប់ជាស្ថាពរ បន្ទាប់ករណីវិជ្ជមាននៃជំងឺរាតត្បាតមួយនេះ រកមិនឃើញជាច្រើនថ្ងៃមកនេះ ហើយសកម្មភាពសេដ្ឋកិច្ចក៏រំពឹងថានឹងចាប់ផ្ដើមកក្រើកឡើងវិញជាក់ស្ដែងចរាចរណ៍តាមដងផ្លូវក៏ចាប់ផ្ដើមមមាញឹក ទីតាំងអាជីវកម្មនានា ក៏ត្រូវបានចាប់ផ្ដើមធ្វើដំណើរការឡើងវិញជាមួយសកម្មភាពទិញលក់ឡើងវិញផងដែរ។

លោកសំ សុខនឿនប្រធានសមាគមអចលនទ្រព្យសកលបានមានប្រសាសន៍ថា វិបត្តិសេដ្ឋកិច្ច ដែលកើតឡើងចំពោះសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាពិភពលោកទាំងមូលក្នុងឆ្នាំ២០២០នេះ គឺបណ្ដាលមកពីជំងឺកូវីដ១៩ ហើយនៅពេលជំងឺនេះមានសភាពធូរស្រាល វិបត្តិតាមវិស័យនានា ដែលគាំទ្រដល់សេដ្ឋកិច្ច ក៏នឹងធូរស្រលាទៅតាមនោះដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានបន្តថា ចំពោះវិស័យអចលនទ្រព្យកម្ពុជាក៏ដូចគ្នា គឺវាកើតឡើងមកពីវិបត្តិនៃជំងឺកូវីដ១៩ ហើយនៅពេលកូវីដ១៩ មានភាពធូរស្រាល នោះសកម្មភាពទិញលក់ ក៏អាចនឹងកម្រើកឡើងវិញបន្តិចដែរ។

លោកបានថ្លែងបន្តទៀតថា វិបត្តិកូវី១៩ កើតឡើងគ្រប់ប្រទេសលើពិភពលោក តែសម្រាប់កម្ពុជា ដោយសារតែរដ្ឋាភិបាលគ្រប់គ្រងបានល្អ និងមិនមានអ្នកស្លាប់ ទើបធ្វើឱ្យសកម្មភាពសេដ្ឋកិច្ចនានានៅតែបន្ត ដោយមិនធ្លាក់ចុះទាំងស្រុង ឬស្ងាត់ទាំងស្រុងនោះទេ។ វិស័យអចលនទ្រព្យក៏មានការធ្លាក់ចុះដែរ ហើយធ្លាក់រហូតដល់៥០ភាគរយធៀបនឹងឆ្នាំ ២០២០ និងស្ទើរតែគ្រប់ផ្នែកនៃវិស័យនេះទាំងមូល ។

លោកបានថ្លែងថា “ដោយមានតម្រុយនៃវ៉ាក់សាំងប្រឆាំងកូវីដ១៩ ដែលពិភពលោករកឃើញ និងកំពុងប្រើប្រាស់នៅតាមបណ្ដាប្រទេសមួយចំនួនរួចហើយនោះ យើងក៏សង្ឃឹមថា ឥទ្ធិពលនៃវ៉ាក់សាំងកូវីដ១៩ នឹងស្ដារសេដ្ឋកិច្ចពិភពលោក រួមទាំងកម្ពុជា ឱ្យងើបឡើងវិញនៅឆ្នាំ២០២១ខាងមុខនេះ”។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះបានថ្លែងថា រហូតមកដល់ពេលនេះ មិនទាន់មានពលរដ្ឋណាម្នាក់ស្លាប់នៅក្នុងប្រទេសកម្ពុជា ព្រោះតែជំងឺកូវីដ១៩នោះទេ តែផ្ទុយទៅវិញ កម្ពុជាបានព្យាបាលអ្នកជំងឺកូវីដ១៩រាប់រយនាក់ ជាសះស្បើយ និងបានចាកចេញពីមន្ទីរពេទ្យត្រលប់ទៅជួបជុំគ្រួសារទាំងពលរដ្ឋខ្មែរ និងជនបរទេស។

សម្ដេចតេជោមានប្រសាសន៍បន្តថា រាជរដ្ឋាភិបាលបានត្រៀមថវិការួចរាល់ហើយ ក្នុងការទិញវ៉ាក់សាំងកូវីដមកចាក់ជូនពលរដ្ឋរបស់ខ្លួន ដោយមិនគិតថ្លៃ ហើយជាការចាក់ស្ម័គ្រចិត្តមិនបង្ខំនោះទេ បើពលរដ្ឋណាម្នាក់មិនទុកចិត្តនឹងប្រសិទ្ធភាពនៃវ៉ាក់សាំងនោះ តែត្រូវប្រកាន់ខ្ជាប់នូវការពាក់ម៉ាស់រក្សាគម្លាត និងអនាម័យជានិច្ច៕

LEAVE A REPLY

Please enter your comment!
Please enter your name here